លោក ដាញ់ ហុង គឺជាអ្នកបង្កើតខ្មែរយូនីកូដមុនគេ ដែលខ្មែរយើងហៅថាស្ថាបនិកខ្មែរយូនីកូដ ព្រមទាំងបង្កើតកម្មវិធីសម្រាប់ពិនិត្យអក្ខរាវិរុទ្ធខ្មែរនៅក្នុងឆ្នាំ 2019 ដែលគាត់បានដាក់ឈ្មោះថា Nextspell។ គួរបញ្ជាក់ផងដែរថា លោក ដាញ់ កើតឆ្នាំ 1972 នៅក្នុងគ្រួសារកសិករខ្មែរក្រោមមួយនៅខេត្តពលលាវ នៃដែនដីកម្ពុជាក្រោម ឬខាងត្បូងប្រទេសវៀតណាមសព្វថ្ងៃ។
ប្រវត្តិសង្ខេប
នៅឆ្នាំ 1991 ក្រោយពីប្រលងបញ្ចប់សញ្ញាប័ត្របាក់ឌុប លោក ដាញ់ ហុង បានទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រនៅសាកលវិទ្យាល័យច្បាប់នៅទីក្រុងព្រៃនគរ ដែលបច្ចុប្បន្នមានឈ្មោះថា ទីក្រុងហូជីមិញ។ ការចាកចេញពីស្រុកកំណើតមកបន្តការសិក្សានេះ ដោយសារតែពេលនោះរដ្ឋាភិបាលវៀតណាមបានផ្ដល់អាហារូបករណ៍មួយឆ្នាំសម្រាប់វគ្គរៀនត្រៀមប្រឡង។ បន្ទាប់ពីបញ្ចប់ការរៀនត្រៀមនេះមួយឆ្នាំ គេនឹងជ្រើសរើសសិស្សណាដែលមានសមត្ថភាព និងបានប្រឡងជាប់ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពេញប្រាំឆ្នាំ។
ដើមហេតុនៃការបង្កើតយូនីកូដខ្មែរ
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថាលោកស្រលាញ់លើជំនាញច្បាប់ ប៉ុន្តែក្រោយមកក៏ចាប់អាជីពជាជំនាញ IT ដែលរចនាខ្មែរយូនីកូដ ដោយសារកាលពីនៅជានិស្សិតឆ្នាំទីមួយផ្នែកច្បាប់នេះ ក្រុមហ៊ុនវៀតណាមមួយដែលមានឈ្មោះថា CINOTEC ដែលជាក្រុមហ៊ុនធ្វើពុម្ព (Font) ខ្មែរ យកមកលក់នៅស្រុកខ្មែរ។ ចាប់តាំងពីពេលនោះមកលោកក៏ចាប់អារម្មណ៍ក្នុងការរចនាពុម្ពដែរ ប៉ុន្តែមិនទាន់ចេញជារូបរាងទេ។
ក្រោយៗមកលោកក៏ចាប់ផ្ដើមមានស្នាដៃធ្វើវចនានុក្រមវៀតណាម-ខ្មែរ និងចូលធ្វើការជាផ្នែករចនា និងបង្កើតអក្សរនៅមជ្ឈមណ្ឌលខេមរសិក្សារបស់អាមេរិកប្រចាំនៅខេត្តសៀមរាបក្នុងឆ្នាំ2000ដល់2003។ បន្ទាប់មកលោកដាញ់ ហុង បានស្គាល់បុរសជនជាតិអេស្ប៉ាញកម្រិតអនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រម្នាក់ ហើយពួកគេក៏មូលមតិគ្នាបង្កើតគម្រោង Khmer OS ស្នើទៅអង្គការ Open Forum នៅ ឆ្នាំ2003 ប៉ុន្តែរហូតដល់ឆ្នាំ2004 ទើបខាងអង្គការសម្រេចទទួលសំណើរនោះ។
ក្រៅពីនេះ លោកក៏បានចូលបម្រើការជាអ្នកយកព័ត៌មានឱ្យវិទ្យុអាស៊ីសេរី (RFA) ភាសាវៀតណាម និងបានក្លាយជាប្រធានគ្រប់គ្រងនៅទីនោះ បន្ទាប់មកក្លាយជាអ្នករចនាគេហទំព័រវិទ្យុអាស៊ីសេរីជាភាសាខ្មែរវិញ។ ទំនេរពីការងារ លោកក៏បានព្យាយាមខិតខំសិក្សាស្រាវជ្រាវពីប្រព័ន្ធអ៊ីនធឺណិតផ្នែករចនាពុម្ពអក្សរជាច្រើន។ ការតស៊ូព្យាយាម និងការមានគោលបំណងចង់ឱ្យភាសាខ្មែរមានកេរ្តិ៍ឈ្មោះនិងមានការប្រើប្រាស់ទូលំទូលាយនៅជុំវិញពិភពលោក បានធ្វើឱ្យលោកសម្រេចបង្កើតខ្មែរយូនីកូដ (Font Khmer Unicode) ដែលយើងប្រើប្រាស់សព្វថ្ងៃ។
អ្វីដែលត្រូវដឹងនៃការធ្វើបច្ចុប្បន្នភាពថ្មី
លើសពីនេះ បើយោងតាមទំព័រផ្លូវការឈ្មោះ អាក្បាលធំ / AKbalthom បានបង្ហាញថានៅឆ្នាំ2022 នេះ ចំនួនពុម្ពអក្សរ សរុបចំនួន118 ដែលយើងអាចទាញយកពីក្នុងអ៊ីនធឺណិតបាន។ ម្យ៉ាងទៀតថ្មីៗនេះ តារាងពុម្ពអក្សរ និងកញ្ចប់ពុម្ពអក្សររបស់លោក ដាញ់ ហុង មានការធ្វើបច្ចុប្បន្នភាពថ្មី ដោយមានពុម្ពខ្លះមានរូបរាងដូចគ្នាតែឈ្មោះខុសគ្នាបន្តិចដោយសារប្រើក្នុងគោលបំណងផ្សេងៗគ្នា៖
- ពុម្ពអក្សរដែលមានឈ្មោះខ្លី គឺជាពួកពុម្ពអក្សរខ្មែរ Google បង្កើតសម្រាប់ប្រើជាមួយគេហទំព័រ ដែលស្រាល មានល្បឿនលឿន តែក៏អាចយកមកប្រើលើកុំព្យូទ័រជាមួយកម្មវិធីរចនានានាបាន ។
- ពុម្ពអក្សរដែលផ្ដើមដោយពាក្យ Kh គឺជាពុម្ពចាស់ៗ ដែលបង្កើតសម្រាប់កម្មវិធីរចនា Adobe ។
- ពុម្ពអក្សរដែលផ្ដើមដោយពាក្យ Khmer OS គឺជាក្រុមពុម្ពអក្សរដំបូងរបស់ពុម្ពខ្មែរយូនីកូដយើង បង្កើតផ្ដោតជាមួយកម្មវិធី Office តែក៏អាចប្រើជាមួយកម្មវិធី Adobe បានដែរ ពីព្រោះបាន update ធ្វើឱ្យដំណើរការហើយ។
- ពុម្ពអក្សរ NiDA ជាក្រុមពុម្ពអក្សរស្ថិតក្រោម អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា ហៅកាត់ថា អ.អ.ប.គ.ព ឬ NiDA ដែលមានក្ដារចុចនិងពុម្ពអក្សរ កម្មវិធីoffice មួយចំនួន។ ប៉ុន្តែឥឡូវមិនដឹងនៅបន្តឬក៏ឈប់នោះទេ។
តំណភ្ជាប់ទាញយកពុម្ពអក្សរ៖