spot_img
spot_img
Homeបច្ចេកវិទ្យា10 ជំនាញដែលមនុស្សយន្តមិនអាចជំនួសនៅកន្លែងធ្វើការបាន

10 ជំនាញដែលមនុស្សយន្តមិនអាចជំនួសនៅកន្លែងធ្វើការបាន

-

នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាក៏កំពុងតែមានភាពជឿនលឿនយ៉ាងខ្លាំង ហើយក៏មានមនុស្សយន្តជាច្រើនដែលអាចជំនួសការងារឱ្យមនុស្សផងដែរ។ កត្តានេះហើយ ដែលបានធ្វើឱ្យមនុស្សមួយចំនួនត្រូវរៀនជំនាញថ្មី ដើម្បីការពារភាពគ្មានការងារធ្វើ ជាពិសេសវាក៏ផ្ដល់ជាជំនួយដល់ផលិតភាពការងារជាច្រើនឱ្យមានដំណើរការល្អ ហើយមានភាពលឿនផងដែរ និងមានការចំណេញច្រើន។

ជំនាញដែលមនុស្សយន្តមិនអាចជំនួសបាន

ទោះបីជាយ៉ាងនេះក្ដី ក៏មានជំនាញមួយចំនួនដែលមនុស្សយន្តមិនអាចធ្វើការជំនួសមនុស្សផងដែរ ដែលវាទាមទារជាចាំបាច់ឱ្យមនុស្សធ្វើកិច្ចការងារទាំងនោះ។ ខាងក្រោមនេះ យើងនឹងបង្ហាញជំនាញចំនួន 10 ដែលមនុស្សយន្តមិនទាន់អាចធ្វើការជំនួសមនុស្សបាន។

1. ការ​ត្រិះរិះ​ពិចារណា

នៅក្នុងពិភពលោកនេះ​ ពោរពេញទៅដោយព័ត៌មាន និងទិន្នន័យជាច្រើន ទាំងព័ត៌មានពិត ព័ត៌មានក្លែងក្លាយ ការឃោសនា និងជាច្រើនទៀត ដែលទាមទារឱ្យមនុស្សមានជំនាញត្រិះរិះគិតពិចារណាខ្លាំង ដោយអាចវិនិច្ឆ័យពីគុណភាពនៃប្រភពព័ត៌មានបានយ៉ាងត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាជ្រើសរើសព័ត៌មានត្រឹមត្រូវក្នុងការជំរុញភាពជោគជ័យនៅក្នុងក្រុមហ៊ុន។ ហើយបច្ចុប្បន្ននេះ មនុស្សយន្តមិនទាន់អាចធ្វើរឿងនេះបាន 100% នៅឡើយទេ គឺវានៅតែត្រូវការមនុស្សជាចាំបាច់ក្នុងការជួយ។

2. ការវិនិច្ឆ័យ និងការសម្រេចចិត្តដ៏ស្មុគស្មាញ

ម៉ាស៊ីនអាចវិភាគទិន្នន័យក្នុងល្បឿនលឿន និងជាក់លាក់ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក៏ការសម្រេចចិត្តទាក់ទងនឹងអ្វីដែលត្រូវធ្វើជាមួយព័ត៌មានដែលផ្តល់ដោយម៉ាស៊ីនក៏ត្រូវតែធ្វើឡើងដោយមនុស្សដែរ។

នៅក្នុងជំនាញនេះដែរ គឺសំដៅលើមនុស្សដែលមានសមត្ថភាពប្រមូលព័ត៌មានដែលទទួលបានដើម្បី វិនិច្ឆ័យហើយពិចារណាពីរបៀបដែលការសម្រេចចិត្តអាចមានឥទ្ធិពលដល់ក្រុមការងារ និងលទ្ធផលក្រុមហ៊ុនទាំងមូល។ ហើយគួរបញ្ជាក់ផងដែរថា ការសម្រេចចិត្តអាចមានការស្មុគស្មាញច្រើន មុននឹងទទួលបានភាពជោគជ័យស្របជាមួយនឹងគោលបំណងចង់បាន និងយល់ដឹងអំពីដំណើរការនៃភាពពាក់ព័ន្ធនីមួយៗ។

3. ភាពវៃឆ្លាតខាងអារម្មណ៍ (EQ) និងការយល់ចិត្ត

ម៉ាស៊ីន ទោះបីជាវាអាចជួយជំនួយលើការងារផ្សេងៗបានល្អយ៉ាងណា ក៏វាមិនអាចមានសមត្ថភាពផ្នែកវៃឆ្លាតខាងអារម្មណ៍ (EQ)ដូចមនុស្សបានឡើយ ពីព្រោះផ្នែកនេះមានសមត្ថភាពក្នុងការយល់ដឹង ការគ្រប់គ្រង ព្រមទាំងអាចបង្ហាញពីរបស់ខ្លួនឯង និងអារម្មណ៍របស់អ្នកដទៃ។ បន្ថែមពីនេះ ដោយសារតែបច្ចុប្បន្ននេះបច្ចេកវិទ្យាបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនទាំងក្នុងសង្គម និងការប្រើប្រាស់ទូរស័ព្ទចល័តជាដើម ដែលជាហេតុធ្វើឱ្យមនុស្សបាត់បង់ផ្នែកប្រាស្រ័យទាក់ទងគ្នា និងការយល់ចិត្តគ្នាជាដើម។ កត្តានេះហើយ ប្រសិនបើមនុស្សមានជំនាញមួយនេះ គឺនឹងធ្វើឱ្យពួកគេមានភាពលេចធ្លោខ្លាំង ព្រមទាំងអាចជោគជ័យក្នុងអាជីពការងារ និងការធ្វើអាជីវកម្ម។

4. ការច្នៃប្រឌិត

ម៉ាស៊ីន ថ្លៃកម្រិតណា និងទំនើបយ៉ាងណា ក៏នៅតែមនុស្សមានភាពច្នៃប្រឌិតជាងផងដែរ។ លើសពីនេះ​ ក្រុមហ៊ុនជាច្រើនក៏កំពុងត្រូវការជ្រើសរើសបុគ្គលិកដែលមានគំនិតច្នៃប្រឌិត និងអាចស្រមើលស្រមៃនូវអ្វីថ្មីៗជាបន្តបន្ទាប់ផងដែរ។ ចំពោះអ្នកដែលមានជំនាញផ្នែកច្នៃប្រឌិត ក៏មានឱកាសជាច្រើនក្នុងការបង្កើតអ្វីថ្មីៗ និងប្រើប្រាស់ AI ឬឧបករណ៍ទំនើបៗជាច្រើនក្នុងការច្នៃបន្តទៀត ដើម្បីចូលរួមចំណែកក្នុងការជួយឱ្យក្រុមហ៊ុនកាន់តែមានភាពរីកចម្រើន និងទាន់សម័យ។

5. ការសហការ និងការងារជាក្រុម

នៅក្នុងបដិវត្តន៍ឧស្សាហកម្ម 4.0 ក្រុមហ៊ុនភាគច្រើនជ្រើសរើសបុគ្គលិកដែលមានទេពកោសល្យលើជំនាញសហការដ៏រឹងមាំ ហើយសមត្ថភាពនេះផងដែរ គឺមានតែមួយគត់សម្រាប់មនុស្សនាពេលបច្ចុប្បន្ន។ លើសពីនេះ ក្រុមហ៊ុននីមួយៗក៏ចង់បានបុគ្គលិកដែលអាចប្រាស្រ័យទាក់ទងបានល្អជាមួយអ្នកដទៃ ធ្វើការជាក្រុមបានល្អ និងជួយជំរុញក្រុមហ៊ុនឆ្ពោះទៅរកភាពរីកចម្រើនផងដែរ។

6. ជំនាញទំនាក់ទំនងអន្តរបុគ្គល

សមត្ថភាពក្នុងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពដោយប្រើជំនាញអន្តរបុគ្គលយ៉ាងទូលំទូលាយនៅតែជាដែនរបស់មនុស្សតែមួយគត់។ បើយោងតាមក្រុមហ៊ុន Fast បានបង្ហាញថាជំនាញទំនាក់ទំនងអន្តរបុគ្គលចំនួន 7 ដែលអ្នកគួរតែសិក្សាដើម្បីជោគជ័យនៅកន្លែងធ្វើការ៖

ទី1. ការចេះបង្ហាញការគោរព

ទី2. ជំនាញក្នុងការស្តាប់

ទី3. ចេះប្រើប្រាស់នូវភាសាកាយវិការបែបវិជ្ជមាន

ទី4. ការចេះសួរសំណួរ

ទី5. ការយល់ដឹងអំពីទំនាក់ទំនងតាមអ៊ីនធឺណិត (ការផ្ញើសារ អ៊ីមែល។ល។)

ទី6. ការចេះបើកចិត្តឱ្យទូលាយ

ទី7. ចេះវិធីផ្តល់មតិកែលម្អដែលមានប្រយោជន៍

7. ជំនាញបត់បែន

គ្រប់យ៉ាងតែងតែមានការផ្លាស់ប្ដូរ ដោយរឿងខ្លះយើងអាចនឹកគិតដល់ ប៉ុន្តែរឿងខ្លះកើតឡើងដោយគ្មានការគ្រោងទុកបានឡើយ ដូច្នេះហើយទាមទារឱ្យអ្នកមានជំនាញក្នុងការបត់បែន ទើបអាចធ្វើឱ្យអ្នកកាន់តែមានសមត្ថភាពខ្លាំងជាបន្តបន្ទាប់ និងអាចទទួលយកនូវអ្វីៗដែលបានកើតឡើងបាន។

8. ភាពវៃឆ្លាតខាងវប្បធម៌ និងភាពចម្រុះ

ជាទូទៅនៅគ្រប់កន្លែងធ្វើការ និងការធ្វើអាជីវកម្ម តែងតែមានមនុស្សគ្រប់ជាតិសាសន៍ ព្រមទាំងអាចមានភាពសម្រុះនូវវប្បធម៌នានា ដូច្នេះហើយទើបមនុស្សត្រូវតែមានជំនាញមួយនេះ។ បន្ថែមពីនេះ បច្ចុប្បន្ននេះ ក្រុមហ៊ុនផ្សេងៗក៏កំពុងត្រូវការជ្រើសរើសបុគ្គលិកណាដែលមានភាពវៃឆ្លាតខាងវប្បធម៌ដ៏រឹងមាំ និងសមត្ថភាពក្នុងការសម្របខ្លួនក្នុងការធ្វើការជាមួយជាតិសាសន៍នានានៃមិត្តរួមការងារ។

9. ការយល់ដឹងអំពីសីលធម៌

ការផ្លាស់ប្តូរឌីជីថល និងបច្ចេកវិជ្ជានៃបដិវត្តន៍ឧស្សាហកម្មទី4 បានកើតឡើងជាមួយនឹងបញ្ហាសីលធម៌ និងបញ្ហាប្រឈមជាច្រើនដែលចាំបាច់ត្រូវគ្រប់គ្រងដោយជំនាញ។ ការគ្រប់គ្រងនោះ មិនមែនជាអ្វីដែលម៉ាស៊ីនអាចដោះស្រាយបាននាពេលបច្ចុប្បន្ននេះទេ ដោយមានតែមនុស្សទេដែលអាចប្រយុទ្ធជាមួយ និងដោះស្រាយបញ្ហាក្រមសីលធម៌ដែលកើតចេញពីបញ្ញាសិប្បនិម្មិត និងហ្សែនជាដើម។

10. ជំនាញភាពជាអ្នកដឹកនាំ

ជំនាញភាពជាអ្នកដឹកនាំដ៏រឹងមាំ មិនគ្រាន់តែសម្រាប់អ្នកដែលជាថ្នាក់ដឹកនាំ ឬម្ចាស់អាជីវកម្មឡើយ គឺសម្រាប់មនុស្សគ្រប់គ្នា ពីព្រោះវាមានសារៈសំខាន់ណាស់សម្រាប់អ្នកក្នុងការធ្វើការសម្រេចចិត្ត ឬដឹកនាំក្រុមគម្រោងនៅក្នុងកន្លែងធ្វើការឱ្យទទួលបានដំណើរការល្អ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ