ការចុះបញ្ជីអាជីវកម្មពិតជាមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប ប៉ុន្តែមុននឹងសម្រេចចិត្តចុះបញ្ជីអាជីវកម្មនេះ ម្ចាស់អាជីវកម្មក៏ត្រូវសិក្សាឈ្វេងយល់ឱ្យច្បាស់ជាមុនសិន មុននឹងសម្រេចចិត្តចុះបញ្ជីអាជីវកម្មរបស់ខ្លួនឯងផងដែរ។
បើយោងតាមប្រសាសន៍លោកស្រី ប៉ោ ជូ អគ្គនាយិកាគ្រប់គ្រងក្រុមហ៊ុនឯកជនមួយ បានផ្ដល់ដំបូន្មានថា ម្ចាស់អាជីវកម្មត្រូវពិចារណាលើ 3 ចំណុចមុនពេលសម្រេចចិត្តចុះបញ្ជីអាជីវកម្ម រួមមាន៖
ទី1. មុនចុះបញ្ជីអាជីវកម្ម៖ អ្នកត្រូវគិតពិចារណាថា តើអ្នកត្រូវត្រៀមឯកសារអ្វីខ្លះ? តើត្រូវជ្រើសរើសប្រភេទអាជីវកម្មបែបណា? តើគួរជ្រើសរើសបែបអាជីវកម្មខ្នាតតូច ខ្នាតមធ្យម ឬកម្រិតណា?
ទី2. អំឡុងពេលចុះបញ្ជីអាជីវកម្ម៖ នៅពេលចុះបញ្ជីអាជីវកម្ម អ្នកត្រូវតែដឹងថា តើអ្នកគួរសម្រេចចិត្តចុះបញ្ជីខ្លួនឯង ឬចុះតាមរយៈភ្នាក់ងារ ឬក៏ទាក់ទងជាមួយមិត្តភក្តិដើម្បីផ្ដល់ជាជំនួយ?
ទី3. ក្រោយពីចុះបញ្ជីអាជីវកម្ម៖ ក្រោយពេលចុះបញ្ជីអាជីវកម្មរួចរាល់ អ្នកត្រូវដឹងថា តើអ្នកត្រូវមានកាតព្វកិច្ចអ្វីខ្លះដែលត្រូវបំពេញ ដើម្បីធ្វើការងារឱ្យស្របច្បាប់ក្រោយពេលដែលអ្នកទទួលបានអាជ្ជាប័ណ្ឌ ឬលិខិតបញ្ជាក់នៃការចុះបញ្ជីពាណិជ្ជកម្ម។
ទោះបីជាយ៉ាងនេះក្ដី ក្រោយពីអ្នកចុះបញ្ជីអាជីវកម្មរបស់អ្នករួចហើយ អ្នកក៏ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនរួមមាន៖
1. បង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនសម្រាប់អាជីវកម្មរបស់អ្នក ព្រមទាំងអាចរក្សាកម្មសិទ្ធិឈ្មោះក្រុមហ៊ុនរបស់អ្នកមិនឱ្យក្រុមហ៊ុនផ្សេងយកដាក់បាន
2. ជៀសវាងការផាកពិន័យផ្សេងៗ និងការតម្រូវឱ្យបិទទ្វារអាជីវកម្ម
3. ទាក់ទាញអតិថិជន (ក្រុមហ៊ុនធំ) ដែលបញ្ជាទិញក្នុងទំហំធំ ព្រោះគ្មានក្រុមហ៊ុនធំណា ចង់រកស៊ីជាមួយអាជីវកម្មដែលមិនចុះបញ្ជីនោះទេ
4. ជួយសម្រួលដល់កម្ចីប្រាក់ពីធនាគារ និងការវិនិយោគពីវិនិយោគិន
5. ទទួលបានអត្ថប្រយោជន៍ផ្សេងៗពីបេឡាជាតិរបបសន្តិសុខសង្គមសម្រាប់និយោជិតរបស់អ្នក
6. បំពេញកាតព្វកិច្ចជាពលរដ្ឋ ក្រោមច្បាប់និងបទប្បញ្ញត្តិនៃប្រទេសកម្ពុជា ដើម្បីទទួលបានការគាំពារតាមផ្លូវច្បាប់
7. នៅពេលចុះបញ្ជីអាជីវកម្ម នោះម្ចាស់អាជីវកម្មមានសិទ្ធិពេញលេញក្នុងការជួលបុគ្គលិកពេញម៉ោង និងផ្ដល់ប្រាក់ដល់ពួកគេ