មានពាក្យមួយឃ្លាពោលថា «អ្នកគឺជាអ្វីដែលអ្នកគិត»។ ជីវិតរបស់អ្នកនៅពេលបច្ចុប្បន្ន គឺជាលទ្ធផលនៃគំនិតរបស់អ្នកកាលពីអតីតកាល។ បើអ្នកចង់ឱ្យអនាគតផ្លាស់ប្តូរ អ្នកមិនអាចបន្តគិតដូចរបៀបចាស់បានទេ។ ខាងក្រោមនេះជា ៥ របៀបគិត ដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងការផ្លាស់ប្តូរជីវិតពីចំណុចសូន្យ ទៅរកភាពជោគជ័យ៖
១. ប្តូរពី «ខ្ញុំធ្វើមិនបាន» ទៅជា «ខ្ញុំមិនទាន់ចេះធ្វើ»
នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់បំផុត។ មនុស្សបរាជ័យគិតថា សមត្ថភាពគឺជាអ្វីដែលកំណត់មកពីកំណើត។ តែមនុស្សជោគជ័យគិតថា សមត្ថភាពអាចអភិវឌ្ឍបាន។ បើអ្នកមានការគិតបែបនេះ អ្នកនឹងលែងខ្លាចរឿងថ្មីៗ ព្រោះអ្នកដឹងថាគ្រប់យ៉ាងសុទ្ធតែអាចរៀនបាន។
២. ប្តូរពី «បន្ទោសអ្នកដទៃ» ទៅជា «ទទួលខុសត្រូវ ១០០%»
ដរាបណាអ្នកនៅតែគិតថា ជីវិតអ្នកដុនដាបដោយសារសេដ្ឋកិច្ច ដោយសារឪពុកម្តាយក្រ ឬដោយសារមេកើយមិនល្អ នោះអ្នកកំពុងប្រគល់អំណាចឱ្យទៅកត្តាខាងក្រៅ។ ដូចនេះអ្នកត្រូវឈប់រង់ចាំសំណាង ហើយក្លាយជាអ្នកកាន់ចង្កូតជីវិតខ្លួនឯងវិញទើបជាការប្រសើរ។
៣. ប្តូរពី «ខ្លាចបរាជ័យ» ទៅជា «ខ្លាចនៅកន្លែងដដែល»
មនុស្សភាគច្រើនមិនហ៊ានចាប់ផ្តើមរកស៊ី ឬធ្វើអ្វីថ្មី ព្រោះខ្លាចខាត ឬខ្លាចខ្មាស់គេ។ តែបើអ្នកហ៊ានសាកល្បង ហើយមិនថាលទ្ធផលយ៉ាងណាក៍អាចចាប់ទុកវាជាបទពិសោធន៍ កាលដែលអ្នកហ៊ានប្រថុយដោយមានការពិចារណា អ្នកនឹងមើលឃើញការបរាជ័យជាមេរៀន មិនមែនជាទីបញ្ចប់ឡើយ។
៤. ប្តូរពី «ការច្រណែន» ទៅជា «ការរៀនសូត្រ»
នៅពេលឃើញគេជោគជ័យ មនុស្សអវិជ្ជមានតែងតែច្រណែន ឬគិតថាគេមានសំណាង។ តែមនុស្សវិជ្ជមានមើលឃើញវាជាគម្រូមួយដែលគួរតែរៀនតាម ដើម្បីឱ្យខ្លួនឯងរីកចម្រើនដូចគេដែរ។
៥. ប្តូរពី «ខ្វះខាត» ទៅជា «ដឹងគុណ»
ការគិតថា “ខ្ញុំអត់មានលុយ” “ខ្ញុំអត់មានផ្ទះធំ” ធ្វើឱ្យអ្នកមានអារម្មណ៍ថាជីវិតខ្ញុំវេទនាណាស់ ខ្ញុំខ្វះគ្រប់យ៉ាង”។ តែបើអ្នកគិតថា “ខ្ញុំមានសុខភាពល្អ ខ្ញុំមានខួរក្បាល និងខ្ញុំមានធនធានគ្រប់គ្រាន់ដើម្បីចាប់ផ្តើមបង្កើតអ្វីដែលខ្ញុំចង់បាន”។ ចិត្តដែលមានក្តីសុខ និងដឹងគុណ នឹងទាក់ទាញឱកាសល្អៗ និងមនុស្សល្អៗចូលមកក្នុងជីវិត។
ជារួម ការផ្លាស់ប្តូរការគិត មិនមែនធ្វើតែមួយថ្ងៃហើយចប់នោះទេ។ វាប្រៀបដូចជាការញុំាបាយ អ្នកត្រូវធ្វើវាជារៀងរាល់ថ្ងៃ។ នៅពេលណាដែលមានគំនិតអវិជ្ជមានលេចឡើង សូមចាប់ស្មារតីឱ្យទាន់ ហើយប្តូរទៅជាគំនិតវិជ្ជមានវិញភ្លាម។