មនុស្សភាគច្រើនមើលឃើញការសន្សំលុយជាពិបាក និងទាមទារការលះបង់ ប៉ុន្តែការពិតការសន្សំលុយគឺជា ទម្លាប់ដ៏មានអានុភាពដែលជួយកសាងមិនត្រឹមតែទ្រព្យសម្បត្តិនោះទេ តែថែមទាំងចរិតលក្ខណៈដ៏ល្អសម្រាប់ជីវិតទាំងមូល។ ខាងក្រោមនេះជាចំណុចសំខាន់ៗដែលបង្ហាញថាការសន្សំលុយគឺជាការដ៏ល្អសម្រាប់ខ្លួនឯង៖
១. បង្កើនវិន័យ និងភាពជាម្ចាស់ការ
ការសន្សំលុយតម្រូវឲ្យអ្នកគ្រប់គ្រងខ្លួនឯងប្រឆាំងនឹងការចង់ចំណាយតាមអារម្មណ៍។ ការធ្វើបែបនេះជាប្រចាំ គឺជាការហ្វឹកហាត់វិន័យផ្ទាល់ខ្លួនរបស់អ្នក។ អ្នកអាចក្លាយជាមនុស្សដែលមានវិន័យក្នុងការគ្រប់គ្រងពេលវេលា ការងារ និងការប្តេជ្ញាចិត្តផ្សេងៗទៀត។ ពីព្រោះថាវិន័យក្នុងការគ្រប់គ្រងលុយ នឹងចម្លងទៅលើគ្រប់ទិដ្ឋភាពនៃជីវិតរបស់អ្នក។
២. បណ្ដុះភាពអត់ធ្មត់ និងការគិតរយៈពេលវែង
ការសន្សំលុយសម្រាប់គោលដៅរយៈពេលវែង (ដូចជាការទិញផ្ទះ ឬចូលនិវត្តន៍) តម្រូវឲ្យអ្នកមានភាពអត់ធ្មត់។ ដូចនេះ អ្នកត្រូវរង់ចាំដើម្បីទទួលបានរង្វាន់ធំ ជំនួសឲ្យការពេញចិត្តភ្លាមៗ។ សកម្មភាពនេះកំពុងធ្វើឱ្យអ្នកចាប់ផ្តើមគិតអំពីផលវិបាករយៈពេលវែងនៃការសម្រេចចិត្តរបស់អ្នក។ ភាពអត់ធ្មត់នេះជួយអ្នកឲ្យធ្វើការសម្រេចចិត្តអាជីវកម្ម និងជីវិតបានត្រឹមត្រូវជាងមុន។
៣. បង្កើតភាពរឹងមាំផ្លូវចិត្ត និងកាត់បន្ថយភាពតានតឹង
ការមានមូលនិធិសង្គ្រោះបន្ទាន់ គឺជាកម្លាំងផ្លូវចិត្តដ៏សំខាន់។ អ្នកដឹងថាអ្នកមានខ្នងបង្អែក បើពេលណាមួយអ្នកមានបញ្ហាកើតឡើង។ នេះកំពុងធ្វើឱ្យការភ័យខ្លាចរបស់អ្នកចំពោះអនាគតត្រូវបានកាត់បន្ថយ ដោយសារតែអ្នកបានបណ្តុះទម្លាប់ត្រៀមបម្រុងមុនឹងហានិភ័យកើតឡើង។ នេះធ្វើឲ្យអ្នកកាន់តែមានភាពស្ងប់ស្ងាត់ មានទំនុកចិត្ត ហើយអាចដោះស្រាយបញ្ហាប្រឈមបានដោយភាពច្បាស់លាស់។
៤. បង្កើនការគោរពខ្លួនឯង
នៅពេលអ្នកសម្រេចគោលដៅសន្សំតូចៗបានម្តងហើយម្តងទៀត អ្នកនឹងកសាងភស្តុតាងជាក់ស្តែងដែលបង្ហាញថាអ្នកអាចសម្រេចអ្វីដែលអ្នកបានប្តេជ្ញាចិត្ត។ វាធ្វើឱ្យការគោរពខ្លួនឯង (Self-Esteem) របស់អ្នកកើនឡើង ដោយសារតែអ្នកមិនកំហុសខ្លួនឯង ដោយលើកពេលម្តងហើយម្តងទៀតនោះទេ។ ថែមពីនេះអ្នកកាន់តែជឿជាក់លើសមត្ថភាពខ្លួនឯងក្នុងការគ្រប់គ្រងជីវិត ហើយមិនពឹងផ្អែកលើអ្នកដទៃ។
សរុបមក ការសន្សំលុយគឺមានអត្ថប្រយោជន៍លើសពីហិរញ្ញវត្ថុទៅទៀត។ វាគឺជាដំណើរការនៃការកសាង វិន័យ ភាពអត់ធ្មត់ និងទំនុកចិត្តលើខ្លួនឯង។ ទម្លាប់តូចៗទាំងនេះនឹងផ្តល់ឲ្យអ្នកនូវមូលដ្ខានគ្រឹះដ៏រឹងមាំសម្រាប់ជីវិតរបស់ខ្លួនឯង។

