ទីផ្សារអាហារ និងភេសជ្ជៈកំពុងតែមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ។ កំណើននៃចំណូល និងជីវភាព បានជម្រុញឱ្យអតិថិជនទូទៅចាប់ផ្តើមផ្តោតហ៊ានចំណាយកាន់តែច្រើនឡើងទៅលើអាហារ និងភេសជ្ជៈបែបថ្មី ហាងដែលល្បីនិងទាន់សម័យ និងតម្លៃខ្ពស់។
ជាក់ស្តែង មុខម្ហូបស៊្ទេក ដែលពីមុនភាគច្រើនគឺផ្តោតសំខាន់ទៅលើអតិថីជនលោកខាងលិច និងអ្នកមានកម្រិតខ្ពស់ ហើយមនុស្សទូទៅមិនសូវស្គាល់បាននឹងកំពុងពេញនិយមពីសំណាក់អតិថិជនទូទៅ។ ក្នុងចំណោមនោះ ស្ទ៊េកបែបប្រេស៊ីលលក្ខណៈអាហាប៊ូហ្វេ កំពុងតែពេញនិយមយ៉ាងខ្លាំង សម្រាប់ការជួបជុំអាហារពេលល្ងាច និងកម្មវិធីជប់លៀងផ្សេងៗ។ វាជាប្រភេទអាហារដែលអតិថិជនអង្គុយនៅតុ ហើយមានអ្នកបម្រើសេវានៅក្នុងភោជនីយដ្ឋានដើររអារសាច់គោអូស្ត្រាលី សាច់ចៀម សាច់ជ្រូក សាច់មាន់ប្រហែលជិត២០ប្រភេទជូនភ្ញៀវនៅតាមតុ។ ជិត១០ឆ្នាំមុន អាហារប្រភេទនេះគឺមានតែ១ ឬ២ ហាងតែប៉ុណ្ណោះ ហើយអ្នកត្រូវមានថវិការមិនក្រោម៥០ដុល្លារទេក្នុងម្នាក់ដើម្បីអាចសោយសុខនូវសាច់ស្ទ៊េកច្រើនប្រភេទ។ តែបច្ចុប្បន្ននេះ អាហារប្រភេទនេះ ចាប់ផ្តើមមានកាន់តែច្រើនកន្លែងទៅៗ និងមានតម្លៃកាន់តែធូរថ្លៃទៅៗ (អាចរកបានក្រោម២០ ទៅ២៥ដុល្លារក្នុងម្នាក់់) ដែលធ្វើឱ្យតម្រូវការចាប់ផ្តើមកម្រើកកាន់តែខ្លាំង។
ជាពិសេស យើងឃើញមានអាហារប្រភេទនេះចាប់ផ្តើមមានវត្តមានកាន់តែច្រើនឡើងនៅក្នុងពីធីជប់លៀងផ្សេងៗដូចជាខួបកំណើត និងឡើងគេហដ្ឋាន ដែលជាជម្រើសថ្មី និងជំនួសឱ្យអាហារបែបលក្ខណៈតុការ ធ្វើឱ្យភ្ញៀវចាប់ផ្តើមប្លែកមាត់ ដែលពីមុនភាគច្រើនឱ្យតែជប់លៀងម្តងៗគឺមានតែម្ហូបប្រហាក់ប្រហែលគ្នា ពីមួយកន្លែងទោមួយកន្លែង។
តើអាហារបែបនេះ និងមានសន្ទុះកម្រិតណា? ហើយអាចឈរជើងជាទីពេញនិយមសម្រាប់អតិថិជនដែលនិយមចូលចិត្តអាហារស្ទេកបានដល់ពេលណា? កុំភ្លេចតាមដានមើលសន្ទុះទីផ្សារទាំងនេះទាំងអស់គ្នា!