spot_img
spot_img
Homeទូទៅទ្រឹស្តី​នៃ​ស្នេហា

ទ្រឹស្តី​នៃ​ស្នេហា

-

អ្នកចិត្ត​វិទូ និង​អ្នក​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​នូវ​ទ្រឹស្តី​ផ្សេងៗ​គ្នា​ជាច្រើនអំពី​ស្នេហា។ ស្នេហា​គឺ​ជា​តម្រូវការ​ដ៏ចាំ​បាច់​មួយ​សម្រាប់​មនុស្ស​លោក​យើង​នេះ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺវា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​ក្នុង​ការ​ចង់ដឹង​ថា ហេតុអ្វី​បាន​ជា​ស្នេហា​មាន​នៅ​លើលោក​យើង​នេះ? ជាក់ស្តែង​ រយៈពេលកន្លង​មក​ មាន​មនុស្ស​ជាច្រើនបាន​ធ្វើការ​លើក​ឡើង​ថា ស្នេហាគឺជាអ្វីដែល​វិទ្យា​សាស្ត្រ​មិនអាចយល់ និង​ពិបាក​នឹងបកស្រាយ។ថ្ងៃនេះ គេហទំព័រគំនិត​នឹង​លើក​យក​ទ្រឹស្តី​ចំបង​ៗ​ចំនួន​៤ ដើម្បី​ធ្វើការ​បកស្រាយអំពីអ្វីៗ​ដែល​ទាក់​ទង​ទៅ​នឹង​សេចក្តីស្នេហាដូចជា សេចក្តី​ចូលចិត្ត(like)​ សេចក្តីស្រឡាញ់(Love) និង​អារម្មណ៍ជាប់ជំពាក់ (Emotional Attachment)។

សេចក្តី​ចូលចិត្ត និង​សេចក្តី​ស្រឡាញ់

អ្នក​ចិត្ត​វិទូ Zick Rubin បាន​លើកឡើង​ថា ស្នេហា​អណ្តែតអណ្តូង(Romantic Love)គឺផ្សំ​ឡើង​ដោយ​ធាតុ​ផ្សំ​៣យ៉ាងគឺ សេចក្តីជំពាក់ចិត្ត(Attachment) សេក្តី​ថ្នាក់​ថ្នម(Caring) និង​ភាព​ស្និទ្ធ​ស្នាល(Intimacy)។ សេចក្តីជំពាក់ចិត្ត គឺជា​តម្រូវ​ការ​ក្នុង​ការ​ទទួលភាព​ថ្នាក់​ថ្នម ការយល់ព្រម និង​ការប៉ះពាល់​ផ្នែក​រាងកាយជាមួយ​នឹង​អ្នក​ដ៏ទៃ។ សេចក្តី​ថ្នាក់​ថ្នមគឺជា​ការ​ផ្តល់​នូវ​តម្រូវការ និង​ភាពរីករាយទៅដល់​ដៃគូរ ឲ្យដូចទៅ​នឹង​ការ​ផ្តល់​ទៅ​ឲ្យ​ខ្លួន​អ្នក​ផ្ទាល់។ ភាព​ស្និទ្ធស្នាល គឺចង់​សំដៅ​ទៅលើ ការ​ចែក​រំលែក​គំនិត សេចក្តី​ប្រាថ្នា​ អារម្មណ៍គ្នាទៅវិញទៅមក​រវាង​អ្នក​និង​ដៃគូរ។

Compassionate Vs. Passionate Love

យោងតាម​ចិត្ត​វិទូ Elaine Hatfield និង​អ្នករួមការងារ​របស់​នាង បាន​ចែក​ស្នេហា​ជា​ពីរ​ប្រភេទ​ផ្សេងៗគ្នាគឺ ស្នេហាដោយការ​អាណិតអាសូរ(Compassionate Love) និង​ស្នេហា​ដោយសារតម្រេក(Passionate Love)។ ស្នេហាដោយការអាណិតអាសូរមាន​ចរិក​លក្ខណៈ​ដូចជា ចេះគោរពគ្នា មាន​ចិត្ត​ប្រតិព័ទ្ធ ស្រឡាញ់​ចូលចិត្ត​គ្នា និង​ ទុកចិត្ត​គ្នា​ទៅវិញទៅ​មក។ ស្នេហា​ប្រភេទ​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​យល់​ដឹង​ច្បាស់​ពី​អារម្មណ៍​គ្នា​ទៅវិញ​ទៅ​មក ហើយ​និង​ការ​ការ​គោរពគ្នាទៅវិញទៅមក។

ស្នេហាដោយសារតម្រេក គឺជាស្នេហា​ដែលមាន​ចរិកលក្ខណៈដូចជា ការ​រំជើបរំជួល​ផ្លូវអារម្មណ៍ និង​ផ្លូវភេទ សេចក្តី​ភ័យខ្លាច និង​សេចក្តី​ស្រឡាញ់។ នៅ​ពេល​ការ​រំជើបរំជួល​ផ្លូវ​អារម្មណ៍​ត្រូវបានបំពេញ​តាមតម្រូវការ មនុស្ស​ទាំង​នោះ​នឹងមាន​អារម្មណ៍​សប្បាយរីករាយ​ និង​ស្កប់ស្កល់។ ផ្ទុយ​ទៅវិញ​បើ​ស្នេហា​មិន​សម​តាម​អ្វី​ដែល​គេ​ចង់បាន​ ​ ឬ​តាម​ការ​គិតទេនោះ ស្នេហា​នេះ​នឹង​ក្លាយ​ជាស្នេហា​សោកសង្រេង ហើយ​នឹង​ឈាន​ទៅ​រក​ភាព​បែក​បាក់។ បើ​តាម​អ្នកចិត្ត​វិទូHatfieldបាន​លើកឡើង​ថា ស្នេហា​ប្រភេទ​នេះ​គឺមិនអាចឋិតឋេរយូរអង្វែង​ទេ ហើយ​ជាធម្មតា​វា​មាន​អាយុ​ប្រហែពី​៦​ខែ ទៅ​៣០​ខែ។

Hatfield ក៏បានបន្ថែមថា ស្នេហា​ដែល​កើត​ឡើង​ដោយ​សារតម្រេកនេះ(Passionate Love)​កើត​ឡើង​ដោយសារ​តែ​វប្បធម៌​នៅ​ក្នុង​សង្គម​នោះ ដែល​ជំរុញ​ឲ្យ​មនុស្ស​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍​ប្រភេទទាំង​នេះ។ ពេលខ្លះ ស្នេហា​ប្រភេទ​នេះ​បាន​វិវឌ្ឍ និង​ប្រែប្រួល​ទៅ​ជា​ស្នេហា​ដោយការ​អាណិតអាសូរ(Compassionate Love) ដែល​ស្នេហា​ប្រភេទ​នេះ​មាន​រយៈកាល​យូរ​អង្វែង។

ស្នេហា​ប្រៀបបីដូចជាពណ៌

នៅ​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា “ពណ៌នៃ​ស្នេហា” ​ដែល​បាន​បោះ​ពុម្ភផ្សាយ​នា​ឆ្នាំ​១៩៧៣​របស់​លោក​ John Lee បាន​ធ្វើការ​បែង​ចែក​ស្នេហាដែល​មាន​បែបបទ​ផ្សេងៗ​គ្នា​បី​ប្រភេទដែល​ក្នុង​នោះ​មាន Eros Ludos និង Storge.

១-Eros: ស្រឡាញ់​មនុស្ស​ដែល​ស័ក្តិ​សម​

២- Ludos: ស្នេហា​គឺជា​ល្បែង​ហ្គែម

៣- Storge: ស្នេហា​គឺជា​មិត្ត​ភាព

ប្រៀបដូចជាពណ៌ដូច្នេះ​ដែរ ស្នេហា​ទាំងបីនេះ អាចលាយ​បញ្ចូល​គ្នា​ហើយ​បង្កើត​បាន​ជា​ស្នេហា ​​៩​ផ្សេងៗ​ទៀតដែល​៣​ក្នុង​ចំណោម​ចំណោម​នោះ​មាន​ដូច​តទៅ៖

១- Mania (Eros+Ludos): ស្នេហា​ដែល​គិត​មមៃ(Obsessive Love)

២- Pragma (Ludos + Storge) : ស្នេហា​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ប្រកដ​ប្រជា

៣- Agape (Eros + Storge): ស្នេហា​ដែល​មិនគិត​ពី​ខ្លួន​ឯង។

ទ្រឹស្តី​ត្រីកោណ​នៃ​ស្នេហា

ចិត្ត​វិទូលោកRobert Sternberg បាន​លើកឡើង​ពី​ទ្រឹស្តី​មួយ​ដែល​ហៅ​ថា ទ្រឹស្តី​ត្រីកោណ​នៃ​ស្នេហា ដែល​គាត់​បាន​បង្ហាញថា ស្នេហា​កើត​ឡើង​ដោយ​ធាតុ​ផ្សំ​៣ គឺ ភាព​ស្និទ្ធ​ស្នាល(Intimacy) តណ្ហា(Passion) និង​ការ​លះបង់(Commitment)។ ការ​បញ្ចូល​គ្នា​រវាង​ធាតុ​ទាំង​បី​នឹង​អាចបង្កើត​បានជា​ស្នេហា​ផ្សេងៗ​ទៀត។ ឧទាហរណ៍ ការ​បញ្ចូល​គ្នា​រវាង ភាពស្និទ្ធស្នាល និង​ការ​លះបង់ បង្កើត​បានជា​ស្នេហាដោយការ​អារណិត​អាសូរ(Compassionate Love) រីឯ​ការ​បញ្ចូល​គ្នា​រវាង​ តណ្ហា​ និង​ភាពស្និទ្ធស្នាល​នាំទៅ​រក​ស្នេហា​ដោយសារ​តម្រេក(Passionate Love)។

យោង​តាម​លោក Sternberg ទំនាក់ទំនង​ស្នេហា​ដែល​កើត​ឡើង​ដោយ​ការ​រួម​បញ្ចូល​គ្នា​ដោយធាតុ​២ ឬច្រើននាំ​ឲ្យ​ស្នេហានោះ​ឋិតឋេរ​យូរអង្វែងជាង​ស្នេហា​ដែល​កើត​ឡើង​ដែល​មាន​ធាតុ​ផ្សំ​តែ​មួយ។ គាត់​បាន​ប្រើប្រាស់​ពាក្យ​ថា​ស្នេហា​ពេញ​លក្ខណៈ(Consummate Love) សម្រាប់ធ្វើការ​សម្គាល់​ទៅលើ​ស្នេហាដែល​ផ្សំឡើង​ដោយ​ ភាព​ស្និទ្ធ​ស្នាល តណ្ហា និង​ការ​លះបង់។ ស្នេហា​ប្រភេទ​នេះ​គឺជា​ស្នេហា​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ និង​យូរ​អង្វែង​បំផុត ប៉ុន្តែលោក​Sternbergបានលើក​ឡើង​ថា ស្នេហាប្រភេទ​នេះ​គឺមិន​ងាយ​ជួប​ប្រទះ​នោះទេ។

 

ដកស្រង់​ចេញពី៖ http://psychology.about.com/od/loveandattraction/a/theoriesoflove.htm

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ