នៅពេលដែលអាជីវកម្មរបស់អ្នកកំពុងដំណើរការល្អ រឿងដែលម្ចាស់អាជីវកម្មមួយចំនួនងាយនឹងធ្វេសប្រហែសការបន្ធូរដៃក្នុងការដំណើរការអាជីវកម្ម ដោយគិតថាអាជីវកម្មបានដំណើរការល្អហើយ។ ផ្ទុយទៅវិញ ភាពជោគជ័យបច្ចុប្បន្នគឺជាសញ្ញាថាអ្នកត្រូវតែបង្កើនល្បឿន និងត្រៀមខ្លួនសម្រាប់ការពង្រីកខ្លួនជានិច្ច។ ខាងក្រោមនេះជា ៥ ចំណុចដែលម្ចាស់អាជីវកម្មគួរធ្វើនៅពេលអាជីវកម្មរីកចម្រើន៖
១. បង្កើតស្តង់ដារការងារ និងនីតិវិធី (SOPs)
ដើម្បីពង្រីកខ្លួនបាន អាជីវកម្មរបស់អ្នកមិនគួរពឹងផ្អែកលើខ្លួនឯងតែម្នាក់នោះទេ។ អ្នកត្រូវបង្កើតប្រព័ន្ធការងារច្បាស់លាស់ដែលអាចចម្លងទៅកាន់បុគ្គលិកទៅតាមផ្នែកនីមួយៗ។ ដូចនេះអ្នកគួរកំណត់និងសរសេរចេញនូវដំណើរការសំខាន់ៗទាំងអស់ (ដូចជា របៀបលក់ របៀបផ្តល់សេវាកម្មអតិថិជន ឬរបៀបគ្រប់គ្រងស្តុក)។ ការធ្វើបែបនេះធានាគុណភាពនៅគ្រប់កម្រិត។
២. វិនិយោគលើបច្ចេកវិទ្យា និងស្វ័យប្រវត្តិកម្ម
ការរីកចម្រើននឹងបង្កើនភាពមមាញឹក ដូចនេះអ្នកត្រូវប្រើបច្ចេកវិទ្យាដើម្បីគ្រប់គ្រងលំហូរសាច់ប្រាក់ អតិថិជន និងការងារដដែលៗ។ ដោយវិនិយោគលើប្រព័ន្ធ CRM (Customer Relationship Management) ឬកម្មវិធីគណនេយ្យ ដើម្បីឲ្យការងារដំណើរការដោយស្វ័យប្រវត្តិ។ នេះកាត់បន្ថយភាពស្មុគស្មាញ និងការចំណាយលើបុគ្គលិកច្រើនពេក។
៣. ផ្តោតលើការកសាងក្រុមអ្នកដឹកនាំ
ម្ចាស់អាជីវកម្មត្រូវផ្លាស់ប្តូរតួនាទីពីអ្នកធ្វើការងារទៅជាអ្នកដឹកនាំដែលកំណត់យុទ្ធសាស្ត្រ។ អ្នកត្រូវជួលមនុស្សដែលមានសមត្ថភាពដើម្បីធ្វើប្រតិបត្តិការប្រចាំថ្ងៃជំនួសអ្នក។ ដោយបណ្តុះបណ្តាលបុគ្គលិកល្អៗឲ្យក្លាយជាអ្នកគ្រប់គ្រងដែលអាចដោះស្រាយបញ្ហាប្រចាំថ្ងៃបានដោយឯករាជ្យ។ នេះធ្វើឱ្យអ្នកមានពេលវេលាសម្រាប់គិតពីយុទ្ធសាស្ត្រធំៗ។ល។
៤. គ្រប់គ្រងលំហូរសាច់ប្រាក់ និងបម្រុងទុកមូលនិធិ
ការរីកចម្រើនយ៉ាងឆាប់រហ័ស គឺជាមូលហេតុមួយដែលធ្វើឲ្យអាជីវកម្មមួយចំនួនងាយនិងបរាជ័យវិញ ដោយសារកង្វះខាតក្នុងការគ្រប់គ្រងសាច់ប្រាក់។ ដូចនេះម្ចាស់អាជីវកម្មគួរបង្កើន មូលនិធិបម្រុង និងមានវិន័យតឹងរ៉ឹងលើការគ្រប់គ្រងលំហូរសាច់ប្រាក់ចូល-ចេញ ដើម្បីធានាថាអ្នកមានលុយគ្រប់គ្រាន់សម្រាប់វិនិយោគលើការពង្រីកខ្លួន។
៥. ស្វែងរកឱកាសទីផ្សារថ្មី
កុំពឹងផ្អែកតែលើទីផ្សារបច្ចុប្បន្ន។ នៅពេលអាជីវកម្មដំណើរការល្អ អ្នកត្រូវតែរកមើលឱកាសពង្រីកខ្លួនបន្ថែម។ គួរវិភាគថាតើអ្នកអាចពង្រីកទៅកាន់តំបន់ថ្មី ឬបង្កើតផលិតផល/សេវាកម្មថ្មីៗបន្ថែមទៀតដើម្បីបំពេញតម្រូវការអតិថិជនដែលមានស្រាប់ដែរឬទេ។ល។
សរុបមក អាជីវកម្មដំណើរការល្អ គឺជាសញ្ញាដែលបង្ហាញថាអ្នកត្រូវតែបង្កើន វិន័យ និងការវិនិយោគបន្ថែម ជំនួសឱ្យការបន្ធូរដែ។ ការអនុវត្តចំណុចទាំង ៥ នេះ គឺជាការធានាថាភាពជោគជ័យបច្ចុប្បន្នរបស់អ្នកនឹងបន្តទៅជាកំណើនយូរអង្វែង។

