កាលពីថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ2025 ក្រុមហ៊ុនកាណាឌីយ៉ាបានបើកដំណើរការក្រុមហ៊ុន Canadia Impact Fund Co. (CIFC) ដើម្បីជួយសហគ្រិនវ័យក្មេងកម្ពុជាពង្រីកអាជីវកម្ម។ ការវិនិយោគដំបូងរបស់ក្រុមហ៊ុននេះគឺ Jalat Logistics ដែលជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មដឹកជញ្ជូនដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបម្រើដល់ពាណិជ្ជកររាប់ពាន់នាក់នៅក្នុងប្រទេសកម្ពុជា។ Jalat បានបញ្ចប់ការដឹកជញ្ជូនជាងមួយលានដង ជាមួយនឹងអត្រាជោគជ័យ 98% បម្រើដល់អាជីវករជាង 6,500 នាក់ និងបានដំណើរការប្រតិបត្តិការបង់ប្រាក់ពេលទទួលទំនិញជាង 20 លានដុល្លារអាមេរិក។
ទន្ទឹមនឹងនេះ លោក Thierry Tea នាយកប្រតិបត្តិរបស់ CIFC បាននិយាយថា មូលនិធិនេះគឺជាជំហានដ៏សំខាន់មួយដើម្បីគាំទ្រដល់ស្ថាបនិកក្នុងស្រុក ដែលកំពុងកសាងដំណោះស្រាយពិតប្រាកដសម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្មកម្ពុជា។ ដោយមូលនិធិនេះផ្តោតលើវិស័យដូចជា បច្ចេកវិទ្យា ភស្តុភារកម្ម ការអប់រំ ការថែទាំសុខភាព និងអាជីវកម្មប្រកបដោយចីរភាព។
រីឯលោក Sethey Sou នាយកប្រតិបត្តិក្រុមហ៊ុន Jalat Logistics ក៏បានមានប្រសាសន៍ថា «ការគាំទ្រពីមូលនិធិ Canadia Impact Fund បានជួយពង្រឹងសមត្ថភាពរបស់យើងក្នុងការកែលម្អប្រតិបត្តិការ បច្ចេកវិទ្យា និងបទពិសោធន៍របស់អតិថិជនរបស់យើង ខណៈពេលដែលយើងបន្តរីកចម្រើន»។ លើសពីនេះ Jalat Logistics បានប្តេជ្ញាថានឹងផ្តល់សេវាកម្មដឹកជញ្ជូនដែលអាចទុកចិត្តបាន រហ័ស និងមានតម្លាភាពសម្រាប់អតិថិជន និងអាជីវករគ្រប់រូប។
មិនតែប៉ុណ្ណោះ CIFC ក៏បានធ្វើការជាមួយដៃគូសកលដូចជា Google, Apple, Huawei, Alibaba, Grab និង Bolt ដើម្បីនាំមកនូវឱកាសថ្មីៗដល់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មនៅកម្ពុជា។ គោលដៅគឺដើម្បីជួយលើកកម្ពស់ស្ថាបនិកកម្ពុជាកាន់តែច្រើន នវានុវត្តន៍កម្ពុជាកាន់តែច្រើន និងរឿងរ៉ាវជោគជ័យកម្ពុជាកាន់តែច្រើន


