spot_img
spot_img
Homeទូទៅទស្សនវិជ្ជាជប៉ុនទាំង៥ នឹងផ្លាស់ប្តូរការរស់នៅដែលគ្មានរបៀប មករស់នៅក្នុងជីវិតមួយដែលល្អប្រសើរ

ទស្សនវិជ្ជាជប៉ុនទាំង៥ នឹងផ្លាស់ប្តូរការរស់នៅដែលគ្មានរបៀប មករស់នៅក្នុងជីវិតមួយដែលល្អប្រសើរ

-

បុរសម្នាក់ឈ្មោះ Christopher ដែលមានទម្ងន់ ១៤២ គីឡូក្រាម និងជីវិតពោរពេញដោយទម្លាប់អាក្រក់។ គាត់ធ្លាប់បរាជ័យជាច្រើនដងក្នុងការសម្រកទម្ងន់ រហូតដល់ថ្ងៃមួយគាត់បានជួបវេជ្ជបណ្ឌិតជប៉ុនម្នាក់ដែលមិនបានផ្តល់ថ្នាំពេទ្យ ប៉ុន្តែបានផ្តល់ “ទស្សនវិជ្ជា” មួយដល់គាត់។ នេះគឺជាដំណើរនៃការផ្លាស់ប្តូរជីវិតដោយប្រើប្រព័ន្ធជប៉ុនបុរាណចំនួន ៥ ដែលផ្លាស់ប្តូរពីភាពបរាជ័យ ទៅជាជ័យជម្នះដ៏អស្ចារ្យ៖

១. Kaizen (ការកែលម្អជាបន្តបន្ទាប់ ១%) ៖ កំហុសរបស់ Christopher គឺព្យាយាមផ្លាស់ប្តូរអ្វីៗទាំងអស់ក្នុងពេលតែមួយ ដែលធ្វើឱ្យខួរក្បាលទទួលយកមិនបាន។ ដំណោះស្រាយគឺចាប់ផ្តើមពី “កែវទឹកមួយកែវ” នៅពេលព្រឹក។ ធ្វើរឿងតូចបំផុតដែលអ្នកមិនអាចបដិសេធបាន។ បើអ្នកកែលម្អ ១% រាល់ថ្ងៃ ក្នុងមួយឆ្នាំអ្នកនឹងរីកចម្រើនលើសពីការរំពឹងទុក។

២. Hara Hachi Bu (ញ៉ាំត្រឹម ៨០% នៃក្រពះ)៖ ជំនួសឱ្យការតមអាហារតឹងរ៉ឹង គ្រូពេទ្យឱ្យគាត់ញ៉ាំអាហារដែលគាត់ចូលចិត្ត ប៉ុន្តែដាក់ក្នុងចានត្រឹមតែ “ពាក់កណ្តាល”។ បើនៅឃ្លាន ត្រូវរង់ចាំ ២០ នាទីសិន។ នេះបង្រៀនឱ្យក្រពះ និងខួរក្បាលចេះសម្របខ្លួនទៅនឹងភាពល្មម ដោយមិនមានអារម្មណ៍ថាបង្អត់អាហារ ឬតឹងតែងពេកនោះទេ។

៣. Ikigai (ហេតុផលនៃការរស់នៅ)៖ ការសម្រកទម្ងន់ដើម្បីតែ “ស្គម” មិនមានកម្លាំងចិត្តគ្រប់គ្រាន់ទេ។ Christopher រកឃើញថា ហេតុផលនៃការរស់នៅរបស់គាត់គឺ “ចង់ដើរដឹកដៃកូនស្រីក្នុងនាមជាឪពុកក្នុងថ្ងៃមង្គលការកូនស្រី”។ ដូចនេះនៅពេលដែលអ្នករកឃើញ “មូលហេតុ”ដែលធំជាងខ្លួនអ្នក ការលំបាកនឹងក្លាយជារឿងតូចតាច។

៤. Wabi-Sabi (ទទួលយកភាពមិនល្អឥតខ្ចោះ) នៅពេល Christopher ភ្លាត់ស្នៀតញ៉ាំច្រើនហួសកំណត់ក្នុងថ្ងៃបុណ្យ Thanksgiving គាត់មានអារម្មណ៍ចង់បោះបង់អ្វីៗដែលបានខំប្រឹងមក។ ប៉ុន្តែគ្រូពេទ្យបង្រៀនថា “ការជំពប់ជើងមិនមែនជាការដួលរលំទេ”។ នេះបង្រៀនឱ្យយើងស្រឡាញ់ភាពមិនល្អឥតខ្ចោះ។ បើអ្នកបរាជ័យថ្ងៃនេះ ថ្ងៃស្អែកគ្រាន់តែចាប់ផ្តើមឡើងវិញ។ ភាពជោគជ័យមិនមែនស្ថិតលើការមិនដែលបរាជ័យទេ តែស្ថិតលើការ “ក្រោកឈរវិញ” ជានិច្ច។

៥. Gambaru (ការស៊ូទ្រាំមិនបោះបង់)៖ នេះគឺជាស្មារតីនៃការតស៊ូដល់ទីបញ្ចប់ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ។ វាមិនមែនជាការប្រឹងប្រែងដើម្បីឈ្នះអ្នកដទៃទេ តែជាការប្រឹងប្រែងធ្វើឱ្យអស់ពីសមត្ថភាពរបស់ខ្លួនឯង។ Christopher បានប្រើ Gambaru ដើម្បីបន្តដើរជារៀងរាល់ថ្ងៃ ទោះបីជាគាត់ហត់នឿយ ឬធុញទ្រាន់ក៏ដោយ។

សរុបមក ការផ្លាស់ប្តូរទម្លាប់មិនមែនជាការប្រឆាំងនឹងខ្លួនឯងក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែវាគឺជាការកសាង “អត្តសញ្ញាណថ្មី” តាមរយៈទង្វើតូចៗជាប្រចាំ។ Christopher មិនបានស្រក ៥២ គីឡូដោយសារថ្នាំទេ តែដោយសារគាត់បានរក្សា “ពាក្យសន្យា” ចំពោះខ្លួនឯងជារៀងរាល់ថ្ងៃ។ ចាប់ផ្តើមថ្ងៃនេះដោយសួរខ្លួនឯងថា៖ “តើអ្វីជារឿងតូចបំផុតដែលខ្ញុំអាចធ្វើបាននៅថ្ងៃនេះ ដើម្បីក្លាយជាមនុស្សដែលខ្ញុំចង់ក្លាយជា?”៕

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ