spot_img
spot_img
Homeធុរកិច្ចហេតុអ្វីម៉ាត 7-Eleven ល្បីល្បាញខ្លាំងម្ល៉េះនៅក្នុងវិស័យលក់រាយ?

ហេតុអ្វីម៉ាត 7-Eleven ល្បីល្បាញខ្លាំងម្ល៉េះនៅក្នុងវិស័យលក់រាយ?

-

ស្ថាបនិក 7-Eleven ជាជនជាតិជប៉ុន គឺលោក ToShifumi Suzuki ដោយដឹកនាំ 7-Eleven ជាង40ឆ្នាំហើយ រហូតមានសាខាជាង7ម៉ឺន ជុំវិញពិភពលោក។

7-Eleven គឺជាម៉ាតមុនដំបូងគេដែលធ្វើប្រតិបត្តិការ 24ម៉ោង លើ24ម៉ោង គ្មានការឈប់សម្រាកពេញមួយឆ្នាំ ជាម៉ាតទីមួយដែលមានម៉ាស៊ីនដកលុយ ATM នៅក្នុងនោះ ក៏ជាម៉ាតទីមួយដែលប្រើនូវប្រព័ន្ធគ្រប់គ្រងផលិតផលបានយ៉ាងល្អ។ សកម្មភាពបែបនេះហើយ ទើបធ្វើឱ្យវិស័យលក់រាយជាលក្ខណៈម៉ាតរបស់ 7-Eleven កាន់តែរីកចម្រើនឡើង។

ដើមហេតុនៃការកកើត 7-Eleven

7-Eleven ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1927 ដោយស្ថិតនៅក្រោមក្រុមហ៊ុន The Southland Corporation របស់សហរដ្ឋអាមេរិក។ នៅចុងសតវត្សរ៍ទី70 លោក Suzuki បានធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក បន្ទាប់មកក៏បានប្រទះម៉ាតនេះជាលើកដំបូង គាត់ឃើញថាម៉ាតមួយនេះទោះបីជាតូចបន្តិចមែន តែអ្វីៗក៏មាន តាំងពីគ្រឿងប្រើប្រាស់ប្រចាំថ្ងៃរហូតដល់អាហារសម្រន់។ ក្រោយមកគាត់ក៏រិះរកគ្រប់មធ្យោបាយដើម្បីយកសិទ្ធិប្រតិបត្តិការផ្តាច់មុខទៅកាន់ប្រទេសជប៉ុន។ ក្រោយមក 7-Eleven មានការរីកចម្រើនខ្លាំងនៅប្រទេសជប៉ុន រហូតដល់ឆ្នាំ1999 7-Eleven នៅជប៉ុនក៏បានទិញយកក្រុមហ៊ុនមេ The Southland Corporation ហើយបានដូរឈ្មោះទៅជា 7-Eleven.Inc។

នៅឆ្នាំ 2020 ម៉ាត 7-Eleven បានក្លាយជាសង្វាក់ម៉ាតដ៏ធំជាងគេនៅលើពិភពលោក ដោយមានជាង7ម៉ឺនសាខា និងមានប្រាក់ចំណូលប្រចាំឆ្នាំជាង60ពាន់លានដុល្លារ ព្រមទាំងជាប់ចំណាត់ថ្នាក់លេខមួយលើលោកក្នុងវិស័យលក់រាយ។

តើកត្តាអ្វីទើបធ្វើឱ្យ 7-Eleven មានភាពលេចធ្លោជាងម៉ាតដទៃ?

ចំណុចលេចធ្លោរបស់ 7-Eleven នោះគឺ

1. បើកដំណើរការម៉ាត 24ម៉ោង/ថ្ងៃ និង7ថ្ងៃ/សប្តាហ៍

7-Eleven ជាម៉ាតដែលបើកដំណើរការ 24ម៉ោង/ថ្ងៃ និង7ថ្ងៃ/សប្តាហ៍ ដោយគ្មានថ្ងៃឈប់សម្រាកឡើយ ពីព្រោះ Suzuki យល់ថាមនុស្សមានតម្រូវការជារៀងរាល់ថ្ងៃ ជាពិសេសថ្ងៃឈប់សម្រាកនៅចុងសប្ដាហ៍ ដូច្នេះការបើកដំណើរការម៉ាតជារៀងរាល់ថ្ងៃគឺធ្វើឱ្យអតិថិជនមានភាពងាយស្រួល និងអាចទិញទំនិញដែលត្រូវការបានគ្រប់ពេលវេលា។ ហើយសូមបញ្ជាក់ផងដែរថា ការបើកដំណើរ24ម៉ោងជារៀងរាល់ថ្ងៃនេះ ជាយុទ្ធសាស្រ្តទើបតែបង្កើតថ្មីមុនគេ នៅប្រទេសជប៉ុនកាលពីឆ្នាំ 1975។

2. ផ្ដល់នូវផលិតផលដែលមានគុណភាពខ្ពស់

Suzuki បានគិតថា ដើម្បីធ្វើឱ្យ 7-Eleven អាចឈរជើងនៅលើទីផ្សារបានយូរអង្វែង លុះត្រាតែផ្តល់ឱ្យអតិថិជននូវផលិតផលដែលមានគុណភាពខ្ពស់។ ដូច្នេះដើម្បីអាចរកផលិតផលដែលមានគុណភាពខ្ពស់បាន តើ 7-Eleven បានធ្វើអ្វីខ្លះ? ខាងក្រោមនេះជាចម្លើយ៖

  • បើកម៉ាតនៅតំបន់មួយឱ្យល្បីល្បាញ៖ ដោយជ្រើសរើសទីតាំងនៅកន្លែងណាមួយដែលមានសក្ដានុពលខ្ពស់ បន្ទាប់មកបើកសាខានៅម្តុំនោះឱ្យបានច្រើនកន្លែង។ ធ្វើបែបនេះ ទើបអាចវាយលុកទីផ្សារបានលឿន ដោយអតិថិជនឆាប់ស្គាល់ និងពេលមនុស្សទៅណាមកណាក៏ឃើញតែ 7-Eleven។ ធ្វើបែបនេះ ក្នុងគោលបំណង ធ្វើឱ្យស្លាកយីហោរបស់ 7-Eleven កាន់តែល្បីល្បាញនៅតំបន់នោះ ព្រមទាំងងាយស្រួលក្នុងការដឹកជញ្ជូន និងផ្គត់ផ្គត់ទំនិញ ហើយនៅពេលដែលហាងមានប្រូមូសិនឬកម្មវិធីអ្វីមួយនឹងមានភាពសុះសាយក្នុងតំបន់នោះ។ មិនតែប៉ុណ្ណោះ ការជ្រើសរើសទីតាំងក៏ត្រូវគិតពីការផលិត ការដឹកជញ្ជូនពីរោងចក្រទៅកាន់ហាងដែរ។
  • ការដឹកជញ្ជូនរួមគ្នាបង្កើនប្រសិទ្ធភាពផ្គត់ផ្គង់៖ 7-Eleven បានធ្វើបដិវត្តន៍យ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញនិងសង្វាក់ផ្គត់ផ្គង់ផលិតផល។ ឧទាហរណ៍៖ ប្រភេទទឹកដោះគោ ជាទូទៅប្រេនទឹកដោះគោមានខុសៗគ្នាជាច្រើនមកពីរោងចក្រផ្សេងគ្នានិងការដឹកជញ្ជូនផ្សេងគ្នា ដូច្នេះទើប Suzuki បានឱ្យរោងចក្រផលិតទឹកដោះគោដែលនៅតំបន់ជិតគ្នាមកធ្វើការដឹកជញ្ជូនរួមគ្នាក្នុងឡានតែមួយ ពីព្រោះសុទ្ធតែទឹកដោះគោដូចគ្នា ហើយចំពោះប្រភេទផលិតផលផ្សេងៗក៏ដូចគ្នា ដែលជាហេតុធ្វើឱ្យការដឹកជញ្ជូននិងការផ្គត់ផ្គង់កាន់តែមានប្រសិទ្ធភាពជាងមុន។ លើសពីនេះ ការរៀបចំក៏មានរបៀបរៀបរយដែរ ដោយលោក Suzuki បានរៀបគ្រប់ផលិតផលដែលមាននៅក្នុងម៉ាតមកដាក់លើធ្នើរជាជួរៗតាមប្រេននិងប្រភេទផលិតផល ដើម្បីធ្វើឱ្យអតិថិជនងាយស្រួលជ្រើសរើសទៅតាមប្រភេទដែលពួកគេចង់បាន។ បន្ថែមពីនេះ Suzuki បានប្រើប្រាស់វិធីសាស្ត្រ គ្រប់គ្រងមុខទំនិញតាមសីតុណ្ហភាព ដើម្បីរក្សាទុកនិងធានាគុណភាព។
  • ការស្រាវជ្រាវផលិតផលថ្មី ដើម្បីធានាបានគុណភាពផលិតផលល្អ៖ Suzuki តែងតែនិយាយប្រាប់បុគ្គលិកជាច្រើនដងថា “គុណភាពជាជីវិតរបស់យើង បើហាងយើងគ្មានផលិតផលដែលមានគុណភាពទេ អតិថិជននឹងមិនមកទិញជាលើកទីពីរទេ ដូច្នេះគុណភាពផលិតផល គឺត្រូវគ្រប់គ្រងឱ្យបានល្អ”។ លើសពីនេះ ដើម្បីរក្សាបាននូវគុណភាពផលិតផល 7-Eleven និងអ្នកផ្គត់ផ្គង់បានរួមគ្នាបង្កើតសមាគមន៍មួយឱ្យឈ្មោះថា NDF ដែលជាបណ្តុំអ្នកផ្គត់ផ្គង់ទំនិញឱ្យម៉ាត 7-Eleven តែម្នាក់គត់ ដែលអាចធ្វើឱ្យគេគ្រប់គ្រងគុណភាពបានយ៉ាងល្អ។ លើសពីនេះ ដើម្បីរក្សារបាននូវគុណភាពឥតខ្ចោះ 7-Eleven តែងតែធ្វើការពិសោធស្រាវជ្រាវផលិតផលថ្មីៗមិនចេះចប់មិនចេះហើយឡើង និងមានការតឹងតែងបំផុតក្នុងការសម្រេចចិត្តដាក់ផលិតផលណាមួយលក់នៅលើម៉ាតមួយនេះ។
Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ