ការចាប់ផ្ដើមអាជីវកម្ម ជារឿងល្អមួយសម្រាប់មនុស្សគ្រប់គ្នា ពីព្រោះមានការធ្វើអាជីវកម្មទេ ទើបអាចរកប្រាក់ចំណូលខ្ពស់ ប៉ុន្តែបញ្ហាចោទនោះគឺថា នៅពេលចាប់ផ្ដើមអាជីវកម្មដំបូង តើគួរទិញ Franchise ឬបង្កើតម៉ាកយីហោដោយខ្លួនឯង?
ដើម្បីដឹងថា អ្នកគួរតែសម្រេចចិត្តបែបណា ចូលឈ្វេងយល់ពីគុណសម្បត្តិ និងគុណវិបត្តិ នៃការទិញ Franchise និងការបង្កើតម៉ាកយីហោដោយខ្លួនឯង ជាមុនសិន។
ការទិញ Franchise
- គុណសម្បត្តិ
- មានការជួយផ្គត់ផ្គង់ផលិតផល
- មានកេរ្តិ៍ឈ្មោះនិងរូបភាពច្បាស់លាស់ ហើយមាននៅលើទីផ្សារស្រាប់ ដោយមានមនុស្សជាច្រើនបានស្គាល់
- មិនត្រូវការបទពិសោធន៍អាជីវកម្មដើម្បីដំណើរការ Franchiseនោះទេ ដោយម្ចាស់Franchise នឹងផ្តល់ការបណ្តុះបណ្តាលបន្ថែម ដើម្បីដំណើរការគំរូអាជីវកម្មឱ្យត្រូវនឹងរូបមន្តដើម ព្រមទាំងអាចជួយធ្វើទីផ្សារឱ្យផងដែរ
- មានអត្រាជោគជ័យខ្ពស់ជាងអាជីវកម្មចាប់ផ្តើមដោយខ្លួនឯង
- ចំណាយដើមទុនតិចជាងការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនលើប្រភេទអាជីវកម្មដូចគ្នា
- មានអត្រាទទួលបានប្រាក់ចំណេញលឿន
- កាត់បន្ថយហានិភ័យហិរញ្ញវត្ថុ
- គុណវិបត្តិ
- ការទិញ Franchise មិនអាចបញ្ចេញគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន ដើម្បីកែលម្អលើអាជីវកម្មបានឡើយ គឺទាមទារឱ្យធ្វើតាមអ្វីដែលម្ចាស់ Franchise បានកំណត់នៅក្នុងកិច្ចព្រមព្រៀមគ្នា
- មានការរឹតត្បិតលើដំណើរការផលិតផល
- អាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់អ្នក ប្រសិនបើទិញប៉ះចំម៉ាកយីហាដែលមានកេរ្តិ៍ឈ្មោះមិនល្អ គ្មានភាពរឹងមាំ ឬម៉ាកយីហោនោះត្រូវបានដួលរលំនៅក្នុងករណីណាមួយ
- ត្រូវចែករំលែកប្រាក់ចំណេញបន្តជាមួយម្ចាស់ម៉ាក
- អាចប៉ះចំម្ចាស់ Franchise ដែលមិនបានជួយបណ្ដុះបណ្ដាលបន្ថែមលើរបៀបរបបនៃការដំណើរការអាជីវកម្ម គ្មានការជួយធ្វើទីផ្សារឱ្យ និងគ្មានប្រព័ន្ធគ្រប់គ្រងមិនច្បាស់លាស់ជាដើម
- មានភាពបទបែនតិចជាងការចាប់ផ្ដើមធ្វើអាជីវកម្មដោយខ្លួនឯង
ការបង្កើតម៉ាកយីហោដោយខ្លួនឯង
- គុណសម្បត្តិ
- អាចធ្វើអ្វីដែលជាក្ដីសុបិនផ្ទាល់ខ្លួន និងអាចសម្រេចនូវក្ដីសុបិនទាំងនោះ
- សេរីភាពក្នុងការប្រើប្រាស់គំនិតច្នៃប្រឌិតផ្ទាល់ខ្លួន ដើម្បីកែលម្អអាជីវកម្មបន្ថែមទៀត
- មានសិទ្ធសម្រេចចិត្តខ្លាំងលើការគ្រប់គ្រង ការដំណើរការអាជីវកម្មទាំងមូល
- អាចពង្រីកអាជីវកម្ម និងអាចបម្លែងទៅជាការលក់ Franchise ក៏បាន
- មានម៉ាកយីហោផ្ទាល់ខ្លួន និងអាចជួយសេដ្ឋកិច្ចនៅក្នុងប្រទេសជាតិ
- គុណវិបត្តិ
- ចំណាយដើមទុនច្រើនក្នុងការចាប់ផ្ដើមជាងការទិញ Franchise ពីព្រោះការចាប់ផ្ដើមដំបូង មិនធានាថា នឹងទទួលបានប្រាក់ចំណេញនោះទេ គឺវាអាចខាតច្រើនដងក៏ថាបាន
- ហានិភ័យខ្ពស់
- ជួបបញ្ហាលំបាកក្នុងការបង្កើតក្រុម និងដឹកនាំក្រុម
- ប្រឈមនឹងការប្រកួតប្រជែងដើម្បីដណ្ដើមយកទីផ្សារខ្ពស់
- ហានិភ័យខ្ពស់លើការខ្វះដើមទុន
សរុបមក ជម្រើសទាំង2ខាងលើ គឺល្អដូចគ្នា ហេតុអ្វី? ពីព្រោះ ប្រសិនបើអ្នកមិនទាន់រួចរាល់ មិនទាន់មានបទពិសោធន៍ និងមានទាន់រឹងមាំគ្រប់គ្រាន់ដើម្បីបង្កើតម៉ាកយីហោដោយខ្លួនឯងទេ អ្នកអាចទិញ Franchise របស់គេសិន ប៉ុន្តែត្រូវសិក្សាពី Franchise ទាំងនោះឱ្យបានច្បាស់ ដើម្បីការពារកុំឱ្យប៉ះចំ Franchise ដែលគ្មានកេរ្តិ៍ឈ្មោះមិនល្អ ឬគ្មានភាពរឹងមាំជាដើម។ ហើយការទិញ Franchise នេះ អ្នកអាចរៀនពីរបៀបដែលគេដំណើរការអាជីវកម្ម និងប្រព័ន្ធគ្រប់គ្រងនានា ដើម្បីធ្វើជាបទពិសោធន៍ មុននឹងចេញធ្វើម៉ាកយីហោផ្ទាល់ខ្លួន។ ប៉ុន្តែក្នុងករណីថា អ្នកមានចំណេះដឹង បទពិសោធន៍ និងមានភាពរឹងមាំគ្រប់គ្រាន់ដែលអាចចាប់ផ្ដើមអាជីវកម្មខ្លួនឯងបានហើយ ចូរអ្នកជ្រើសរើសជម្រើសនៃការបង្កើតម៉ាកយីហោដោយខ្លួនឯងបាន។