spot_img
spot_img
Homeទូទៅសេចក្តីជូនដំណឹងអំពីវិធានការបង្ការនិងការពារសុខភាពក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម

សេចក្តីជូនដំណឹងអំពីវិធានការបង្ការនិងការពារសុខភាពក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម

-

យោងទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល៖ បានក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម បងប្អូនប្រជាពលរដ្ឋមួយចំនួនតែងមាន ការជួបជុំ គ្រួសារ បងប្អូន ញាត្តិមិត្ត រៀបចំធ្វើម្ហូបអាហារ និងធ្វើដំណើរកំសាន្តទៅតាមរមណីយដ្ឋាននានា។ ដើម្បីចូលរួម ការពារសុខភាពបុគ្គលខ្លួនផ្ទាល់ និងសមាជិកគ្រួសារ ជាពិសេស កុមារតូចៗ និងមនុស្សចាស់ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការណែនាំ ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ ការពារសុខភាព សុវត្ថិភាព ដោយត្រូវចូលរួមអនុវត្តវិធានការដូចខាងក្រោម៖

– ប្រកាន់ខ្ជាប់អនាម័យដោយត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល មុនចាប់កាន់អាហារ ឬប៉ះពាល់សត្វ ដូចជាបោចសម្អាត ឬសម្លាប់ លាងសម្អាតសាច់ និងវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងមេរោគ

– ចុងភៅត្រូវទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់សម្រាប់ ចម្អិន ម្ហូបអាហារឱ្យបានត្រឹមត្រូវ និងត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់សត្វ ស៊ុត និង អាហារសមុទ្រ។ នៅពេលបងប្អូនទិញម្ហូបអាហារដែលឆ្អិនស្រាប់នៅតាមផ្សារ ឬតាមដងផ្លូវត្រូវប្រាកដថា អាហារទាំងនោះឆ្អិនល្អ មានអនាម័យ និងមានសុវត្ថិភាព ដោយវេចខ្ចប់បានត្រឹមត្រូវ

– ត្រូវទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព។ កុំរក្សាទុកអាហារក្នុងកន្លែងដែលមាន សីតុណ្ហភាពធម្មតាលើសពី ២ម៉ោង (បើសីតុណ្ហភាពត្រជាក់ត្រូវតិចជាង ៥អង្សាសេ និងបើក្តៅ គឺត្រូវលើសពី ៦០អង្សាសេ) ឬ ចម្អិនអាហារមួយពេលសម្រាប់តែមួយពេល ដោយមិនទុកអាហារ សេសសល់យូរដែលអាចផ្លូម ដែលបង្កឱ្យមានការរាករូស ឈឺពោះ ក្អួតជាដើម

– ត្រូវប្រើប្រាស់ទឹកស្អាត និងគ្រឿងផ្សំធ្វើម្ហូបមានគុណភាពល្អ ហើយមិនត្រូវប្រើប្រាស់សារធាតុគីមីបន្ថែម

– ទទួលទានចំណីអាហារ និងពិសាទឹកឆ្អិនដាំពុះ ដែលមានអនាម័យ និងសុវត្ថិភាពល្អ

– កុំប្រើប្រាស់ម្ហូបអាហារដែលរក្សាទុកហួសកាលកំណត់ប្រើប្រាស់

– មិនត្រូវទទួលទានស្រា ដែលគ្មានប្រភពផលិតច្បាស់លាស់ ឬយកមេតាណុលមកលាយជាមួយ ជាស្រា ស បង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត

– មិនត្រូវទទួលទានភេសជ្ជៈស្រវឹងលើសកម្រិត ដែលអាចបង្កអំពើហឹង្សា និងគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ

– នៅពេលក្អកកណ្តាស់ ត្រូវខ្ទប់មាត់ដោយពាក់ម៉ាស់ ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ និងមិនត្រូវខាកស្តោះ និងបន្ទោបង់ពាសវាលពាសកាល

– ត្រូវសម្រាន្តក្នុងមុង ស្លៀកពាក់ខោជើងវែង អាវដៃវែង ឱ្យបានជិត ដើម្បីបង្ការមូសខាំដែលអាចបង្កជា ជំងឺគ្រុនឈាម

– ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ និងសម្លៀកបំពាក់ទាំងនៅក្នុង និងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកមូស

– ពេលធ្វើដំណើរត្រូវគោរពច្បាប់ចរាចរឱ្យបានខ្ជាប់ខ្ជួន

– ត្រូវប្រុងប្រយ័ត្ន និងបង្ការអគ្គីភ័យនៅតាមផ្ទះសម្បែងរៀងខ្លួន

– ចៀសវាងការចូលរួមក្នុងទីប្រជុំជន ឬធ្វើដំណើរ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានការឆ្លងជំងឺសូមប្រញាប់ទៅ ស្វែងរកការពិនិត្យពិគ្រោះនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ