ក្រសួងទេសចរណ៍នៃកម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងរៀបចំព្រឹត្តិការណ៍ពិធីបិទ«ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» និងពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅប្រទេសចិន។
ក្នុងព្រឹត្តិការណ៍នេះនឹងមានការសម្ដែងទស្សនីយភាពសិល្បៈថ្នាក់ជាតិរួមគ្នាកម្ពុជា-ចិន ការសម្តែងក្បាច់គុនល្បុក្កតោកម្ពុជា និង ក្បាច់គុនកុងហ្វូសៅលីញ ព្រមទាំងការបង្ហាញម៉ូតសម្លៀកបំពាក់បុរាណ និង ប្រពៃណីកម្ពុជា-ចិន រួមជាមួយកម្មវិធីសំខាន់ៗមួយចំនួនទៀត។
ព្រឹត្តិការណ៍នេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា-ចិន ក៏ដូចជារួមចំណែកជំរុញការផ្សព្វផ្សាយកិត្យានុភាពកម្ពុជា សិល្បៈវប្បធម៌ដ៏ល្អផូរផង់ សក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន។
លើសពីនេះ នេះក៏ជាឱកាសក្នុងការផ្សារភ្ជាប់ និងពង្រីកទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទំនាក់ទំនងពាណិជកម្ម ពង្រឹងភាពជាដៃគូ នឹងកិច្ចសហប្រតិបត្តិការល្អរួមចំណែកដល់ការកសាង «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន» និងដើម្បីជាការបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន។
ប្រភព៖ ខ្មែរថាមស៍