ប្រទេសអាហ្សង់ទីន ដែលដឹកនាំដោយប្រធានាធិបតីលោក Javier Milei បានប្រកាសពីផែនការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO)។ មូលហេតុក្នុងការដកខ្លួននេះដោយសារ WHO បានការដាក់កំហិតលើគោលនយោបាយសុខភាពរបស់ប្រទេសអាហ្សង់ទីន ជាពិសេសការបន្តបិទខ្ទប់ប្រទេសនេះក្នុងរយៈពេលវែង អំឡុងពេលមានជំងឺរាតត្បាត ដែលធ្វើឱ្យប្រទេសអាហ្សង់ទីនជួបនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ តាមរយៈការដកខ្លួនចេញពី WHO លោក Milei ជឿជាក់ថា អាហ្សង់ទីននឹងទទួលបាននូវភាពបត់បែនកាន់តែខ្លាំងក្នុងការគ្រប់គ្រងគោលនយោបាយសុខភាពរបស់ខ្លួនដោយគ្មានការជ្រៀតជ្រែកពីប្រទេសខាងក្រៅ។
ការសម្រេចចិត្តនេះឆ្លុះបញ្ចាំងពីមូលហេតុស្រដៀងគ្នាជាមួយសហរដ្ឋអាមេរិកក្នុងការចាកចេញអង្គការសុខភាពពិភពលោក ដោយប្រធានាធិបតី Donald Trump ក៏បានរិះគន់លើ WHO ដែលការឆ្លើយតបមានភាពយឺតយ៉ាវចំពោះជំងឺរាតត្បាត និងហាក់ដូចជាពន្យារនូវព័ត៌មានមួយចំនួនទាក់ទងនឹងការផ្ទុះឡើងនៃជំងឺចេញពីប្រទេសចិន។ នេះត្រូវបានគេមើលឃើញថាWHO កំពុងការពារផលប្រយោជន៍របស់ប្រទេសចិន ដែលបង្កឱ្យមានការសង្ស័យអំពីឥទ្ធិពលនយោបាយពីប្រទេសចិនលើការសម្រេចចិត្តរបស់អង្គការសុខភាពពិភពលោក។ ក្តីបារម្ភ និងការសង្ស័យទាំងនេះគឺជាចំណុចសំខាន់នៃមូលហេតុដែលសហរដ្ឋអាមេរិក និងអាហ្សង់ទីនសម្រេចចិត្តដកខ្លួនចេញពីអង្គការនេះ។
ចំពោះការដកខ្លួនរបស់ប្រទេសអាហ្សង់ទីនទំនងជាមិនមានផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុរបស់ WHO ខ្លាំងនោះទេ បើធៀបទៅនឹងការដកខ្លួនរបស់សហរដ្ឋអាមេរិក ពីព្រោះការរួមចំណែកប្រចាំឆ្នាំរបស់ប្រទេសអាហ្សង់ទីនមានចំនួនតិចតួច ដែលប្រហែល 8 លានដុល្លារប៉ុណ្ណោះ។ ប៉ុន្តែបើប្រឡែកមកមើលសហរដ្ឋអាមេរិកវិញបានចំណែកប្រហែល 15% (950 លានដុល្លារក្នុងមួយឆ្នាំ) ទៅលើ WHO ហើយប្រសិនបើសហរដ្ឋអាមេរិកដកខ្លួន នោះហរិញ្ញវត្ថុរបស់ WHO នឹងប្រឈមមុខនឹងហានិភ័យ។