សេវាកម្មអតិថិជនគឺជាជំនួយ ឬដំណោះស្រាយដែលផ្តល់ដោយក្រុមហ៊ុនដល់អ្នកដែលទិញឬប្រើប្រាស់ផលិតផលឬសេវាកម្មរបស់ខ្លួន។ ក្នុងនាមជាអ្នកផ្តល់សេវាអតិថិជន ស្ថាប័នរបស់អ្នកពឹងផ្អែកលើអ្នកដើម្បីជំនះឧបសគ្គនិងរកវិធីដើម្បីថែរក្សាអតិថិជននិងធ្វើឲ្យអតិថិជនពេញចិត្ត។ សេវាកម្មអតិថិជនឆ្នើមនាំទៅរកការពេញចិត្តរបស់អតិថិជនហើយវានាំឲ្យអាជីវកម្មរបស់អ្នករីកចម្រើនផងដែរ។
ដូច្នេះតើអ្នកកំណត់និយមន័យសេវាកម្មអតិថិជនឆ្នើមបានយ៉ាងដូចម្តេច? តើអ្នកអាចផ្តល់សេវាកម្មអតិថិជនឆ្នើមបានយ៉ាងដូចម្តេច?
សេវាកម្មអតិថិជនឆ្នើមគឺជាសេវាកម្មដែលផ្តល់លើសពីការរំពឹងទុករបស់អតិថិជន។ ឧទាហរណ៍ ប្រសិនបើអតិថិជនរបស់អ្នករំពឹងថាអ្នកនឹងផ្តល់នូវការបញ្ចុះតម្លៃបន្តិចបន្តួចទៅលើផលិតផលណាមួយដែលគាត់ទិញ ប៉ុន្តែផ្ទុយទៅវិញអ្នកមិនត្រឹមតែផ្តល់ជូនការបញ្ចុះតម្លៃទៅលើផលិតផលនោះទេ អ្នកថែមទាំងផ្តល់ជូនគាត់បន្ថែមនូវកាតសមាជិកទៀតផង។ អ្នកបានផ្តល់ជូនលើសពីអ្វីដែលអតិថិជនគិតទុក ទង្វើបែបបនេះហើយដែលអ្នកកំពុងតែផ្តល់សេវាកម្មឆ្នើមទៅដល់គាត់។ គ្រប់ពេលដែលអ្នកផ្តល់សេវាជូនអតិថិជន អ្នកត្រូវសួរខ្លួនឯង៣សំណួរនេះ៖
១. តើអតិថិជនមិនសប្បាយចិត្តឬមិនពេញចិត្តមែនទេ?
២. តើអតិថិជនទទួលបានអ្វិដែលគេរំពឺងទុកដែរឬទេ?
៣. តើអ្នកបានផ្តល់លើសពីអ្វីដែលអតិថិជនគិតទុកមុនដែរឬទេ?
គិតអំពីសេវាកម្មរបស់អ្នកនិងពីទស្សនៈរបស់អតិថិជនអាចជួយអ្នកក្នុងការរកវិធីកាន់តែច្រើនក្នុងការផ្តល់សេវាកម្មឆ្នើមជូនអតិថិជន។ តើអ្នកធ្លាប់ឆ្ងល់ដែរទេថា ហេតុអ្វីបានជាមនុស្សជាច្រើនប្រឹងប្រែងយ៉ាងខ្លាំងដើម្បីផ្តល់សេវាកម្មឆ្នើម? គឺដោយសារតែពួកគេទទួលបានអ្វីមួយចេញពីវា! ការផ្តល់សេវាកម្មឆ្នើមមិនត្រឹមតែផ្តល់ប្រយោជន៍ដល់អ្នកនោះទេ វាថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតទៅដល់មិត្តរួមការងារនិងដល់ស្ថាប័នរបស់អ្នកទាំងមូលផងដែរ។ បន្ទាប់ពីអ្នកបានផ្តល់សេវាកម្មឆ្នើម, អតិថិជនដែលទទួលបានសេវាកម្មនោះនឹងមានការយោគយល់អ្នកជាងមុន, អ្នកនឹងមានអារម្មណ៍ល្អចំពោះការងាររបស់ខ្លួនផងដែរ។ ការធ្វើបែបនេះនឹងផ្តល់ថាមពលវិជ្ជមានដល់មិត្តរួមការងាររបស់អ្នក លើសពីនេះទៅទៀតស្ថាប័នរបស់អ្នកនឹងអាចបង្កើនប្រាក់ចំណូល, រក្សាអតិថិជន ថែមទាំងមានកេរ្តិ៍ឈ្មោះល្អផងដែរ។ ប៉ុន្តែមុនពេលដែលអ្នកអាចផ្តល់សេវាកម្មឆ្នើមបាន អ្នកត្រូវស្គាល់ពីអតិថិជនរបស់អ្នកនិងតម្រូវការរបស់គេឲ្យច្បាស់ជាមុនសិន។ ព្យាយាមស្វែងយល់ពីប្រភេទអតិថិជនសំខាន់ៗរបស់អ្នក ហើយព្យាយាមយល់ពីតម្រូវការរបស់គេ នោះវានឹងអាចជួយអ្នកផ្តល់សេវាកម្មល្អបំផុតសម្រាប់អតិថិជនម្នាក់ៗ។
ជាការពិតណាស់ មនុស្សមានតម្រូវការនិងការចូលចិត្តផ្សេងៗគ្នា ហើយវាមិនងាយស្រួលនោះទេក្នុងការបំពេញតម្រូវការមនុស្សគ្រប់រូប។ អតិថិជនខ្លះឆាប់ខឹង, អតិថិជនខ្លះទៀតក៏ពិបាកនឹងយល់ ដែលពេលខ្លះអ្នកក៏មានអារម្មណ៍ថាមិនចូលចិត្តការងារនេះ អ្នកក៏មានអារម្មណ៍មិនល្អក្នុងពេលបំពេញការងារ ដូច្នេះហើយដើម្បីជាជំនួយសម្រាប់អ្នកកុំឲ្យមានអារម្មណ៍បែបនេះទៀត អ្នកគួរតែបង្កើតចក្ខុវិស័យសេវាកម្មអតិថិជនសម្រាប់ខ្លួនឯង។ អ្នកគួរសួរខ្លួនឯងថាតើអ្នកចង់ឲ្យអតិថិជនរបស់អ្នកមានអារម្មណ៍បែបណា តើអ្នកចង់ធ្វើអ្វីខ្លះសម្រាប់អតិថិជនរបស់អ្នក។ សាកស្រមៃមើល បើសិនអ្នកជាអ្នកលក់សៀវភៅនិងជាអ្នកប្រឹក្សាអតិថិជនអំពីសៀវភៅ តើអ្នកចង់ផ្តល់អ្វីដល់អតិថិជនរបស់អ្នក? បង្កើតចក្ខុវិស័យមួយសម្រាប់ខ្លួនអ្នកថា ក្នុងនាមជាអ្នកប្រឹក្សាអតិថិជន អ្នកចង់ឲ្យអតិថិជនយល់ច្បាស់ពីសៀវភៅនីមួយៗមុននឹងសម្រេចចិត្តទិញ, អ្នកចង់ឲ្យអតិថិជនរបស់អ្នកមានអារម្មណ៍ថាសៀវភៅដែលគាត់បានទិញសាកសមនឹងអត្តចរឹករបស់គាត់ហើយវាផ្តល់នូវគំនិតមួយចំនួនដែលគាត់អាចយកមកប្រើប្រាស់បាន។ ពេលដែលអ្នកមានចក្ខុវិស័យបែបនេះអ្នកនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីទៅដល់ចក្ខុវិស័យនោះ។ បន្ទាប់ពីអ្នកសម្រេចចក្ខុវិស័យនោះហើយអ្នកនឹងមានអារម្មណ៍ល្អចំពោះខ្លួនឯងនិងការងារដែលខ្លួនកំពុងបំពេញ។ វិធីមួយទៀតនោះ គឺសរសេរសំបុត្រអរគុណខ្លួនឯង ដោយដើរតួរជាអតិថិជន, សាកគិតមើលថាប្រសិនបើមានអតិថិជនណាម្នាក់សរសេរសារអរគុណអ្នកចំពោះសេវាកម្មដ៏ល្អដែលអ្នកបានផ្តល់ឲ្យតើអ្នកនឹងមានអារម្មណ៍បែបណា? នៅពេលដែលអ្នកសេរសេរបែបនេះ វាជាផ្នែកមួយដែលជួយជម្រុញនិងលើកទឹកចិត្តអ្នកក្នុងការបំពេញការងារទោះពេលខ្លះអ្នកប្រឈមនឹងបញ្ហាក៏ដោយ។
សរុបមកទាំងនេះជាវិធីសាស្រ្តមួយចំនួនដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ពីសេវាកម្មអតិថិជនឆ្នើមនិងរបៀបក្នុងការផ្តល់សេវានេះដល់អតិថិជនផងដែរ។