ហេតុផលដែលងាយស្រួលយល់គឺតម្រូវការ និងការផ្គត់ផ្គង់មិនស៊ីគ្នា។ ផលិតផលកម្លាំងពលកម្មមានច្រើននៅក្នុងទីផ្សារ ប៉ុន្តែមិនស៊ីនឹងត្រូវការដែលគេចង់បាន សូម្បីតែតម្រូវការបឋមបំផុត គឺការដាក់ពាក្យធ្វើការក៏អ្នករកការងារមិនទាន់ស្របនឹងតម្រូការផងដែរ។
មានឃើញការផ្សព្វផ្សាយជាច្រើននៅលើបណ្តាញសង្គមអំពីឱកាសការងារ ហើយនៅក្នុងការផ្សព្វផ្សាយមានការរៀបរាប់លម្អិតយ៉ាងណាក៏ដោយអំពីលក្ខខណ្ឌតម្រូវឱ្យបេក្ខជនដាក់ពាក្យធ្វើ ដូចជាផ្ញើរប្រវត្តិរូបសង្ខេបមកកាន់ក្រុមហ៊ុនជាដើម ប៉ុន្តែស្ទើរមួយភាគធំនៃបក្ខេជនទាំងនោះនៅតែសួរសំណួរដែលមានចម្លើយនៅលើការផ្សព្វផ្សាយ ហើយមិនធ្វើការផ្ញើរប្រវត្តិរូបរបស់ខ្លួន តែបែជាគ្រាន់តែដាក់លេខទូរសព្ទរបស់ខ្លួនឯងទៅវិញ។ ខ្ញុំ បានជួបម្ចាស់អាជីវកម្ម និងថ្នាក់ដឹកនាំជាច្រើនដែលរអ៊ូអំពីបញ្ហានេះ រអ៊ូថាពិបាករកមនុស្សមកបំពេញការងារ រអ៊ូថាសូម្បីតែរកបេក្ខជនមកសម្ភាសន៍ក៏ពិបាកដែរ ដោយសារតែអ្នកចង់ធ្វើការភាគច្រើនមិនទាំងចេះរៀបចំដាក់ពាក្យផង តើឱ្យក្រុមហ៊ុនប្រគល់ភារកិច្ច និងទំនួលខុសត្រូវយ៉ាងណា?
អាចទេគេនឹងហៅមកសម្ភាសន៍ដោយគ្រាន់តែដាក់លេខទូរសព្ទ? អាចទេ គេនឹងចាប់អារម្មណ៍ចង់បានមកធ្វើការជាមួយសូម្បីតែជំហានបឋមបំផុត បេក្ខជនមិនអាចធ្វើបានផង? ខ្ញុំគិតថា វាអាចប្រសិនបើការងារនោះគឺជាការងារដែលមិនសមទំនង និងមិនមានអនាគត តែភាគរយស្មើនឹងសូន្យប្រសិនបើនោះជាក្រុមហ៊ុនត្រឹមត្រូវ និងគេចង់បានអ្នកមានសមត្ថភាពមកបំពេញការងារឱ្យគេ។ ដូចនេះ ប្រិសិនបើគ្រាន់តែដាក់លេខទូរសព្ទឱ្យគេ អ្នកនឹងមិនមានឱកាសទទួលបានការងារជារៀងរហូត ព្រោះអ្នកជាមនុស្សចាំឱកាស មិនមែនជាមនុស្សរត់រកឱកាស ហើយឱកាសទាំងនោះ នឹងមិនរត់ទៅរកអ្នកឡើយ ព្រោះថាឱកាសទាំងនោះមិនដឹងថាហុចឱ្យអ្នកដោយវិធីណាដែរ ដោយសារសូម្បីតែឱកាសក៏មិនដឹងថាអ្នកចេះអី ឬចង់ធ្វើអ្វី។ ដូច្នេះ គួរតែរៀនរៀបចំប្រវត្តិរូបសង្ខេបជាមុនសិន ដើម្បីអាចទទួលបានការងារសមរម្យណាមួយដែលសក្តិសមនឹងសមត្ថភាពរបស់អ្នក ព្រោះបើអ្នកគ្រាន់តែឱ្យលេខទូរសព្ទគេ គេនឹងមិនដឹងថាអ្នកចេះអ្វី ឬចង់ធ្វើការអ្វីនោះទេ។