ថ្ងៃនេះខ្ញុំចង់នាំ អ្នកទាំងអស់គ្នាមើល លើការសិក្សាអំពីការសម្រេចចិត្តទិញរបស់អតិថិជន។ ក្នុងការសិក្សានេះ គេវិភាគលើ សេដ្ឋកិច្ច ចិត្តសាស្រ្ត និងឥរិយាបថរបស់អតិថិជន (ក្នុងភាសារអង់គ្លេស គេហៅថា Behavioral Economics) ។ ការសិក្សានេះ បង្ហាញថា ” អតិថិជន ធ្វើការសម្រេចចិត្តទិញ មិនស្រប ជាមួយសេចក្តីប្រាថ្នា ខាងផ្នែកសេដ្ឋកិច្ច របស់ខ្លួន ដោយសារតែមាន ភាពលំអៀងផ្នែកចិត្តសាស្រ្ត “។ អតិថិជន ត្រូវបានជះឥទ្ធិពលខ្លាំង ដោយអារម្មណ៍ និងបរិស្ថានជុំវិញខ្លួន ហើយនិងជម្រើសដែលបានបង្ហាញដល់ពួកគេ។
១ ចិត្ត២ប្រភេទ
ឥរិយាបថរបស់យើង ត្រូវបានគ្រប់គ្រងដោយចិត្ត២ប្រភេទ។ យើងឲ្យឈ្មោះចិត្តទី ១ ជា “អ្នកធ្វើ” ដែលជាផ្នែកនៃចិត្តរបស់យើង ដែលខ្វល់ខ្វាយអំពី ការពេញចិត្តភ្លាមៗ។ រីឯចិត្តទី២ ត្រូវបានឲ្យឈ្មោះថា ជា “អ្នករៀបចំផែកការ” ដែលខ្វល់ខ្វាយអំពី និងមើលឃើញបានឆ្ងាយៗទៅក្នុងអនាគត ។ ចំណាប់អារម្មណ៍របស់ចិត្ត ទាំង២នេះ មិនស្របគ្នា គ្រប់ពេលទេ ( ឧទាហរណ៍ យើងទិញរបស់ដែលយើងមិនត្រូវការជាដើម)។ នៅពេលស្វែងរក ផលិតផលមួយ ចិត្តរបស់គ្រប់គ្រងដោយ “អ្នករៀបចំផែកការ” ដែលផ្តោតលើការពិចារណា ថ្លឹងថ្លែងរវាងតម្លៃ និងអត្ថប្រយោជន៍។ ផ្ទុយមកវិញ ពេលយើងទិញ ចិត្តរបស់យើងគ្រប់គ្រងដោយ “អ្នកធ្វើ” ដែលចង់ចំណាយលុយនិងទិញភ្លាមៗ។
២ ឥទ្ធិពលពីស្ថានភាពជុំវិញខ្លួន
សតិរបស់យើង ងាយនឹងទទួលរងឥទ្ធិពល ពីអនុសតិ។ ការស្រាវជ្រាវ បានបង្ហាញថា ៤០% នៃអតិថិជន ផ្លាស់ប្តូរចិត្តនៅពេលទិញ ពីព្រោះតែអ្វី ដែលពួកគេបានឃើញ ដឹង និងធ្វើ ( Dhar, 2012)។ ការស្រាវជ្រាវមួយបានធ្វើឡើងក្នុងផ្សារទំនើប ទៅលើការជ្រើសរើសរបស់អតិថិជន លើប្រភេទស្រាក្រហមបារាំងនិងអាលឺ្លម៉ង់។ លទ្ធផលបានបង្ហាញថា ស្រាក្រហមបារាំង លក់ដាច់ជាង ស្រាអាល្លឺម៉ង់ នៅពេលបទចម្រៀងបារាំងត្រូវបានចាក់នៅក្នុងផ្សារ ផ្ទុយមកវិញស្រាក្រហមអាល្លឺម៉ង់ លក់ដាច់ជាង បើគេចាក់បទចម្រៀងអាល្លឺម៉ង់។ ទោះបីជាយ៉ាងណាក៏ដោយ អតិថិជនភាគច្រើន មិនព្រមទទួលស្គាល់ថា បទចម្រៀង មានឥទ្ធិពលលើ ការជ្រើសរើសស្រារបស់ពួកគេឡើយ (North, et al., 1999) ។
៣ ធ្វើតាមគ្នា
ពួកយើងតែងតែមើល អ្នកជុំវិញខ្លួន ដូចជាមិត្តភក្រ្ត និងក្រុមគ្រួសារជាដើម ( រួមបញ្ចូលទាំងការមើលប្រព័ន្ធបណ្តាញសង្គមដូជា ហ្វេសប៊ុក អ៊ិនស្រ្តាក្រាម ឡាញ ជាដើម) ដើម្បីប្រាកដចិត្តថា ពួកយើងជ្រើសរើសត្រូវ។ គោលការណ៍នេះ ត្រូវបានយកមកអនុវត្ត ដោយក្រុមហ៊ុនផ្សព្វផ្សាយ លើការរៀបរាប់ផលិតផលឬសេវាកម្ម “ ៩០% នៃទន្តពេទ្យបានណែនាំ…..”។
“ ៩០% នៃទន្តពេទ្យបានណែនាំ…..”
៤ ការហត់នឿយចិត្ត(Mental Fatigue)
បន្ទាប់ពីត្រលប់មកពីធ្វើការងារ ម្នាក់ៗមានអារម្មណ៍ហត់នឿយ និង មិនចង់គិតស្មុគស្មាញច្រើន។ ក្នុងភាសាអង់គ្លេសគេហៅថា ego depletion ហើយវាធ្វើឲ្យបុគ្គលបាត់បង់កម្លាំងចិត្ត និងពេញចិត្តបណ្តោយខ្លួនទៅតាមចំណង់។
៥ ជម្រើសច្រើនពេក
នៅពេលអតិថិជនមានជម្រើសច្រើនពេក ពួកគេអាចនឹងពិបាកសម្រេចចិត្ត និងមិនសប្បាយចិត្ត។