ការទាក់ទាញភាពរីកចម្រើន មិនមែនជារឿងចៃដន្យ ឬការអង្គុយរង់ចាំសំណាងនោះទេ។ វាកើតឡើងនៅពេលដែលអ្នករៀបចំខ្លួនឯងឱ្យក្លាយជាមេដែកដ៏មានឥទ្ធិពលមួយ ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់យកឱកាស។ មនុស្សដែលតែងតែទាក់ទាញភាពជោគជ័យ គឺជាអ្នកដែលផ្តោតលើការកសាងគុណតម្លៃខាងក្នុង ភាពចាស់ទុំខាងអារម្មណ៍ និងសមត្ថភាពក្នុងការគិតឱ្យបានច្បាស់លាស់។
ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រទាំង ៥ ដើម្បីកសាងខ្លួនអ្នកឱ្យក្លាយជាមនុស្សដែលឱកាសនិងភាពរីកចម្រើនតែងតែរត់មករក៖
១. គ្រប់គ្រងអារម្មណ៍ឱ្យបានល្អ៖ ភាពរីកចម្រើនតែងតែអមមកជាមួយនូវបញ្ហាប្រឈម និងសម្ពាធ។ អ្នកដែលទាក់ទាញឱកាស គឺជាអ្នកដែលមិនបណ្តោយឱ្យអារម្មណ៍គ្រប់គ្រងការសម្រេចចិត្តរបស់ពួកគេបានឡើយ។ កាលណាអ្នកមានអាចរក្សាភាពស្ងប់ស្ងាត់ក្នុងស្ថានភាពលំបាក អ្នកដទៃនឹងមានទំនុកចិត្តក្នុងការធ្វើការ វិនិយោគ ឬសហការជាមួយអ្នក។
២. ប្រើប្រាស់ការគិតបែបហេតុផល៖ ឱកាសធំៗច្រើនតែលាក់ខ្លួននៅពីក្រោយបញ្ហាដែលអ្នកដទៃមើលរំលង។ ជំនួសឱ្យការជឿតាមអ្វីដែលគេធ្វើតាមគ្នា ចូរចេះសួរសំណួរ វិភាគរកឫសគល់នៃបញ្ហា និងស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។ ការគិតប្រកបដោយហេតុផលបែបនេះ នឹងធ្វើឱ្យអ្នកលេចធ្លោ នៅក្នុងអាជីវកម្ម ឬការងាររបស់អ្នក។
៣. កសាង “ប្រព័ន្ធ” នៃវិន័យ៖ ការមានគោលដៅគឺជារឿងល្អ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នករីកចម្រើនពិតប្រាកដគឺ ប្រព័ន្ធប្រចាំថ្ងៃរបស់អ្នក។ ការមានវិន័យ រៀបចំទម្លាប់ច្បាស់លាស់ ដូចជាការគ្រប់គ្រងពេលវេលា ឬការគ្រប់គ្រងហិរញ្ញវត្ថុ នឹងជួយរុញច្រានអ្នកឱ្យដើរទៅមុខដោយស្វ័យប្រវត្តិ ទោះបីជាថ្ងៃខ្លះអ្នកគ្មានកម្លាំងចិត្តក៏ដោយ។
៤. ផ្តោតលើការផ្តល់ “តម្លៃ”៖ ភាពជោគជ័យរត់រកអ្នកដែលពូកែជួយដោះស្រាយបញ្ហាឱ្យអ្នកដទៃ។ ជំនួសឱ្យការសួរថា “តើខ្ញុំបានអ្វីខ្លះ?” ចូរដូរមកសួរថា “តើខ្ញុំអាចជួយអ្វីបានខ្លះ?”។ នៅពេលអ្នកកាន់តែមានប្រយោជន៍ លុយកាក់ និងកេរ្តិ៍ឈ្មោះនឹងរត់មករកអ្នកឯង។
៥. បើកចិត្តរៀនសូត្រជានិច្ច៖ ពិភពលោកផ្លាស់ប្តូរលឿនណាស់ កុំធ្វើខ្លួនជាទឹកពេញកែវ។ ចូររក្សាភាពចង់ដឹងចង់ឃើញ តាមដានបច្ចេកវិទ្យាថ្មីៗ និងហ៊ានកែតម្រូវខ្លួនឯងឱ្យទាន់សភាពការណ៍ ដើម្បីកុំឱ្យក្លាយជាមនុស្សដើរថយក្រោយ។
សរុបមក ការក្លាយជាមនុស្សដែលទាក់ទាញភាពរីកចម្រើន គឺចាប់ផ្តើមចេញពីការកសាងគ្រឹះខាងក្នុងឱ្យបានរឹងមាំ។ នៅពេលដែលអ្នកមានសមត្ថភាពគ្រប់គ្រងអារម្មណ៍បានល្អ មានការគិតស៊ីជម្រៅ និងមានប្រព័ន្ធការងារច្បាស់លាស់ នោះអ្នកមិនចាំបាច់រត់តាមឱកាសទៀតទេ គឺឱកាសនិងមនុស្សល្អៗនឹងជាអ្នករត់មករកអ្នកដោយផ្ទាល់។