ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សមួយរបស់ប្រទេសចិន Alibaba និងភាពជាដៃគូជាមួយក្រុមហ៊ុន Perennial Holdings ព្រមទាំងរាប់បញ្ចូលមហាសេដ្ឋីសិង្ហបុរី លោក Kuok Khoon Hong និងលោក Ron Sim បានជាប់ឈ្មោះក្នុងការយល់ព្រមពីរដ្ឋាភិបាលក្នុងការសាងសង់អគារខ្ពស់កប់ពពកនៅក្នុងទីក្រុង Lion ប្រទេសសិង្ហបុរី ដែលជាទីផ្សារដ៏ល្អបំផុតមួយនៅក្នុងតំបន់អាស៊ី និងតំបន់ប៉ាស៊ីហ្វិក។
ចំពោះការសាងសងនោះ ត្រូវបានអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងយល់ព្រមលើសំណើរកាលពីថ្ងៃទី7 ខែកក្កដា ឆ្នាំ2022នេះ ដើម្បីសាងសង់អគារពាណិជ្ជកម្ម សណ្ឋាគារ និងលំនៅដ្ឋានដែលមានកម្ពស់ 63 ជាន់ នៅលើទីតាំង 8 Shenton Way ក្នុង Tanjong Pagar នៅជិត Raffles Place ដែលជាតំបន់ពាណិជ្ជកម្មកណ្តាល។ អចលនទ្រព្យនេះត្រូវបានសាងសង់ឡើងដំបូងក្នុងឆ្នាំ 1986 ជាអគាររតនាគារ ធ្លាប់ជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនវិនិយោគរដ្ឋ Temasek Holdings។
បន្ថែមពីនេះ អគារដែលសាងសងនឹងមានកម្ពស់អតិបរមា 305 ម៉ែត្រ ព្រមទាំងអាចក្លាយជារចនាសម្ព័ន្ធខ្ពស់ជាងគេក្នុងប្រទេសសិង្ហបុរី នៅពេលអគារនេះត្រូវបានបញ្ចប់ការសាងសង់អំឡុងឆ្នាំ 2028 ដែលខ្ពស់ជា Guoco Tower ដែលមានកម្ពស់ 284 ម៉ែត្រ ដែលបច្ចុប្បន្នជាអគារខ្ពស់ជាងគេបំផុតរបស់ទីក្រុង Lion។ គួរបញ្ជាក់ផងដែរថា អគារខ្ពស់ទាំងពីរនេះ ត្រូវបានភ្ជាប់ទៅនឹងស្ថានីយ៍រថភ្លើងក្រោមដី Tanjong Pagar។
ក្រៅពី Alibaba និងភាពជាដៃគូជាមួយក្រុមហ៊ុន Perennial ក៏មានក្រុមហ៊ុន Chip Eng Seng និងការបណ្តាក់ទុនរួមគ្នារវាង SingHaiyi Group និង Haiyi Holdings ដែលគ្រប់គ្រងដោយមហាសេដ្ឋីអចលនទ្រព្យលោក Gordon Tang និងប្រពន្ធរបស់គាត់ បានយល់ព្រមទិញភាគហ៊ុននៅក្នុង 8 Shenton Way កាលពីដើមឆ្នាំនេះផងដែរ។