ក្រុមហ៊ុន BYD មានទីស្នាក់ការកណ្តាលនៅទីក្រុង Shenzhen នៃប្រទេសចិន និងជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក បានធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូកាលពីថ្ងៃទី21 ខែកក្កដា ឆ្នាំ2022នេះ ដើម្បីបង្ហាញពីផែនការចូលទីផ្សាររថយន្តដឹកអ្នកដំណើរនៅប្រទេសជប៉ុនជាមួយនឹងម៉ូដែលបី គឺ Atto 3, Dolphin និង Seal ហើយនេះបើយោងតាមទស្សនាវដ្ដី Forbes។
BYD បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា រថយន្ត Atto 3 ត្រូវបានគេគ្រោងនឹងបំម្លែងវាឱ្យក្លាយទៅជារថយន្តដឹកអ្នកដំណើរ BYD ដំបូងគេដែលលក់នៅក្នុងប្រទេសជប៉ុនចាប់ពីឆ្នាំ2023។ Dolphin និង Seal ត្រូវបានគេរំពឹងថានឹងចេញលក់នៅពាក់កណ្តាលឆ្នាំ 2023 ។
បន្ថែមពីនេះ ប្រធាន BYD លោក Wang Chuanfu បានធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានមួយនៅលើអ៊ីនធឺណែតថា “ក្នុងនាមជាសហគ្រាសដំបូងគេ ដែលបានអភិវឌ្ឍន៍យានជំនិះអគ្គិសនីនៅលើពិភពលោក ក្រុមហ៊ុន BYD បានប្រមូលផ្តុំជំនាញ និងបទពិសោធន៍ 27 ឆ្នាំក្នុងវិស័យរថយន្តថាមពលថ្មី ហើយបានស្ទាត់ជំនាញលើបច្ចេកវិជ្ជាទំនើបៗ រួមមានអាគុយ ម៉ូទ័រអេឡិចត្រិច ប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិច និងរថយន្ត។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន BYD មានភាគហ៊ុន 7.7% នៃក្រុមហ៊ុន Berkshire Hathawayរបស់លោក Warren Buffett។
BYD ជាប់ចំណាត់ថ្នាក់លេខ 579 នៅលើចំណាត់ថ្នាក់ Forbes Global 2000 នៃក្រុមហ៊ុនពាណិជ្ជកម្មសាធារណៈកំពូលៗរបស់ពិភពលោកកាលពីដើមឆ្នាំនេះ។
ចំពោះការលក់វិញ BYD អាចយកឈ្នះគូប្រជែង គឺក្រុមហ៊ុន Tesla ដោយត្រឹមតែ 6ខែ (មករា-មិថុនានៃឆ្នាំនេះ) ការលក់សរុបនៃរថយន្តថាមពលថ្មីបានកើនឡើងជាងបីដង គឺលក់អស់ 134,036គ្រឿង ដែលកាលពីឆ្នាំមុនលក់បានត្រឹមតែ 41,036 ប៉ុណ្ណោះ។ លទ្ធផលនេះបានបញ្ជាក់ពីប្រជាប្រិយភាពនៃរថយន្ត EV នៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក។