យុទ្ធសាស្រ្តផ្សព្វផ្សាយបែប រុញឬជំរុញ(push) និង ទាញ(pull) បើសរសេរជាភាសាអង់គ្លេស គឺ push and pull strategy។ ហើយហេតុអ្វីបានអាជីវកម្មដែលទើបនឹងបើកថ្មីៗ គួរតែយល់ដឹង និងប្រើយុទ្ធសាស្រ្តផ្សព្វផ្សាយ ជំរុញ និងទាញនេះ? ខាងក្រោមនេះ ជាការបកស្រាយលម្អិត។
យុទ្ធសាស្រ្តផ្សព្វផ្សាយ “រុញ(push)”
បើយោងតាមគេហទំព័រ HubSpot បានឱ្យដឹងថា យុទ្ធសាស្ត្រផ្សព្វផ្សាយ “រុញ(Push)” គឺជាយុទ្ធសាស្ត្រដែលផ្តោតលើការជំរុញផលិតផលទៅកាន់អតិថិជនគោលដៅ។ គោលដៅនៃការជំរុញទីផ្សារនេះ គឺដើម្បីនាំយកអ្វីដែលអ្នកផ្តល់ជូនអតិថិជនតាមរយៈទីផ្សាររបស់ម្ចាស់អាជីវកម្មផ្ទាល់។ ឧទាហរណ៍៖ អ្នកអាចជំរុញផលិតផលរបស់អ្នកតាមរយៈមាតិកាទីផ្សារនៅលើបណ្តាញសង្គម។
បើយោងតាមគេហទំព័រ Business បានឱ្យដឹងថា យុទ្ធសាស្ត្រផ្សព្វផ្សាយ “រុញ(Push)” ជាការប្រើកម្លាំងលក់របស់ក្រុមហ៊ុននិងសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីបង្កើតតម្រូវការអតិថិជនសម្រាប់ផលិតផល មានន័យថា យុទ្ធសាស្រ្តនេះត្រូវការផលិតផលឱ្យទៅដល់អតិថិជន ក្នុងគោលបំណងដើម្បីឱ្យអតិថិជនបានដឹងអំពីផលិតផលនៅពេលពួកគេបានទិញ។
ដំណើការនៃការប្រើយុទ្ធសាស្រ្ត “រុញ(Push)”
- អ្នកផលិត លើកកម្ពស់អ្នកលក់ដុំនៃផលិតផល បន្ទាប់មក អ្នកលក់ដុំផ្សព្វផ្សាយផលិតផលដល់អ្នកលក់រាយ បន្ទាប់មក អ្នកលក់រាយផ្សព្វផ្សាយផលិតផលដល់អ្នកប្រើប្រាស់ឬដល់អតិថិជនគោលដៅ។
យុទ្ធសាស្ត្រ “រុញ(Push)” ជាការរិះរកគ្រប់មធ្យោបាយក្នុងការលក់ដោយផ្ទាល់ទៅកាន់អតិថិជនគោលដៅ ដោយឆ្លងកាត់បណ្តាញចែកចាយផ្សេងទៀត។
ឧទាហរណ៍
- ជំរុញការលក់ទូរស័ព្ទដៃរបស់ក្រុមហ៊ុនផលិតទូរស័ព្ទធំៗ ដូចជាNokiaបានផ្សព្វផ្សាយផលិតផលរបស់ខ្លួន តាមរយៈអ្នកលក់រាយដូចជា Carphone Warehouse ដោយការផ្តល់ការឧបត្ថម្ភធនលើទូរស័ព្ទដើម្បីលើកទឹកចិត្តដល់អ្នកលក់រាយនិងអ្នកលក់បរិមាណខ្ពស់។
បើយោងតាមគេហទំព័រ corporatefinanceinstitute.com បានឱ្យដឹងថា យុទ្ធសាស្ត្រផ្សព្វផ្សាយ “រុញ(Push)” សំដៅលើ យុទ្ធសាស្រ្តដែលក្រុមហ៊ុនមួយព្យាយាមយកផលិតផលរបស់ខ្លួនទៅឱ្យអ្នកប្រើប្រាស់ឬអតិថិជនគោលដៅដើម្បី “រុញច្រាន (Push)” ពួកគេឱ្យក្លាយជាអតិថិជនលើអាជីវកម្មរបស់អ្នក។ នៅក្នុងយុទ្ធសាស្រ្តទីផ្សារជំរុញនេះ ជាគោលដៅដែលត្រូវប្រើបច្ចេកទេសទីផ្សារសកម្មផ្សេងៗដើម្បីរុញច្រានផលិតផលរបស់ពួកគេឱ្យអតិថិជនបានឃើញ។ ម្យ៉ាងទៀត គោលបំណងចម្បងមួយនៃការជំរុញទីផ្សារ ជាការកាត់បន្ថយឱ្យបានតិចតាមដែលអាចធ្វើទៅបាននូវពេលវេលាដែលនៅចន្លោះអតិថិជនឃើញផលិតផលនិងធ្វើការសម្រេចចិត្តទិញផលិតផល។
យុទ្ធសាស្រ្តផ្សព្វផ្សាយរុញ ភាគច្រើនគេប្រើវិធីសាស្រ្ត ដូចជា
- ការលក់ដោយផ្ទាល់ដល់អតិថិជន -ឧទាហរណ៍ អ្នកលក់រថយន្តដែលជួបអតិថិជននៅក្នុងបន្ទប់តាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន
- ការបង្ហាញចំណុចពិសេសដែលត្រូវលក់ (Point of sale displays = POS)
- ការផ្សព្វផ្សាយពិព័ណ៍ពាណិជ្ជកម្ម
- ការរចនាវេចខ្ចប់ដើម្បីលើកទឹកចិត្តដល់ការទិញ
- ការចែកប្រើសាកល្បងដោយឥតគិតថ្លៃតាមរយៈការលេងហ្គេមផ្សេងៗ
យុទ្ធសាស្រ្តផ្សព្វផ្សាយ “ទាញ(pull)”
បើយោងតាមគេហទំព័រ HubSpot បានឱ្យដឹងថា យុទ្ធសាស្រ្តផ្សព្វផ្សាយ ទាញ(Pull)គឺល្អបំផុតនៅពេលអ្នកចង់ទាក់ទាញអតិថិជនឱ្យមករកផលិតផលរបស់អ្នក។ គោលដៅនៅក្នុងយុទ្ធសាស្រ្តនេះ គឺបង្កើតអតិថិជនស្មោះត្រង់ តាមរយៈការផ្តល់នូវសម្ភារៈទីផ្សារដែលបង្ហាញពីអ្វីដែលអតិថិជនកំពុងស្វែងរក។
បើយោងតាមគេហទំព័រ corporatefinanceinstitute.com បានឱ្យដឹងថា យុទ្ធសាស្រ្តផ្សព្វផ្សាយ ទាញ(Pull)ក៏ត្រូវបានគេហៅថាជាយុទ្ធសាស្ត្រជំរុញការលក់ ដែលសំដៅលើយុទ្ធសាស្រ្តដែលក្រុមហ៊ុនមួយមានគោលបំណងបង្កើនតម្រូវការផលិតផលរបស់ខ្លួននិងទាក់ទាញចិត្តអតិថិជនឱ្យចង់បានផលិតផល។ ហើយត្រូវបានប្រើដោយខ្លួនឯងឬរួមជាមួយយុទ្ធសាស្ត្រផ្សព្វផ្សាយជំរុញ។
គោលដៅចម្បងនៅក្នុងយុទ្ធសាស្រ្តនេះ គឺធ្វើឱ្យអ្នកអតិថិជនស្វែងរកផលិតផលមួយយ៉ាងសកម្ម ហើយធ្វើឱ្យអ្នកលក់រាយចាប់ផ្ដើមស្តុកទុកផលិតផល ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកអតិថិជនដោយផ្ទាល់។
យុទ្ធសាស្រ្តផ្សព្វផ្សាយទាញ ភាគច្រើនគេប្រើវិធីសាស្រ្ត ដូចជា
- បណ្តាញទំនាក់ទំនងសង្គម
- អតិថិជននិយាយពីមាត់មួយទៅមាត់មួយទៀត (Word of mouth)
- ការគ្របដណ្តប់ប្រព័ន្ធផ្សព្វផ្សាយ (Media coverage)
- ការផ្សព្វផ្សាយនិងការលក់បញ្ចុះតម្លៃ
- ការផ្សាយពាណិជ្ជកម្ម
ភាពពាក់ព័នន្ធនៃយុទ្ធសាស្រ្តផ្សព្វផ្សាយ រុញនិងទាញ
បើយោងតាមគេហទំព័រ HubSpot បានឱ្យដឹងថា យុទ្ធសាស្ត្រផ្សព្វផ្សាយជំរុញនិងទាញ អាចដំណើរការជាមួយគ្នា មានន័យថា អតិថិជនត្រូវការការជំរុញតម្រូវការដើម្បីបង្កើតនិងការទាញដើម្បីបំពេញតម្រូវការនោះ។ សម្រាប់អ្នកដែលមិនធ្លាប់លឺពីក្រុមហ៊ុនរបស់អ្នក ដូច្នេះត្រូវការការជំរុញ ហើយសម្រាប់អ្នកដែលនៅឆ្ងាយបន្តិចក្នុងដំណើររបស់អ្នកទិញអ្នកអាចទាញពួកគេចូល។
វិធីដែលអ្នកបញ្ចូលយុទ្ធសាស្រ្តទាំងពីរនៅក្នុងក្រុមហ៊ុនរបស់អ្នក នឹងពឹងផ្អែកលើគោលដៅជំរុញនិងទាញតែមួយគត់របស់អ្នក ហើយដើម្បីជួយអ្នកកំណត់ថាតើយុទ្ធសាស្រ្តជំរុញនិងទាញរបស់អ្នកនឹងទៅជាយ៉ាងណា សូមពិនិត្យមើលឧទាហរណ៍ខ្លះនៅខាងក្រោម៖
ឧទាហរណ៍
- អ្នកផលិតវាយនភ័ណ្ឌដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ បានប្រើយុទ្ធសាស្ត្រផ្សព្វផ្សាយជំរុញនិងទាញ។ ពួកគេជំរុញបង្កើតតម្រូវការអតិថិជនតាមរយៈការអភិវឌ្ឍផលិតផលថ្មីៗឥតឈប់ឈរនិងផ្តល់ជូនផលិតផលទាំងនេះនៅក្នុងហាង ព្រមទាំងទាក់ទាញអតិថិជនឆ្ពោះទៅរកផលិតផលទាំងនេះតាមរយៈការផ្សាយពាណិជ្ជកម្មនិងកិច្ចព្រមព្រៀងផ្សព្វផ្សាយ។
- អ្នកផលិតសា្របៀថ្មីមួយ ចាប់ផ្ដើមប្រើយុទ្ធសាស្រ្តផ្សព្វផ្សាយជំរុញនិងទាញ។ ពួកគេជំរុញឱ្យមានតម្រូវការដល់អតិថិជនបានស្គាល់និងនិយាយណែនាំបន្តទៅកាន់មនុស្សផ្សេងទៀត តាមរយៈការផ្សព្វផ្សាយលើបណ្ដាញសង្គម ការលេងហ្គេមលេងប្រើសាកល្បង និងជួលអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមឱ្យជួយប្រូម៉ូដបន្ថែម ដើម្បីទាកទាញឱ្យអតិថិជនចាប់ផ្ដើមស្គាល់ ចាប់ផ្ដើមមានតម្រូវការ និងចាប់ផ្ដើមហ៊ានចំណាយថវិកាក្នុងការទិញ។
សរុបមក ការប្រើយុទ្ធសាស្រ្តផ្សព្វផ្សាយជំរុញនិងទាញ សម្រាប់អាជីវកម្មបើកថ្មី គឺជាការរុញអាជីវកម្មចូលទីផ្សារនិងបង្កើតតម្រូវការដល់អតិថិជនតាមរយៈរបៀបធ្វើទីផ្សារផ្សេងៗតាមការកំណត់របស់ក្រុមហ៊ុន និងតាមប្រភេទអតិថិជនគោលដៅ ហើយទាញយកលទ្ធផលពីការធ្វើយុទ្ធសាស្រ្តរុញនេះ។