spot_img
spot_img
Homeយុទ្ធសាស្ត្រលក់កំហុសរបស់អ្នកលក់ ដែលធ្វើឱ្យអតិថិជនស្អប់ និងឈប់មកម្ដងទៀត

កំហុសរបស់អ្នកលក់ ដែលធ្វើឱ្យអតិថិជនស្អប់ និងឈប់មកម្ដងទៀត

-

ក្នុងនាមជាអ្នកលក់ ច្បាស់ណាស់អាចនឹងជួបជាមួយអតិថិជនល្អ ឬពេលខ្លះមិនល្អ ប៉ុន្តែទោះបីជាយ៉ាងណាប្រសិនបើអ្នកជាអ្នកលក់ដ៏ល្អ អ្នកនឹងមានដំណោះស្រាយ។ ម្យ៉ាងទៀត ប្រសិនបើអ្នកមិនព្យាយាមធ្វើជាអ្នកលក់ដ៏ល្អនោះទេ អ្នកនឹងធ្វើឱ្យហាងដែលអ្នកកំពុងធ្វើការនោះនឹងបាត់បង់អតិថិជន ព្រមទាំងអាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះហាងផងដែរ។ ហេតុអ្វី? គឺតាមរយៈកំហុសរបស់អ្នកលក់ចំនួន 3 ដែលអាចធ្វើឱ្យអតិថិជនស្អប់ និងពួកគេឈប់មកម្ដងទៀត។

1. គ្មានការស្វាគមន៍ជាអតិថិជន

នៅពេលអតិថិជនចូលមកកាន់ហាង ឬក្រុមហ៊ុនរបស់ខ្លួន បែរជាគ្មាននរណាមករួសរាយរាក់ទាក់ ឬមកសួរនាំអ្វីសោះឡើយ ដែលជាកត្តាធ្វើឱ្យអតិថិជនមានអារម្មណ៍មិនល្អតាំងពីដំបូង។ លើសពីនេះ អ្នកលក់ទាំងអស់ បែរជាមិនរុះរាន់ក្នុងការផ្ដល់សេវាកម្មដ៏ល្អជូនអតិថិជនឡើយ ដោយពេលខ្លះអតិថិជនចូលមកកាន់តែជាង 15នាទីហើយ ប៉ុន្តែមិនទាន់មកសួរអំពីតម្រូវការដែលអតិថិជនចង់បានសោះ សួរថា ប្រសិនបើអតិថិជននោះ គឺជាអ្នកវិញ តើអ្នកនឹងបន្តចង់ទិញ ឬក៏ដើរចេញ?

កត្តានេះហើយ ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវតែរៀបចំប្រព័ន្ធធ្វើការរបស់បុគ្គលិក ដើម្បីធានាថា គ្រប់ងអតិថិជនរបស់អ្នកដែលបានដើរចូលមកកាន់ហាងរបស់អ្នក គ្រប់បុគ្គលិកត្រូវតែមានការស្វាគមន៍ និងធ្វើឱ្យអតិថិជនទាំងអស់មានអារម្មណ៍ស្រស់ស្រាយតាំងពីដើរចូលហាងរបស់អ្នកដំបូង។

2. បង្ហាញពីអាកប្បកិរិយាមិនល្អរបស់ខ្លួន

តើអ្នកធ្លាប់ទេ នៅពេលអ្នកស្នើសុំអ្វីមួយពីអ្នកលក់ ប៉ុន្តែត្រូវអ្នកលក់ទាំងនោះបង្ហាញពីការមិនឱ្យតម្លៃ ឬមិនអើពើនឹងអ្នក? តើអ្នកនឹងមានអារម្មណ៍បែបណា?

ម្យ៉ាងទៀត អាចអ្នកលក់មួយចំនួនបង្ហាញពីការមិនសូវខ្វល់ខ្វាយ និយាយមិនពិរោះជាមួយនឹងអតិថិជន​ និយាយដើមអតិថិជននៅនឹងមុខអតិថិជន ឬស្ដីឱ្យអតិថិជនវិញជាដើម។ ដូច្នេះសំណួរសួរថា បើទង្វើរទាំងឡាយណាដែលធ្វើឱ្យអតិថិជនមានអារម្មណ៍ខឹង ឬមិនស្រណុកនៅក្នុងចិត្ត តើពួកគាត់នឹងសប្បាយរីករាយនឹងមកម្ដងទៀតដែរឬទេ? ហើយពួកគេអាចរិះគន់ហាងរបស់អ្នកតាមរយៈប្រព័ន្ធសង្គមឬទេ? ច្បាស់ណាស់ គឺអាច។

ហេតុដូចនេះ ក្នុងនាមជាអ្នកដឹកនាំ​ ក៏ត្រូវពិចារណាឱ្យបានច្បាស់មុននឹងជ្រើសរើសបុគ្គលិកផ្នែកលក់មកធ្វើការ ព្រមទាំងត្រូវបណ្ដុះបណ្ដាលពួកគេអំពីការផ្ដល់សេវាកម្មល្អដល់អតិថិជន និងការចៀសវាងនូវអាកប្បកិរិយាផ្សេងៗ។

3. បង្ហាញពីការមិនយល់ចិត្តដល់អតិថិជន

អតិថិជនគ្រប់រូបតែងតែចង់ទទួលបានការយល់ចិត្តពីអ្នកលក់ ព្រមទាំងចង់ឱ្យអ្នកលក់អាចផ្ដល់នូវអ្វីដែលពួកគេចង់បាន ដូច្នេះការយល់ចិត្តអតិថិជនជារឿងសំខាន់ណាស់។ ប្រសិនបើអ្នកជាអ្នកលក់ ប៉ុន្តែអ្នកមិនចេះបង្ហាញពីការយល់ចិត្តដល់អតិថិជន មិនចេះសួរនាំអំពីតម្រូវការរបស់អតិថិជន និងមិនព្យាយាមផ្ដល់ដំណោះស្រាយដ៏ល្អជូនអតិថិជនទេ នោះវាពិតជាកំហុសធ្ងន់របស់អ្នក។

ដូច្នេះប្រសិនបើអ្នកចង់ខ្លាំងលើផ្នែកនេះ អ្នកក៏ត្រូវព្យាយាមហ្វឹកហាត់ខ្លួនឯងឱ្យក្លាយជាអ្នកលក់ពូកែ និងមានសមត្ថភាពខ្លាំងក្នុងការផ្ដល់សេវាកម្មដ៏ល្អជូនអតិថិជន។ នៅក្នុងចំណុចនេះ ថ្នាក់ដឹកនាំ ក៏ត្រូវយកចិត្តទុកដាក់ផងដែរ ដោយត្រូវមានការហ្វឹកហាត់បុគ្គលិកឱ្យចេះវិធីយល់ចិត្តអតិថិជន។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ