ពាក្យថា «ត្បិតត្បៀត» មនុស្សមួយចំនួនស្ដាប់ទៅហាក់ដូចជាមានន័យថា «រស់នៅដោយលំបាក» ឬ «កំណាញ់»។ ប៉ុន្តែតាមការពិត ការត្បិតត្បៀតគឺជា «ភាពឆ្លាតវៃក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ»។ អ្នកមានពិតប្រាកដ មិនមែនជាអ្នកដែលរកលុយបានច្រើនបំផុតទេ តែជាអ្នកដែល សល់លុយច្រើនបំផុត។ ខាងក្រោមនេះគឺជាគន្លឹះ ៤ យ៉ាងដើម្បីរៀនត្បិតត្បៀតដោយមិនបាច់ធ្វើបាបខ្លួនឯងពេក៖
១. បែងចែកឱ្យដាច់រវាង «ត្រូវការ» និង «ចង់បាន»
មុននឹងដកលុយពីកាបូបរាល់ដង អ្នកត្រូវសួរខ្លួនឯងថា តើរបស់នេះពិតជាចាំបាច់ខ្វះមិនបានដូចជា បាយ ថ្នាំពេទ្យ និងសាំង ឬវាគ្រាន់តែជាចំណង់មួយឆាវដូចជាកាហ្វេប្រេន និងទូរស័ព្ទស៊េរីថ្មី? គោលការណ៍សំខាន់គឺត្រូវចាយវាយឱ្យគ្រប់គ្រាន់លើតម្រូវការដែលចាំបាច់ ហើយត្រូវមានវិន័យតឹងរ៉ឹងបំផុតក្នុងការកាត់បន្ថយចំណង់ដែលមិនចាំបាច់។
២. ប្រយ័ត្នចំពោះ «ការចំណាយតូចៗ»
ពាក្យចាស់ពោលថា «រន្ធតូចមួយអាចធ្វើឱ្យលិចសំពៅដ៏ធំបាន»។ អ្នកប្រហែលជាមិនហ៊ានទិញរបស់ធំៗតម្លៃ ១០០ ដុល្លារភ្លាមៗទេ ប៉ុន្តែបែរជាហ៊ានចំណាយ ៣ ទៅ ៥ ដុល្លារលើកាហ្វេ ឬអាហារសម្រន់រាល់ថ្ងៃដោយមិនគិត។ បើយើងបូកសរុបតួលេខនេះ វាអាចឡើងដល់ជាង ១,០០០ ដុល្លារក្នុងមួយឆ្នាំ ដូច្នេះការកាត់បន្ថយការចំណាយតូចតាចទាំងនេះ នឹងជួយឱ្យអ្នកសល់លុយដុំដោយមិនដឹងខ្លួន។
៣. ប្រើវិធានការ «២៤ ម៉ោង» ឬ «៣០ ថ្ងៃ»
នៅពេលដែលអ្នកឃើញរបស់របរប្រើប្រាស់ដូចជាស្បែកជើង ឬនាឡិកាដែលស្រឡាញ់ភ្លាមៗ ហាមដាច់ខាតកុំទិញភ្លាម តែត្រូវដើរចេញហើយទុកពេលឱ្យខ្លួនឯងពិចារណាសិន។ ភាគច្រើននៃពេលវេលា បន្ទាប់ពីរយៈពេលនោះកន្លងផុតទៅ អារម្មណ៍ដែលចង់បានខ្លាំងនឹងរសាយបាត់ទៅវិញ ហើយអ្នកនឹងមានអារម្មណ៍សប្បាយចិត្តដែលបានរក្សាលុយនោះទុក ជាជាងចាយវាយទៅលើរបស់ដែលមិនចាំបាច់។
៤. កុំបង្កើនការចាយវាយ តាមចំណូល (Lifestyle Inflation)
នេះជាអន្ទាក់ធ្វើឱ្យមនុស្សជាច្រើនធ្វើការមួយជីវិតមិនសល់អ្វីសោះ។ កំហុសទូទៅគឺនៅពេលប្រាក់ខែ ២០០ ដុល្លារចាយអស់ ហើយពេលឡើងដល់ ៥០០ ដុល្លារក៏ចាយអស់ដែរ ដោយសារការដូរម៉ូតូ ឬប្រើប្រាស់របស់ទំនើបៗតាមគ្នា។ វិធីសាស្ត្រដែលត្រឹមត្រូវគឺនៅពេលចំណូលកើនឡើង សូមព្យាយាមរស់នៅដោយសាមញ្ញដដែល ហើយយកប្រាក់ដែលលើសនោះទៅវិនិយោគឬសន្សំ ដើម្បីសេរីភាពហិរញ្ញវត្ថុ ជាជាងការចាយវាយដើម្បីតែអួតសម្ភារៈនិយម។
ជារួម «ត្បិតត្បៀត» ខុសពី «កំណាញ់» កំណាញ់មានសកម្មភាពដូចជា ឈឺមិនហ៊ានទិញថ្នាំ, ឃ្លានមិនហ៊ានញ៉ាំ, ទុកលុយចោលមិនហ៊ានប្រើ (នេះជាទង្វើល្ងង់ខ្លៅ)។ល។ រីឯត្បិតត្បៀតដូចជា ចាយលុយចំគោលដៅ, មិនខ្ជះខ្ជាយ, និងសន្សំលុយថ្ងៃនេះ ដើម្បីសេរីភាពនៅថ្ងៃស្អែក (នេះជាទង្វើឆ្លាតវៃ)។