ថ្វីត្បិតតែវីតាមីនគឺជាសារធាតុដែលទ្រទ្រង់ដល់សុខភាពរបស់យើងគ្រប់រូប ប៉ុន្តែវីតាមីនខ្លះអាចនឹងផ្តល់គ្រោះថ្នាក់ដល់មនុស្សនៅពេលដែលគេទទួលទានវាក្នុងកម្រិតច្រើនលើសពីតម្រូវការ។ ជាក់ស្តែង យោងតាមការសិក្សាមួយបានឲ្យដឹងថា គ្រាប់ថ្នាំបំប៉នវីតាមីនE អាចបង្កើនកម្រិតនៃការប្រឈមមុខនៃការកើតជម្ងឺមហារីកប្រូស្តាត។
ការសិក្សារនេះធ្វើឡើងទៅលើក្រុមមនុស្សប្រុសដែលទទួលទានថ្នាំវីតាមីនEកម្រិតខ្ពស់រយៈពេល៥ឆ្នាំ។ លទ្ធផលបានបង្ហាញឲ្យឃើញថា ពួកគេទាំងនោះនឹងអាចប្រឈមមុខនឹងការកើតជម្ងឺមហារីកប្រូស្តាត ដែលភាគរយនៃការកើតគឺមានច្រើនជាងធៀបនឹងមនុស្សធម្មតា។
លោកវេជ្ជបណ្ឌិត Eric Klein ដែលជាគ្រូពេទ្យប្រចាំឃ្លីនិក Cleveland បានលើឡើងថា “មនុស្សភាគច្រើនយល់ឃើញថា វីតាមីនគឺជាសារធាតុដែលមិនផ្តល់គ្រោះថ្នាក់ ដោយគេចាត់ទុកវាដូចជាស៊ុបមាន់អញ្ចឹង ដែលទទួលទានលើសបន្តិចក៏មិនអីដែរ”។ គាត់ក៏បានបន្ថែមទៀតថា “ ប្រសិនបើអ្នកមានវីតាមីនគ្រប់គ្រាន់នៅក្នុងខ្លួនហើយ ការទទួលទានបន្ថែមគឺមិនបានផ្តល់ផលប្រយោជន៍អ្វីដល់អ្នកទេ។ ប៉ុន្តែបើអ្នកទទួលទានវាច្រើនពេក វាអាចផ្តល់គ្រោះថ្នាក់ដល់អ្នកបាន”។
ការពិសោធន៍ទៅលើមនុស្សប្រុសដែលទទួលទានថ្នាំគ្រាប់វីតាមីនEប្រភេទ៤០០រាល់ថ្ងៃរយៈពេល៥ឆ្នាំបានបង្ហាញឲ្យឃើញថា ពួកគេនឹងប្រឈមមុខនឹងការកើតជម្ងឺមហារីកប្រូស្តាត១៧%ច្រើនជាងអ្នកដែលទទួលទានDummy Pills។
អាត្រានៃការប្រឈមមុខនឹងជម្ងឺមហារីកប្រូស្តាតកាន់តែខ្ពស់ នៅពេលដែលអាយុកាន់តែច្រើន។ អាការៈនៃជម្ងឺនេះគឺពិបាកនឹងប៉ាន់ស្មានណាស់។ អាការៈនៃជម្ងឺមានដូចជាការនោមញឹកញាប់ ប៉ុន្តែអាការៈបែបនេះក៏អាចកើតឡើងពីជម្ងឺផ្សេងៗផងដែរ។ ប្រសិនបើការរីករាលដាលនៃជម្ងឺមានសភាពយឺតនោះ នោះអ្នកជម្ងឺមិនមានសភាពធ្ងន់ធ្ងរប៉ុន្មានទេ។ ប៉ុន្តែករណីខ្លះតម្រូវអោយមានការវះកាត់ដើម្បីព្យាបាល ដែលវិធីនេះអាចធ្វើអោយប៉ះពាល់ដល់ប្រព័ន្ធបន្តពូជ ។
ថ្នាំគ្រាប់បំប៉នវីតាមីនEត្រូវបានគេផ្សព្វផ្សាយថាគឺជាភ្នាក់ងារប្រឆាំងនឹងជម្ងឺ ប៉ុន្តែយោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានធ្វើការបដិសេធទាំងស្រុងនូវការលើកឡើងខាងលើ។ ផ្ទុយទៅវិញ អ្នកវិទ្យាសាស្ត្របានបន្ថែមថា ថ្នាំគ្រាប់ទាំងនោះអាចនឹងធ្វើឲ្យកើនឡើងការប្រឈមនឹងគ្រោះថ្នាក់ចំពោះជម្ងឺផ្សេងៗ ឧទាហរណ៍ដូចជា ការចុះខ្សោយនៃបេះដូងជាដើម។
អ្នកជំនាញជាច្រើនបានយល់ស្របគ្នាថា ចំណីអាហារគឺជាប្រភពដ៏ពិសេសតែមួយគ់តក្នុងការទទួលបាននូវសារធាតុវីតាមីនសម្រាប់ទ្រទ្រង់សុខភាព។ ហើយសម្រាប់សារធាតុវីតាមីនEវិញ យើងអាចរកបានពីអាហារជាច្រើនដូចជា ប្រភេទគ្រាប់ធុញ្ញជាតិ ប្រេងបន្លែ គ្រាប់សណ្តែក ។ល។ សារធាតុអាហារទាំងនេះ ជួយអោយប្រព័ន្ធប្រសាទ សាច់ដុំ សរសៃឈាម ប្រព័ន្ធការពារសារពាង្គកាយមានដំណើរការល្អ។
ដូចនេះ មុននឹងធ្វើការទទួលទានវីតាមីនបន្ថែម ប្រិយមិត្តគួរតែធ្វើការពិព្រោះជាមួយនឹងគ្រូពេទ្យ ឬអ្នកជំនាញជាមុនសិន ដើម្បីជៀសវាងការប្រឈមមុខនឹងគ្រោះថ្នាក់ដល់សុខភាព។ ចូរចងចាំថា អ្វីៗក៏ដោយឲ្យតែហួសកម្រិត គឺមិនដែលល្អនោះទេ។
បន្ថែម៖ ប្រសិនបើប្រិយមិត្តចង់ដឹងព័ត៌មានបន្ថែមដែលទាក់ទង់នឹងជម្ងឺមហារីកប្រូស្តាត លោកអ្នកអាចចុចត្រង់នេះដើម្បីធ្វើការស្តាប់ការពន្យល់របស់វេជ្ជបណ្ឌិតជំនាញនៅក្នុងកម្មវិធីសុខភាពនិងអនាម័យរបស់វិទ្យុបារាំងអន្តរជាតិជាភាសាខ្មែរ។
ឯកសារយោង៖