គ្មានទុក្ខលំបាកណាដែលធំធេង និងពិបាកទទួលយកជាងការបាត់បង់នូវមនុស្សជាទីស្រលាញ់របស់ខ្លួននោះទេ។ ពិតណាស់ ភាពសោកសង្រេង និងអារម្មណ៍ក្តុកក្តួលប្រាកដជាកើតមានឡើងចំពោះក្រុមគ្រួសារ និងសាច់ញាតិទាំងអស់នៃសព។ នៅខណៈពេលដែលក្រុមគ្រួសារ និងសាច់ញាតិបងប្អូនទាំងអស់ កំពុងតែមានទុក្ខសោកយ៉ាងធំនោះ គ្រប់គ្នាក៏មិនត្រូវភ្លេចពីកាតព្វកិច្ច និងភារកិច្ចដ៏សំខាន់មួយដែលមិនអាចចៀសបាននោះ គឺការរៀបចំកម្មវិធីបុណ្យមរណភាពទៅតាមប្រពៃណី និងសាសនា ដើម្បីជាការជូនដំណើរចុងក្រោយទៅដល់អ្នកដែលបានធ្វើមរណកាលទៅ។ ពោលគឺសមាជិកក្រុមគ្រួសារ ឬសាច់ញាតិ ត្រូវញាប់ដៃញាប់ជើង រៀបចំគេហដ្ឋាន និមន្តព្រះសង្ឃ ស្វែងរកតាអាចារ្យ ដើម្បីឧទ្ទិសកុសលផលបុណ្យ និងជូនដំណើរសពទៅកាន់សុគតិភព។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ត្រូវចាំបាច់ជូនដំណឹង និងសុំការអនុញ្ញាតពីអាជ្ញាធរ ដើម្បីស្នើរសុំសិទ្ធក្នុងការរៀបចំពិធីបុណ្យ។ ជាពិសេស នៅក្នុងសម័យកូវីត១៩នេះតែម្តង ដោយការរៀបចំពិធីបុណ្យនីមួយៗ ចាំបាច់ត្រូវតែមានការធ្វើតេស្តរកសំណាកជាមុនសិន ដោយត្រូវប្រាកដថាសាកសព និងអ្នកចូលរួមទាំងអស់ពុំមានផ្ទុក ឬឆ្លងជម្ងឺកូវីត១៩នោះទេ។
ដោយសារតែកាតព្វកិច្ចទាំងអស់នេះហើយ ដែលធ្វើឲ្យក្រុមគ្រួសារ និងញាតិមិត្តបងប្អូនទាំងអស់មានភាពមមាញឹកហើយមិនបានចំណាយពេលវេលាចុងក្រោយជាមួយមនុស្សជាទីស្រលាញ់បានពេញលេញនោះទេ។ ម្យ៉ាងទៀត ការរៀបចំពិធីបុណ្យមួយឲ្យស្របទៅតាមប្រពៃណី និងក្បួនទម្លាប់់គឺមិនងាយស្រួលនោះទេ។ អ្វីដែលកាន់តែពិបាកជាងនេះទៀតនោះ ប្រសិនបើបងប្អូនមិនដែលជួបប្រទះរឿងបែបនេះទេនោះ ប្រាកដជាមិនដឹងថាគួរធ្វើអ្វីដែលចាំបាច់ខ្លះ និងសំខាន់នោះទេ។ បងប្អូននឹងមិនដឹងថាគួរចាប់ផ្តើមពីរឿងអ្វីខ្លះ ឬទំនាក់ទំនងនរណាខ្លះ ហើយរៀបចំកម្មវិធីបុណ្យយ៉ាងដូចម្តេច ដើម្បីឱ្យត្រឹមត្រូវតាមប្រពៃណី និងសមស្របទៅនឹងការគោរពស្រឡាញ់ ដែលបងប្អូនមានចំពោះអ្នកដែលបានចែកឋានទៅនោះទេ។ មួយវិញទៀត បើនិយាយពីខ្ទង់ចំណាយវិញ សម្រាប់ពិធីបុណ្យផ្សេងៗ ប្រហែលជាអាចប៉ាន់ប្រមាណបាន ប៉ុន្តែសម្រាប់ការរៀបចំពិធីបុណ្យសព គឺពិបាកនឹងប៉ាន់ប្រមាណណាស់ ដោយសារតែភាគច្រើនគឺជាការរៀបចំភ្លាមៗដោយមិនបានព្រៀងទុក។ ពេលខ្លះប្រសិនបើបងប្អូនជ្រើសរើសចំអ្នកដែលពុំមានវិជ្ជាជីវៈត្រឹមត្រូវ គេក៏អាចទាមទារតម្លៃនៃសេវាកម្មនោះលើសលប់ពីបងប្អូនផងដែរ ដោយសារតែកម្មវិធីបុណ្យគឺមានភាពបន្ទាន់ និងសំខាន់ជាដើម។ ចំណាយភាគច្រើនមិនបានសមនឹងតម្រូវការរបស់សាច់ញាតិបងប្អូន តែដោយសិ្ថតនៅក្នុងស្ថានភាពមានទុក្ខបែបនេះ ម្នាក់ៗគឺត្រូវតែសង្កត់ចិត្តព្រមទទួលយកអ្វីៗដែលមាន បើទោះបីជាមិនបានសមតាមចិត្តដែលចង់បានក៏ដោយ។
ដោយសង្កេតឃើញពីស្ថានភាពលំបាកនៃគ្រួសារសពបែបនេះ ទើបក្រុមហ៊ុន មរតក យើងខ្ញុំចង់ចូលរួមជួយសម្រួលបន្ទុកដល់បងប្អូន និងក្រុមគ្រួសារដែលកំពុងមានវិបត្តិជួបទុក្ខធំ ដោយការបាត់បង់សាច់ញាតិបងប្អូនជាទីស្រលាញ់។ ជាពិសេស អ្វីដែលជាគោលបំណងដ៏ចម្បងបំផុតរបស់ក្រុមហ៊ុន មរតក យើងខ្ញុំ គឺពួកយើងចង់ឃើញក្រុមគ្រួសារ និងសាច់ញាតិនៃសពទាំងអស់មានឱកាសបានចំណាយពេលវេលាចុងក្រោយយ៉ាងពេញលេញជាមួយនឹងមនុស្សជាទីស្រលាញ់ឲ្យដល់ទីបញ្ចប់ ដែលចាត់ទុកថាជាអនុស្សាវរីយ៍ចុងក្រោយបង្អស់ជាមួយគ្នា។ លើសពីនេះទៅទៀត ពួកយើងក៏មានបំណងចង់ធ្វើយ៉ាងណាឱ្យពីធីបុណ្យមានការរៀបចំត្រឹមត្រូវតាមក្បួនខ្នាត តាមប្រពៃណីនៃក្រុមគ្រួសារសព និងប្រព្រឹត្តទៅរលូន ដោយមិនឱ្យបងប្អូន និងក្រុមគ្រួសារនៃសពមានការលំបាកឡើយ។
ក្នុងរយៈកាលកន្លងមកនេះ មរតក បានជួយសម្រាលទុកដល់បងប្អូនជាច្រើនតាមរយះ ៖
- ការប្រឹក្សាយោបល់៖ ជួយប្រឹក្សាយោបល់ដល់ក្រុមគ្រួសារអំពីដំណើរការនៃពិធីបុណ្យយ៉ាងច្បាស់លាស់និងលម្អិត ដែលនាំមកនូវអារម្មណ៍ស្ងប់ក្នុងចិត្ត អាចជួយរំលែកទុក្ខសោកដ៏ធំធេងរបស់គាត់បានមួយកម្រិត។
- ផលិតផល៖ ផ្ដល់ជូនតែផលិតផលសំខាន់ៗនៅក្នុងពិធីបុណ្យ ដែលល្អប្រណីត សម្រាប់ជាកិត្តិយសដល់អ្នកដែលបានចែកឋានទៅកាន់លោកខាងមុខ និងជាទីពេញចិត្តនៃញាតិមិត្តបងប្អូន។
- សេវាកម្ម៖ ភ្ជាប់ជាមួយនូវសេវានានាដែលចាំបាច់ ដើម្បីជួយសម្រួលដល់ដំណើរការនិងភាពប្រសើរនៃកម្មវិធីបុណ្យសព តាំងពីការលើកដាក់ ការតុបតែង រហូតដល់ការយាមកំដរ។
ដូច្នេះ ប្រសិនបើបងប្អូនមានទុក្ខលំបាក ហើយត្រូវការជំនួយពីយើងខ្ញុំ គឺពួកយើងរីករាយនៅក្នុងជួយជានិច្ចមិនថាពេលយប់ ឬ ក៏ពេលថ្ងៃទេ ។ ពួកយើងនឹងរងចាំជួយបងប្អូនជានិច្ច៕