Brand Positioning គឺជាវិធីដែលអ្នកធ្វើឲ្យអតិថិជនចំណាំអត្តសញ្ញាណខ្លួនអ្នក និងបង្កើតទំនាក់ទំនង ដោយភាពជឿជាក់នៅក្នុងចិត្តអតិថិជន។ Positioning ធ្វើឲ្យអ្នកមានប្រៀបលើគូប្រជែង ដោយការឆក់យកបេះដូងរបស់អតិថិជន។ ផលិតផល ដែលលក់នៅលើទីផ្សារ អាចមាន ភាពស្រដៀងឬដូចគ្នា ប៉ុន្តែម៉ាកដែលស្ថិតនៅក្នុងចិត្តរបស់អតិថិជនបាន មិនមានជារឿងដែលងាយផ្លាស់ប្តូរ ដូចជាការកូពីផលិតផលឡើយ។ Positioning អាចមើលឃើញតាមរយៈ ការប្រើប្រាស់ពាក្យពេចន៍ រូបភាពដាក់បង្ហាញ និងការបង្ហាញខ្លួននៅលើហ្វេសប៊ុក។ ខាងក្រោមនេះ គឺជា២ឧទាហរណ៍នៃក្រមហ៊ុនក្រៅប្រទេស ដែលមានម៉ាកសញ្ញារឹងមាំ៖
១ ម៉ាក Tesla
ម៉ាកសញ្ញា Tesla គឺជាម៉ាកសញ្ញានៃផលិតផលអភិជន (Luxury Products) ដែលមានតម្លៃថ្លៃ។ ម៉ាកសញ្ញានេះ មិនប្រកួតលើតម្លៃទេ ប៉ុន្តែផ្តោតលើគុណភាពរបស់រថយន្ត។ រថយន្ត Tesla មានរូបរាងស្ពត ហើយថែមទាំងរត់បានចម្ងាយឆ្ងាយ មិនប៉ះពាល់ដល់បរិស្ថាន និងប្រើប្រាស់អគ្គីសនី។
រថយន្ត Tesla មានភាពខុសគ្នាពីក្រុមហ៊ុនរថយន្តតម្លៃថ្លៃៗដទែទៀត ដែលប្រើប្រាស់ប្រេងឥន្ទនៈ ពីព្រោះរថយន្តនេះប្រើប្រាស់អគ្គីសនីសម្រាប់ដំណើរការ។ ពួកគេឲ្យអតិថិជនចំណាំអំពី អត្តសញ្ញាណខ្លួន និងភាពខុសប្លែកឬភាពពិសេស នៅក្នុងទីផ្សាររថយន្តស្តង់ដារនិងប្រើប្រាស់អគ្គីសនី ដោយ គុណភាពរថយន្តរឹងមាំ និងអាចរត់បានចម្ងាយឆ្ងាយ ជាងរថយន្តអគ្គីសនីដទៃទៀត។
២ ម៉ាក Apple
ម៉ាក Apple គឹជានិមិត្តរូបនៃម៉ាកសញ្ញា ដ៏រឹងមាំមួយដែលស្ទើរគ្រប់គ្នាបានស្គាល់។ ក្រុមហ៊ុន Apple បង្កើតកុំព្យូទ័រស្រស់ស្អាតនិងទំនើប ដែលមិនអាចស្វែងរកបាន នៅក្រុមហ៊ុនកុំព្យូទ័រដទៃទៀត។ ក្រុមហ៊ុន Apple ផ្តោតលើផលិតផលដែលបង្កើតថ្មី ភាពស្រមើស្រមៃ និង ភាពច្នៃប្រឌិត។
ភាពដូចគ្នា រវាងម៉ាក Tesla និង ម៉ាក Apple គឺការមិនបញ្ចូលតម្លៃ ទៅក្នុងការធ្វើវិសាលភាពម៉ាកសញ្ញា ហើយផ្ទុយមកវិញ គឺការផ្តោតលើគុណតម្លៃនៃផលិតផល ដែលអតិថិជនទទួលបាន និងការកសាងទំនាក់ទំនង ដែលពោរពេញ ដោយការជឿជាក់ នៅក្នុងចិត្តអតិថិជន។