Home ទូទៅ សកម្មភាពដែលធ្វើឱ្យអ្នកទន់ជ្រាយដោយមិនដឹងខ្លួន !

សកម្មភាពដែលធ្វើឱ្យអ្នកទន់ជ្រាយដោយមិនដឹងខ្លួន !

យើងតែងតែគិតថាភាពទន់ជ្រាយកើតឡើងនៅពេលយើងជួបឧបសគ្គធំៗ ប៉ុន្តែតាមពិតទៅ ភាពទន់ជ្រាយត្រូវបានបង្កើតឡើងបន្តិចម្តងៗតាមរយៈទម្លាប់តូចតាចប្រចាំថ្ងៃ។ ទម្លាប់ទាំងនេះប្រៀបដូចជាសត្វកណ្តៀរ វាស៊ីកម្លាំងចិត្ត និងទំនុកចិត្តរបស់អ្នកពីខាងក្នុងដោយអ្នកមិនដឹងខ្លួន។ ខាងក្រោមនេះជា ៥ សកម្មភាពដែលអ្នកគួរប្រុងប្រយ័ត្ន និងបញ្ឈប់ជាបន្ទាន់៖

១. ទម្លាប់ត្អូញត្អែរ
ការត្អូញត្អែរអំពីអាកាសធាតុ ចរាចរណ៍ ឬការងារ ហាក់ដូចជារឿងធម្មតា។ ប៉ុន្តែរាល់ពេលដែលអ្នកត្អូញត្អែរ ខួរក្បាលរបស់អ្នកកំពុងហ្វឹកហាត់ឱ្យផ្តោតលើ “បញ្ហា” ជាជាង “ដំណោះស្រាយ”។ វាបណ្តុះនូវផ្នត់គំនិតជា ជនរងគ្រោះ នោះអ្នកនឹងចាប់ផ្តើមជឿថា អ្នកគ្មានអំណាចកែប្រែស្ថានការណ៍ទេ គឺមានតែស្ថានការណ៍ទេដែលកំណត់ជីវិតអ្នក។

២. ការរង់ចាំការយល់ព្រមពីអ្នកដទៃ
មុននឹងធ្វើអ្វីមួយ ឬសម្រេចចិត្តអ្វីមួយ តើអ្នកតែងតែសួរគេសិន ឬរង់ចាំទាល់តែមានគេគាំទ្រទើបហ៊ានធ្វើមែនទេ? តែសកម្មភាពបែបនេះ វាធ្វើឱ្យអ្នកបាត់បង់ ទំនុកចិត្តលើខ្លួនឯង។ យូរៗទៅ អ្នកនឹងមិនហ៊ានសម្រេចចិត្តសូម្បីតែរឿងតូចតាច ហើយក្តីសុខរបស់អ្នកនឹងត្រូវព្យួរជាប់នឹងមាត់របស់អ្នកដទៃ។

៣. ការមិនហ៊ាននិយាយថា “ទេ”
អ្នកយល់ព្រមជួយគេទាំងដែលខ្លួនឯងរវល់ ឬទៅចូលរួមកម្មវិធីដែលខ្លួនឯងមិនចង់ទៅ ព្រោះខ្លាចគេអន់ចិត្ត។ ការមិនហ៊ានបដិសេធបង្ហាញថា អ្នកផ្តល់តម្លៃលើអារម្មណ៍អ្នកដទៃ ជាងតម្រូវការរបស់ខ្លួនឯង។ វានឹងធ្វើឱ្យអ្នកអស់ថាមពល និងបាត់បង់ការគោរពចំពោះខ្លួនឯង។

៤. ការគេចវេសពីការសម្រេចចិត្ត
ភាពជាអ្នកដឹកនាំជីវិត ចាប់ផ្តើមពីការសម្រេចចិត្ត។ ការមិនហ៊ានសម្រេចចិត្តគឺជាការបោះបង់អំណាច។ យូរៗទៅ សាច់ដុំនៃភាពក្លាហានរបស់អ្នកនឹងស្វិត ហើយអ្នកនឹងក្លាយជាមនុស្សដែលរង់ចាំតែបញ្ជាពីគេ។

៥. ការប្រើប្រាស់បណ្តាញសង្គមដោយគ្មានសតិ
ការចំណាយពេលរាប់ម៉ោងអូសទូរស័ព្ទមើលជីវិតអ្នកដទៃ មើលរឿងអវិជ្ជមាន ឬការកម្សាន្តដែលគ្មានន័យ។ វានឹងបំផ្លាញការផ្តោត និងបង្កើតការប្រៀបធៀប។ ព័ត៌មានអវិជ្ជមាននឹងធ្វើឱ្យចិត្តរបស់អ្នកពោរពេញដោយការភ័យខ្លាច និងភាពច្រណែន ដែលជាសត្រូវនៃភាពរឹងមាំ។

ចូរចាំថា «អ្នកមិនអាចក្លាយជាមនុស្សរឹងមាំបានទេ ប្រសិនបើអ្នកនៅតែបន្តធ្វើរឿងដែលធ្វើឱ្យអ្នកទន់ជ្រាយជារៀងរាល់ថ្ងៃ។»