នៅឆ្នាំ 2025 ក្រុមហ៊ុន BYD របស់ប្រទេសចិនបានក្លាយជាអ្នកលក់រថយន្តអគ្គិសនីសុទ្ធធំជាងគេបំផុតរបស់ពិភពលោក ដោយវ៉ាដាច់ក្រុមហ៊ុន Tesla ជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំពេញ។ ដោយក្រុមហ៊ុន BYD បានលក់រថយន្តអគ្គិសនីប្រហែល 2.26 លានគ្រឿង ដែលជាការកើនឡើងជិត 28% បើប្រៀបធៀបទៅនឹងឆ្នាំ 2024។
ផ្ទុយទៅវិញ ក្រុមហ៊ុន Tesla បានលក់រថយន្តប្រហែល 1.64 លានគ្រឿងប៉ុណ្ណោះ នេះធ្លាក់ចុះប្រហែល 9% ដែលជាឆ្នាំទីពីរនៃការលក់ធ្លាក់ចុះ។ យ៉ាងណាមិញ ចំណុចដែលធ្វើឱ្យក្រុមហ៊ុន BYD ទទួលបានភាពជោគជ័យបែបនេះបានគឺ ដោយសារតែរថយន្តអគ្គិសនីរបស់ខ្លួនមានតម្លៃថោកជាង មានម៉ូដែលផ្សេងៗគ្នាជាច្រើន និងមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសចិន។
អ្វីដែលកាន់តែពិសេសនោះគឺ ក្រុមហ៊ុន BYD ក៏ផលិតអាគុយផ្ទាល់ខ្លួនផងដែរ ដែលជួយកាត់បន្ថយថ្លៃដើម។ នេះបង្ហាញថាឧស្សាហកម្មរថយន្តអគ្គិសនីរបស់ប្រទេសចិនកំពុងក្លាយជាឧស្សាហកម្មដ៏រឹងមាំ និងមានសារៈសំខាន់នៅទូទាំងពិភពលោក។