spot_img
spot_img
Homeអនុវត្តន៍ដំបូន្មានរបស់លោក លីកាស៊ីង "កុំបណ្ដោយខ្លួនឲ្យដើរជាមួយអ្នកខ្ជិលពេក ព្រោះមិនយូរមិនឆាប់អ្នកប្រាកដជាខ្ជិលតាម! "

ដំបូន្មានរបស់លោក លីកាស៊ីង “កុំបណ្ដោយខ្លួនឲ្យដើរជាមួយអ្នកខ្ជិលពេក ព្រោះមិនយូរមិនឆាប់អ្នកប្រាកដជាខ្ជិលតាម! “

-

លោក លីកាស៊ីង គឺជាមហាសេដ្ឋីដែលមានជាងគេនៅហុងកុង ហើយគាត់ក៏ត្រូវបានគេឲ្យឈ្មោះថា ជាបុរសខ្លាំងបំផុតនៅអាស៊ីផងដែរ។សព្វថ្ងៃនេះលោកមានអាយុ៩២ឆ្នាំ និងមានទ្រព្យសម្បត្តិរហូតដល់ ៣៥.៤ពាន់លានដុល្លារ។ លោក លីកាស៊ីង គាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តក្នុងការសិក្សារៀនសូត្រនូវអ្វីដែលថ្មី ពោលគឺ បើទោះបីជាគាត់មានអាយុច្រើនហើយក៏ដោយ ក៏គាត់នៅតែមានចំណាប់អារម្មណ៍ទៅលើការវិវត្តន៍នៃបច្ចេកវិទ្យានិងការវិនិយោគផ្សេងៗ មិនចាញ់ក្មេងៗប៉ុន្មាននោះទេ។

This image has an empty alt attribute; its file name is image.png

ពេលមួយលោកបាននិយាយគ្នាជាមួយនឹងនិស្សិតនៃសាកលវិទ្យាល័យមួយនៅទីក្រុងហុងកុង ហើយលោកក៏បានផ្ដល់ជាដំបូន្មានទៅដល់សិស្សនិស្សិតទាំងនោះថា “យុវជនគួរតែមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសមិត្តភក្តិឲ្យដើរជាមួយ ចៀសវាងការសេពគប់ជាមួយនឹងមនុស្សដែលខ្ជិល ព្រោះប្រសិនបើយើងនៅតែបន្តដើរជាមួយនឹងមនុស្សបែបនោះ មិនយូរមិនឆាប់យើងប្រាកដជាខ្ជិលដូចជាពួកគេជាមិនខាន”។

ការពិតទៅ មនុស្សខ្ជិលមិនមែនជាមនុស្សអាក្រក់នោះទេ ប៉ុន្តែមនុស្សខ្ជិលអាចជះឥទ្ធិពលអាក្រក់របស់ពួកគេមកដល់យើងបាន។ ដោយសារតែមនុស្សខ្ជិល ពួកគេមិនចូលចិត្តគិតច្រើន មិនចូលចិត្តរៀនច្រើន មិនចូលចិត្តធ្វើការច្រើន មិនចូលចិត្តធ្វើអ្វីដែលថ្មីៗដើម្បីអភិវឌ្ឍខ្លួនឯងអ្វីច្រើននោះទេ  ហើយពួកគេតែងតែបង្កើតទម្លាប់ខ្ជិល ទម្លាប់ដែលរស់ជាមួយនឹងភាពសុខស្រួល ទើបធ្វើឲ្យពួកគេមិនខិតខំប្រឹងប្រែងធ្វើអ្វីដែលជាប្រយោជន៍សម្រាប់ខ្លួនឯងនិងសង្គមជាតិបែបនេះ។ ហើយលទ្ធផលដែលពួកគេនឹងទទួលបាននៅថ្ងៃក្រោយនោះគឺ ភាពលំបាក និងភាពទទេ។

This image has an empty alt attribute; its file name is ty-phu-ly-gia-thanh-2.jpg

នៅពេលដែលយើងនៅក្មេង យើងមានសុខភាពល្អ មានរាងកាយមាំមួន គិតបានរហ័ស និងអាចរៀនអ្វីថ្មីៗបានលឿនជាងមនុស្សចាស់ ដូចនេះហើយយើងគប្បីចំណាយពេលវេលាដ៏មានតម្លៃដែលយើងមាននេះ ដើម្បីផ្ដោតទៅលើការធ្វើការងារដែលយើងស្រលាញ់ពេញចិត្ត ព្រមទាំងរៀននូវជំនាញថ្មីៗដើម្បីអភិវឌ្ឍខ្លួនឯងឲ្យក្លាយទៅជាមនុស្សម្នាក់ដែលកាន់តែខ្លាំង និងពូកែជាងមុន ជាជាងចំណាយពេលច្រើនទៅលើការលេងហ្គេម និងការដើរលេងជាមួយនឹងមិត្តភក្តិបងភឿនច្រើនពេក។

ការដែលយើងជួបជុំញ៉ាំអ្វីជុំគ្នា មើលរឿង ដើរកម្សាន្តឬលេងហ្គេម វាមិនមែនជារឿងមិនល្អនោះទេ ព្រោះមនុស្សពេលខ្លះគឺត្រូវការភាពរីករាយ និងការសម្រាកលំហែរកាយខ្លះដល់ជីវិត ប៉ុន្តែយើងក៏មិនត្រូវយកពេលវេលារបស់យើងទៅចំណាយទៅលើការងារបែបនោះច្រើនពេក រហូតដល់ភ្លេចការរៀនសូត្រ ការធ្វើការងារ និងការប្រកបរបររកស៊ីរបស់យើងដែរ ពោលគឺយើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យមានតុល្យភាពរវាងការងារនិងការកម្សាន្ត។

យើងម្នាក់ៗមានពេល២៤ម៉ោងក្នុងមួយថ្ងៃដូចៗគ្នា ដូច្នេះហើយយើងគប្បីចេះលៃលកកែខៃពេលវេលាដែលយើងមាននោះ ទៅធ្វើការងារដែលយើងចូលចិត្ត ទៅរៀនជំនាញណាដែលយើងចង់ចេះ ឬ យកពេលទាំងនោះទៅអានព័ត៌មានឬអត្ថបទណាដែលអ្នកចាប់អារម្មណ៍ ដូចជាព័ត៌មានទាក់ទងទៅនឹងបច្ចេកវិទ្យា ការធ្វើជំនួញ អចលនទ្រព្យ សេដ្ឋកិច្ច ឬព័ត៌មានរាក់ទងទៅនឹងនយោបាយជាដើម។

សាកស្រមៃមើលថា ប្រសិនបើយើងមានពេល១០ទៅ១៥នាទី អាចញ៉ាំកាហ្វេ និងនិយាយគ្នាជាមួយនឹងអ្នកដែលចូលចិត្តរកស៊ី អ្នករវល់ជាមួយនឹងការងារ ជាមួយនឹងអ្នកដែលមានគំនិតថ្មីៗច្រើន ជាមួយអ្នកដឹកនាំ ឬនិយាយគ្នាជាមួយនឹងអ្នកជំនួញដ៏ពូកែៗបាន គឺវាពិតជាមានកត្តិយស និងមានតម្លៃខ្លាំងមែនទែនសម្រាប់អ្នក ជាជាងអ្នកចំណាយពេលជាច្រើនម៉ោងជាមួយនឹងមនុស្សដែលមិនចូលចិត្តធ្វើអ្វីជាដុំកំភួនសោះ។ សម្រាប់អ្នកមានផ្ទាល់ ពួកគេពុំដែលចំណាយពេលវេលាឥតប្រយោជន៍នោះទេ ពោលគឺពួកគេតែងតែប្រើពេលដែលពួកគេនៅសល់ទាំងប៉ុន្មាននោះ ទៅធ្វើរឿងដែលមានប្រយោជន៍ ដូចជាយកពេលទំនេរនោះទៅរៀន ទៅអាននូវអ្វីថ្មីដើម្បីបង្កើនចំណេះដឹងដល់ខ្លួនឯង។

ដូចនេះ ប្រសិនបើអ្នកចង់ឲ្យជីវិតអ្នកមានភាពរីកចម្រើន និងមានការវិវត្តន៍ខ្លួនខ្ពស់ អ្នកគប្បីគួរចៀសវាងដើរជាមួយនឹងមនុស្សខ្ជិលបន្តទៀត ព្រោះមនុស្សខ្ជិលនឹងទាញអ្នកឲ្យមានទម្លាប់ខ្ជិលដូចជាពួកគេជាមិនខាន។

https://bit.ly/3kbYknx

 

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ