spot_img
spot_img
Homeធុរកិច្ចចំណូល​$500-$1000/ខែ​តើគួររកស៊ីអ្វី?

ចំណូល​$500-$1000/ខែ​តើគួររកស៊ីអ្វី?

-

មានមនុស្សមិនតិច​ទេ​ដែលតែងតែទាក់ទងមកខ្ញុំសួរនាំ​អំពីគំនិតរកស៊ី ដោយសារតែពួកគាត់ចង់រកស៊ី។ អ្នកខ្លះថាគាត់មាន5,000ដុល្លារ ឬមួយម៉ឺនដុល្លារ ឬច្រើនជាងហ្នឹង ហើយ​គាត់ចង់ដឹងថាគួររកស៊ីអ្វីទើបជោគជ័យ ហើយអ្នកដែលមិនមានលុយ​ដុំ តែមានចំណូល​ខ្ទង់​$500-$1,000ក៏គិតចង់រកស៊ី ហើយស្វះស្វែង​រក​ថា​តើគាត់គួរដាក់លើអ្វី បើករបរអ្វីទើបល្អ។

តាមពីទៅមុខរបររកស៊ីគឺមានមិនតិចនោះទេដែលគ្រប់គ្នាអាចចាប់ឱកាសបាន តែមិនមែនមានន័យថា​គ្រប់គ្នា​អាច​ធ្វើបានជោគជ័យនោះទេ។ ការគិតរឿងរកស៊ីគឺជា​រឿងដែលមិនពិបាកនោះទេ តែធ្វើឱ្យវា​រីកចម្រើនទើបជារឿងពិបាក ហើយមួយវិញទៀត ដើមទុនពិតជាសំខាន់​ក្នុងការរកស៊ី តែមិនមែនមានន័យថា មានលុយនឹងធ្វើឱ្យការរកស៊ីមានដំណើរការល្អ និងជោគជ័យនោះទេ។ កុំថាឡើយអ្នកដែលមានចំណូល$500-$1000/ខែឈឺក្បាលខ្វល់ចិត្តមិនដឹងរកស៊ីអី អ្នកមានលុយរាប់សែនមិនតិចទេដែលដូចអ្នក មិនដឹងដាក់ទុនលើអីដូចគ្នា ព្រោះអ្វី?

ប្រសិនបើខ្ញុំមិនបានប្រឡូក​ច្រើន ប្រាកដណាស់ខ្ញុំនឹងមានអារម្មណ៍ថា ការរកស៊ីមានអីពិបាក ឱ្យតែមានលុយ ខ្ញុំធ្វើដឹងតែដើរហើយ ដឹងតែជោគជ័យហើយ ដឹងតែចំណេញហើយ។ តែនៅពេលដែលអ្នក​បានដើរច្រើន ធ្វើច្រើន ជួបអ្នករកស៊ីច្រើនខ្ញុំឃើញ​អ្នកមានលុយមិនតិចទេដែលបើកហាងហើយ មានលុយទប់ទល់ នៅតែត្រូវបិទទ្វារ បរាជ័យ ឯអ្នកខ្លះវិញ មិនសូវមានលុយ ឬមិនមានដើមទុន តែអាចបើក​អាជីវកម្មមួយដែល​រីកចម្រើនឥតឈប់ឈរ។ ហេតុអ្វី?

ការបើករបររកស៊ី​ ចំណុចស្នូលសំខាន់បំផុតមិនមែន​ដើមទុនតែមួយនោះទេ។ ចំណង់ចំណូលចិត្ត បទពិសោធន៍ និងជំនាញដែលអ្នកមានសុទ្ធតែជា​ការកំណត់ជោគវាសនា​អាជីវកម្មរបស់អ្នក។ ហេតុអ្វីបានជាខ្ញុំថា សូម្បីតែអ្នកមានលុយរាប់សែន​ដុល្លារនៅតែមិនដឹងរកស៊ីអ្វី ដាក់លើអ្វីដូចបានលើកឡើងខាងលើ? ព្រោះអ្នកទាំងនោះ គាត់មានបទពិសោធន៍ គាត់ដឹងច្បាស់ថា មិនមែនមានលុយចេះតែដាក់ហើយជោគជ័យនោះទេ គាត់សុទ្ធតែ​ធ្លាប់សាកមុខរបរមិនតិចទេដែលផ្តល់មេរៀនសំខាន់ឱ្យគាត់ គឺថាការស្រឡាញ់ ចំណង់ចំណូលចិត្ត ចំណេះ ជំនាញ ធនធានមនុស្ស គឺសុទ្ធតែ​សំខាន់ណាស់ក្នុងការធ្វើឱ្យអាជីវកម្មមួយជោគជ័យ។

ខ្ញុំឃើញ​មនុស្ស​មិនតិចទេ ដែលបើករកស៊ីតាមគេតាមឯង ដោយសារតែឃើញគេរកបាន តែក៏ត្រូវ​បកក្រោយវិញដោយសារ​មិនអាចធ្វើដូចគេបាន មិនមែនដោយសារគាត់មិនខ្លាំងនោះទេ ព្រោះគាត់​រកស៊ីមិនចំជំនាញ និងក្តីស្រឡាញ់ ហើយប្រសិនបើមិនស្រឡាញ់ហើយ ការតស៊ូគឺមានកម្រិតទាបបំផុត។ ដូចជានៅក្នុងវិស័យ​អចលនទ្រព្យអញ្ចឹង មនុស្សមិនតិចទេសម្រុក​ចូលប្រឡូកក្នុង​វិស័យមួយនេះដោយគិតថា រកលុយបាន ឆាប់ជោគជ័យ តែក្រោយមកក៏ត្រូវឈប់កណ្តាលទីដោយសារតែរបរនេះ​មិនត្រូវ​នឹងខ្លួន ហើយ​ត្រឡប់ទៅរករបរផ្សេងវិញ​ហើយដែលខ្លួនចូលចិត្ត ហើយក៏ទទួលបានជោគជ័យ។

ប្រសិនបើអ្នកមិនដឹង​ថា​គួរចាប់ផ្តើមអាជីវកម្មអ្វី ខ្ញុំគិតថា អ្នកគួរតែ​គិតឡើងវិញ​ ហើយស្វះស្វែងរក​ចំណុចខ្លាំងរបស់អ្នក​ រៀនពីខ្លួនឯងឱ្យបានច្រើន។ ហើយប្រសិន​បើអ្នកមានចំណូលប្រចាំខែ គួរតែ​ចំណាយ​ប្រាក់មួយចំនួន​ដើម្បី​វិនិយោគលើខ្លួនឯង​ដើម្បីពង្រឹងសមត្ថភាព។ ព្រោះថា ប្រសិន​បើអ្នកមិនដឹងថាធ្វើអ្វីផង មានន័យថា អ្នកមិនទាន់ស្គាល់ខ្លួនឯងច្បាស់ មិនដឹងថាខ្លួនខ្លាំងអ្វី ហើយក្នុងស្ថានភាពនេះ ហានិភ័យនឹងមានខ្ពស់ប្រសិនបើអ្នក​ចាប់ផ្តើមអាជីវម្ម។

ពេលខ្លះ អ្នកដែលប្រាប់អ្នក​ឱ្យរកនេះរកនោះ ដោយមិនដឹងពីអ្នកច្បាស់នោះ ភាគច្រើនសុទ្ធតែការប្រើការស្រមើស្រម៉ៃ ហើយពេលខ្លះ​ក៏មិនហ៊ានបើករបរនោះខ្លួនឯងផង។ មានតែខ្លួនអ្នកទេដែលដឹងពីអ្នកច្បាស់ និងជាអ្នកកំណត់ជោគវាសនា​របស់ខ្លួនឯង អ្នកក្រៅគ្រាន់តែជាអ្នកឱ្យយោលប់សម្រាប់អ្នកទុកពិចារណា​ប៉ុណ្ណោះ។ ដូចនេះ មុននឹងចាប់ផ្តើមរកស៊ីអ្វីមួយ ទោះបីជាមានលុយតិចឬលុយច្រើនក៏ដោយ អ្នកត្រូវតែស្គាល់ពីខ្លួនឯង ដឹងពីជំនាញ និងក្តីស្រឡាញ់របស់ខ្លួនឯងជាមុនសិន។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ