មានមនុស្សជាច្រើនតែងសួរថា តើខ្ញុំគួរវិនិយោគ ឬរកស៊ីអ្វីប្រសិនបើខ្ញុំមាន $5000 ឬ $10,000 ដុល្លារក្នុងដៃ? 5000 ឬមួយម៉ឺនដុល្លារ ពិតជាមិនច្រើនទេសម្រាប់បើកអាជីវកម្មមួយ ប៉ុន្តែក៏មានអាជីវកម្មខ្លះកើតឡើងធំធាត់ដោយមិនចាំបាច់មានដើមទុនរហូតដល់5,000 ដែរ។ សំណួរនេះប្រសិនបើអ្នកយកទៅសួរមនុស្ស៥នាក់ ប្រាកដណាស់ អ្នកនឹងបានទទួល5ចម្លើយខុសៗគ្នា ថាតើគួររកស៊ី ឬទៅបណ្តាក់ទុននៅលើអ្វី។ តើមួយណាជាចម្លើយត្រឹមត្រូវ ?
តាមពិតទៅវាគ្មានចម្លើយខុស ឬក៏ត្រូវនោះទេ! ពីព្រោះថា អ្នកដែលផ្តល់យោបល់ឱ្យអ្នករកស៊ីអ្វី ឬដាក់វិនិយោគទៅលើអ្វី គឺពួកគាត់ឆ្លើយដោយផ្អែកទៅលើបទពិសោធ ចំណេះដឹង និងការយល់ឃើញរបស់ពួកគាត់ផ្ទាល់ ហើយភាគច្រើនគឺមិនទាក់ទងនឹងអ្នកសោះឡើយ ព្រោះថា គាត់មិនមែនជាអ្នក ហើយអ្នកក៏មិនមែនជាគាត់។ ពួកគាត់ ធ្លាប់ចំណេញ ឬឃើញគេចំណេញពីការវិនិយោគនោះ ឬពួកគាត់មានជំនាញផ្នែកនោះ ហើយចូលចិត្តលើរបរនោះដែលធ្វើឱ្យគាត់ទទួលបានផល ហើយមិនប្រាកដថាអ្នកធ្វើតាមគាត់ប្រាប់នោះនឹងទទួលបានផលដូចពួកគាត់ប្រាប់ឡើយ។ ហេតុអ្វី? ព្រោះថា មនុស្សយើងមានភាពខុសប្លែកគ្នា ជំនាញផ្សេងគ្នា ចំណង់ចំណូលចិត្តខុសៗគ្នា ដុងផ្សេងៗគ្នា ។ល។ ដែលកត្តាទាំងនេះជាអ្នកកំណត់ជោគវាសនាអាជីវកម្ម ឬការវិនិយោគ។
[ad id=”5037″]
អានមកដល់ត្រឹមនេះ អ្នកប្រាកដជានៅតែមានចម្ងល់ថាតើគួរវិនិយោគលើអ្វីឱ្យប្រាកដ? ចំពោះខ្ញុំ សម្រាប់អ្នកដែលសួរសំណួរនេះ ប្រាកដណាស់គាត់មិនទាន់ច្បាស់ពីខ្លួនឯង និងមិនទាន់មាន ឬមិនទាន់បានស្វែងរកចំណុចខ្លាំងឬជំនាញរបស់ខ្លួនឯងឃើញនៅឡើយ។ ដូចនេះ អ្នកគួរតែចំណាយលុយទាំងនោះមួយចំនួនដើម្បីវិនិយោគទៅលើខ្លួនឯងសិន វិនិយោគលើចំណេះដឹង និងជំនាញដើម្បីបំប៉នសមត្ថភាព វិនិយោគទៅលើការពង្រីកបណ្តាញទំនាក់ទំនង វិនិយោគទៅលើការដើរចេញក្រៅដើម្បីសម្លឹងមើលឱកាស ហើយព្យាយាមស្វែងយល់ខ្លួនឯងថាតើចូលចិត្តអ្វី ហើយសាកសមនឹងធ្វើអ្វី?
នៅពេលដែលអ្នកដឹងច្បាស់ពីខ្លួនឯង មានសមត្ថភាពគ្រប់គ្រាន់ ដឹងពីពិភពខាងក្រៅ ខ្ញុំគិតថា អ្នកនឹងចាប់ផ្តើមឃើញឱកាស។ ពេលខ្លះនៅពេលឱកាសមកដល់ មិនមានដើមទុន ឬមានតិចតួចក៏អ្នកនៅតែអាចចាប់ផ្តើមអាជីវកម្មមួយបានផងដែរ។
ចូរវិនិយោគលើខ្លួនឯងជាមុនសិន មុននឹងចាប់ផ្តើមវិនិយោគលើអាជីវកម្ម ឬការវិនិយោគ ព្រោះថា នៅពេលដែលដឹងច្រើន ចេះច្រើន អ្នកប្រាកដជាអាចកាត់បន្ថយហានិភ័យ ហើយមានភាពប្រាកដប្រជាជាងមុនសម្រាប់ការចាប់ផ្តើមអាជីកម្ម ឬការវិនិយោគណាមួយ!
[bws_promobar]