ការទិញផ្ទះគឺជាទីប្រាថ្នារបស់មនុស្សគ្រប់រូបដែលចាប់ផ្តើមសាងជីវិតគ្រួសារ ហើយកន្លងមកមានមនុស្សមិនតិចទេដែលតែងតែខ្វាយខ្វល់អំពីថាតើគួរទិញផ្ទះ ឬក៏ត្រូវជួលគេ? ហើយបើទិញផ្ទះ តើគួរទិញយ៉ាងម៉េច តម្លៃប៉ុន្មានទើបស័ក្តិសមសម្រាប់កម្រិតចំណូល? គួរបង់រំលស់សុទ្ធ ឬក៏គួរមានប្រាក់ខ្លះជាមុនសិន?
លោក ង៉ែត ជូ ដែលជាអ្នកជំនាញសេដ្ឋកិច្ចបានលើកពីគោលការណ៍អ្នកជំនាញផ្នែកហិរញ្ញវត្ថុបុគ្គល (Personal Finance Expert) ជារូបមន្ត ៣០/៣០/៣នៅលើបណ្តាញសង្គមរបស់ខ្លួន ដើម្បីឱ្យមនុស្សអាចទិញផ្ទះសំរាប់រស់នៅទៅតាមលទ្ធភាព និងដើម្បីចៀសវាងនូវសំពាធផ្នែកហិរញ្ញវត្ថុដែលមានខ្លឹមសារខាងក្រោមនេះជាមួយនឹងការបកស្រាយរូបមន្ត និងជាឧទាហរណ៍ខ្លីៗដូចទៅ៖
១) គោលការណ៍ទី១៖
ចំនួនប្រាក់បង់រំលស់ប្រចាំខែមិនគួរលើសពី៣០%នៃចំណូលសរុបរបស់គ្រួសារនោះទេ។ ឧទាហរណ៍ ប្រសិនបើពីរនាក់ប្តីប្រពន្ធរកបានចំណូល១៥០០ដុល្លាក្នុង១ខែ ការបង់រំលស់ផ្ទះទាំងប្រាក់ដើម និងការប្រាក់មិនគួរលើសពី៤៥០ដុល្លានោះទេ។
២) គោលការណ៍ទី២៖
បើទោះជាមានគំរោងបុរីជាច្រើនមិនតំរូវឱ្យមានបង់ប្រាក់ដំបូងក៏ដោយ (down payment requirement) អ្នកគួរសន្សំប្រាក់ឱ្យបាន៣០%នៃតម្លៃផ្ទះជាមុនសិនមុននឹងសំរេចចិត្តទិញផ្ទះ។ ឧទាហរណ៍ អ្នកទិញផ្ទះតម្លៃ៦ម៉ឺនដុល្លា អ្នកគួរសន្សំប្រាក់ឱ្យបានយ៉ាងតិច១៨០០០ដុល្លាជាមុនសិន។ ធ្វើដូច្នេះ ជួយឱ្យអ្នកមានលទ្ធភាពបង់រំលស់ទាំងប្រាក់ដើម និងការប្រាក់ប្រចាំខែក្នុងកំរិតទាបតាមគោលការណ៍ទី១។ ម្យ៉ាងអ្នកអាចបង់រំលស់ផ្ទាល់ជាមួយធនាគារដែលជាទូទៅមានអត្រាការប្រាក់ទាបជាងអត្រាការប្រាក់បង់រំលស់ជាមួយម្ចាស់គំរោង (ធនាគារគិតការប្រាក់ចន្លោះ៧%ទៅ៩%ក្នុង១ឆ្នាំ។ រីឯម្ចាស់គំរោងឬបុរីគិតការប្រាក់ចន្លោះ១០%ទៅ១២%ក្នុង១ឆ្នាំ)។ ម្យ៉ាងការបង់រំលស់ជាមួយធនាគារបានផ្តល់សុវត្ថិភាពបណ្ណ័កម្មសិទ្ធិខ្ពស់ជាងការបង់រំលស់ផ្ទាល់ជាមួយម្ចាស់គំរោង។
៣) គោលការណ៍ទី៣៖
តម្លៃផ្ទះដែលអ្នកទិញសំរាប់នៅមិនគួរមានតម្លៃលើសពី៣ដងនៃចំណូលសរុបប្រចាំឆ្នាំរបស់គ្រួសារអ្នកនោះទេ។ ឧទាហរណ៍ គ្រួសារអ្នកមានចំណូល១ខែ១៥០០ដុល្លា ក្នុង១ឆ្នាំគ្រួសារអ្នកមានចំណូល១៨០០០ដុល្លា។ ដូច្នេះផ្ទះដែលអ្នកទិញសំរាប់រស់នៅមិនគួរមានតម្លៃលើសពី៥៤០០០ដុល្លានោះទេ (របៀបគណនា៖ ១៨០០០ដុល្លា គុណនឹង៣)។
ប្រសិនបើអ្នក និងប្តីឬប្រពន្ធរបស់អ្នកគ្រាន់តែជាអ្នកធ្វើការធម្មតា (គ្មានទេពកោសល្យជាសហគ្រិន ឬជាអ្នកវិនិយោគ) ខ្ញុំជូនជាយោបល់ថាអ្នកគួរប្រកាន់យកគោលការណ៍ទាំង៣ខាងលើដើម្បីកុំឱ្យមានសម្ពាធផ្នែកហិរញ្ញវត្ថុ និងអាចសន្សំប្រាក់បានខ្លះយកទៅចូលហ៊ុនវិនិយោគជាមួយអ្នកដទៃដើម្បីបានជាបទពិសោធន៍។ ផ្ទុយទៅវិញ ប្រសិនបើអ្នក និងដៃគូរបស់អ្នកជាមនុស្សមានទេពកោសល្យជាសហគ្រិន ឬជាអ្នកវិនិយោគ អ្នកគួរបង្កើតអាជីវកម្ម ឬវិនិយោគដើម្បីទទួលបានជាប្រាក់ចំណេញសិនមុននឹងសំរេចចិត្តទិញផ្ទះនៅ។ ធ្វើដូច្នេះបើទោះជាមានហានិភ័យខ្ពស់ជាងការអនុវត្តគោលការណ៍ទាំង៣ខាងលើ អ្នកក៏អាចមានលទ្ធភាពទិញផ្ទះបាននៅដោយមិនចំណាយពេលច្រើនដែរប្រសិនបើការធ្វើអាជីវកម្ម ឬការវិនិយោគទទួលបានជោគជ័យ។ ឧទាហរណ៍ជាក់ស្តែង សំរាប់រូបខ្ញុំផ្ទាល់កាលពី១៥ឆ្នាំមុន (ឆ្នាំ២០០៥) ខ្ញុំបានវិនិយោគលើដីនៅជាយក្រុងក្នុងតម្លៃ១០០០០ដុល្លា ៣ឆ្នាំក្រោយ (ឆ្នាំ២០០៨) ខ្ញុំបានលក់ក្នុងតម្លៃជាង៣០០០០ដុល្លា រួចយកលុយទាំងអស់ទៅទិញផ្ទះនៅដោយមិនមានការបង់រំលស់។ តែក្នុងរយៈពេល៣ឆ្នាំផ្ទះក៏ទិញបាននៅ រីឯបំណុលដែលខ្ចីទិញដីជិត១០០០០ដុល្លាក៏សងធនាគារអស់។ ដូច្នេះចំណេញទាំងពេលវេលា ចំណេញទាំងបទពិសោធន៍ក្នុងការវិនិយោគ។ ជំនួសឱ្យការទិញផ្ទះបង់រំលស់ក្នុងរយៈពេលវែង (ឧទាហរណ៍ ១៥ឆ្នាំ) ខ្ញុំបានចំណាយពេលតែ៣ឆ្នាំទេទិញផ្ទះបាននៅហើយ។ ដូច្នេះ ខ្ញុំចំណេញដោយសល់ពេល១២ឆ្នាំទៀតសំរាប់ប្រឡូកក្នុងកិច្ចការវិនិយោគលើដីធ្លី។