spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារយុទ្ធសាស្រ្តមិនឱ្យអតិថិជនតថ្លៃ ហើយព្រមទិញដោយសប្បាយចិត្ត

យុទ្ធសាស្រ្តមិនឱ្យអតិថិជនតថ្លៃ ហើយព្រមទិញដោយសប្បាយចិត្ត

-

នាពេលបច្ចុប្បន្ននេះ មានអាជីវកម្មជាច្រើនកំពុងបើកដំណើរការ ដូច្នេះអតិថិជនក៏មានជម្រើសច្រើនក្នុងការសម្រេចចិត្តទិញផលិតផលសេវាកម្មនៅក្នុងអាជីវកម្មណាក៏បាន ដែលពួកគេមានអារម្មណ៍សប្បាយចិត្ត និងមានទំនុកចិត្ត។

ម្យ៉ាងទៀត ទំនោររបស់អតិថិជនភាគច្រើនចូលចិត្តតថ្លៃ ហើយធ្វើការសម្រេចចិត្តយឺតយ៉ាវក្នុងការទិញ ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្ម ក៏ដូចជាអ្នកធ្វើទីផ្សារ និងអ្នកលក់ តើគួរធ្វើបែបណា ដើម្បីបញ្ឈប់ការតថ្លៃរបស់អតិថិជន ហើយជំរុញឱ្យអតិថិជនសម្រេចចិត្តទិញបានលឿន ហើយទិញទាំងភាពសប្បាយរីករាយ?

ខាងក្រោមនេះ ជាយុទ្ធសាស្រ្តមួយចំនួន ដែលម្ចាស់អារម្មណ៍ អ្នកធ្វើទីផ្សារ និងអ្នកលក់ អាចយកមកអនុវត្តន៍បាន។

1. ពង្រឹងកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យមានភាពរឹងមាំ

ម្ចាស់អាជីវកម្ម និងអ្នកធ្វើទីផ្សារ គួរតែរិះគិតឱ្យបានលំអិតអំពីវិធីសាស្រ្តដើម្បីកសាងកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យកាន់តែមានទីផ្សារទូលំទូលាយ ព្រមទាំងមានភាពពេញនិយមច្រើន។ ជាពិសេស ធ្វើឱ្យកេរ្តិ៍ឈ្មោះម៉ាកយីហោមានភាពល្បីល្បាញ គួរជាទីទុកចិត្តសម្រាប់អតិថិជនគ្រប់រូប។

នៅក្នុងចំណុចនេះ ដើម្បីធ្វើឱ្យកេរ្តិ៍ឈ្មោះអាជីវកម្មមានភាពរឹងមាំ អ្នកគួរគិតផ្ដោតលើ៖

  • គុណភាពផលិតផល
  • របៀបធ្វើទីផ្សារផ្សព្វផ្សាយ
  • បង្ហាញពីទស្សនវិស័យ បេសកកម្ម និងគុណតម្លៃរបស់ក្រុមហ៊ុន
  • បង្ហាញពីអត្ថប្រយោជន៍ដែលផលិតផលមាននៅក្នុងក្រុមហ៊ុន បានជួយអ្វីដល់សង្គម និងមនុស្សជាតិ
  • កេរ្តិ៍ឈ្មោះម្ចាស់អាជីវកម្មផ្ទាល់
  • ទំនាក់ទំនងជាមួយនឹងអតិថិជន
  • បង្កើតបណ្ដាញដែលពាក់ព័ន្ធ និងបណ្ដាញដែលជួយជ្រោមជ្រែងឱ្យបានច្រើន
  • ការពង្រីកអាជីវកម្ម

ចូរចងចាំថា កេរ្តិ៍ឈ្មោះអាជីវកម្មល្អ អតិថិជនមានការទុកចិត្ត និងមិនសូវតថ្លៃជាមួយនឹងអ្នកឡើយ ព្រមទាំងសម្រេចចិត្តដោយមានភាពរីករាយ ហើយពួកគេក៏មិនស្ដាយនឹងអ្វីដែលពួកគេចំណាយឡើយ។

2. កំណត់តម្លៃស្ដង់ដារ

ត្រង់ចំណុចនេះ ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែគិតផ្ដោតថា តើអតិថិជនគោលដៅរបស់អ្នក ជាប្រភេទអ្នកមានលុយច្រើន អ្នកមានលុយមធ្យម ឬអ្នកមានលុយតិច? តើពួកគេមានការចំណាយបែបណា? បន្ទាប់មក ត្រូវកំណត់តម្លៃស្ដង់ដារមួយសម្រាប់ផលិតផលរបស់អ្នក។

ការកំណត់តម្លៃស្ដង់ដារ ជារឿងមួយសំខាន់។ ចូរចងចាំថា ប្រសិនបើអតិថិជនគោលដៅរបស់អ្នក ជាប្រភេទមនុស្សអ្នកមានលុយច្រើន នោះពួកគេនឹងចំណាយលុយតែលើប្រភេទផលិតផលណាដែលមានគុណភាពល្អ និងមានតម្លៃថ្លៃ ប៉ុន្តែប្រសិនបើផលិតផលរបស់អ្នកមានតម្លៃទាបពេក ក៏ពួកគេមិនចំណាយលើដែរ។ ដូច្នេះអ្នកត្រូវតែសិក្សាអំពីចរិតលក្ខណៈនៃរបៀបចាយលុយរបស់ប្រភេទអតិថិជនរបស់អ្នក បន្ទាប់មកកំណត់តម្លៃស្ដង់ដាររបស់ផលិតផលរបស់អ្នក ដោយភ្ជាប់ជាមួយនឹងសារសំខាន់ដែលរំលេចនៅលើផលិតផលរបស់អ្នក។

ធ្វើបែបនេះ អតិថិជនក៏ពិបាកនឹងតថ្លៃជាមួយនឹងអ្នកដែរ ពីព្រោះអ្នកបានកំណត់តម្លៃស្ដង់ដារមួយសម្រាប់ផលិតផលរបស់អ្នក ហើយមនុស្សទូទៅសុទ្ធតែដឹងថា ផលិតផលរបស់អ្នកភាគច្រើនមានតម្លៃប៉ុណ្ណា ហើយប្រសិនបើផលិតផលរបស់អ្នក មានអ្នកផ្សេងយកទៅលក់បន្តនៅក្នុងតម្លៃទាបជាងអ្នក នោះអតិថិជននឹងមានការសង្ស័យ ឬមិនទុកចិត្ត ខ្លាចប៉ះចំផលិតផលក្លែងក្លាយ ហើយមិនហ៊ានទិញនោះទេ ប៉ុន្តែពួកគេនឹងសម្រេចចិត្តទិញផលិតផលរបស់អ្នកក្នុងតម្លៃដែលអ្នកបានកំណត់នៅកន្លែងផ្សេង។

3. លក់គុណតម្លៃ ជាជាងបង្ខំឱ្យអតិថិជនទិញ

ត្រង់ចំណុចនេះ ផ្ដោតលើម្ចាស់អាជីវកម្ម ត្រូវបង្រៀនក្រុមអ្នកលក់ទាំងអស់ ឱ្យយល់ច្បាស់អំពីអ្វីដែលពួកគេកំពុងលក់។ បន្ទាប់មក ត្រូវបណ្ដុះបណ្ដាលក្រុមអ្នកលក់ឱ្យចេះពីរបៀបលក់ និងចេះពីវិធីបង្ហាញគុណប្រយោជន៍ ក៏ដូចជាគុណតម្លៃរបស់ផលិតផលដែលពួកគេកំពុងលក់ទៅកាន់អតិថិជន។ លើសពីនេះ ក្រុមអ្នកលក់ ក៏ត្រូវចេះមានភាពបត់បែនដោយខ្លួនឯង និងចេះណែនាំផលិតផលទៅកាន់អតិថិជន ព្រមទាំងអស់ជួយផ្ដល់តម្រូវការដែលអតិថិជនចង់បាន។

ឧទាហរណ៍ នៅពេលអតិថិជនទិញផលិតផលអ្វីមួយពីក្រុមហ៊ុនរបស់អ្នក ហើយអតិថិជនបាននិយាយថា ហេតុអ្វីផលិតផលនេះថ្លៃម្ល៉េះ? តើអាចចុះតម្លៃបានទេ? ដូច្នេះក្នុងនាមជាអ្នកលក់ អាចនិយាយបង្ហាញថា ហេតុអ្វីផលិតផលនោះថ្លៃ? ដោយនិយាយថា ផលិតផលនេះ នាំចូលមកពីប្រទេសណាមួយ ឬនាំចូលមកពីក្រុមហ៊ុនមួយដែលមានភាពល្បីល្បាញ ហើយវាជាផលិតផលលក់ដាច់ខ្លាំង និងវាជួយ… (បង្ហាញពីសារៈសំខាន់ដែលផលិតផលនោះមាន ដោយនិយាយសង្ខេបៗ ដែលជាចំណុចសំខាន់) ។ និយាយបែបនេះ អតិថិជននឹងមានអារម្មណ៍ ផលិតផលរបស់អ្នកមានគុណភាពល្អ ហើយវាសមនឹងតម្លៃដែលអ្នកកំពុងលក់។

4. បង្កើតជម្រើសដល់អតិថិជន

ត្រង់ចំណុចនេះ ក្នុងនាមជាអ្នកលក់ ត្រូវតែមានការយល់ដឹងអំពីផលិតផលដែលខ្លួនកំពុងលក់ឱ្យបានច្រើន ព្រមទាំងដឹងថា ស្ដុកឥវ៉ាន់របស់ខ្លួននៅសល់ប៉ុន្មាន។ ធ្វើបែបនេះ ដើម្បីការពារថា នៅពេលផលិតផលមួយដែលអតិថិជនត្រូវការ តែអស់ស្ដុក តើយើងនឹងណែនាំអ្វីទៅកាន់អតិថិជន? ឬប្រសិនបើផលិតផលណាមួយដែលអតិថិជនចង់បាន វាថ្លៃពេក អតិថិជនគ្មានលុយគ្រប់ ឬចង់តថ្លៃ អ្នកអាចបង្ហាញផលិតផងផ្សេងដែលស្រដៀងគ្នា មកបង្ហាញ ដើម្បីធ្វើយ៉ាងឱ្យអតិថិជនកាន់តែមិនអាចប្រកែកមិនទិញមិនបាន ឬមិនគិតយូរឡើយ។

ឧទាហរណ៍ គាត់ចង់ទិញផលិតផលមួយក្នុងក្រុមហ៊ុនរបស់អ្នក ហើយផលិតផលនោះតម្លៃថ្លៃ ហើយគាត់គ្មានលុយគ្រប់ ឬមានចិត្តស្ទាក់ស្ទើរ ដូច្នេះក្នុងនាមជាអ្នកលក់ ត្រូវផ្ដល់ជម្រើសមួយទៀតដែលល្អ ដើម្បីធ្វើឱ្យគាត់កាន់តែមានជម្រើស ហើយសម្រេចចិត្តទិញ តាមរយៈបង្ហាញផលិតផលថ្មីមួយទៀត ដែលមានលក្ខណៈស្រដៀងគ្នានឹងផលិតផលដែលមានតម្លៃថ្លៃនោះ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ