ប្រទេសចិនបានបើករោងចក្រអ៊ីដ្រូសែន និងអាម៉ូញាក់បៃតងធំបំផុតរបស់ពិភពលោកនៅម៉ុងហ្គោលីខាងក្នុង ( គឺជាតំបន់ដ៏ធំមួយនៅភាគខាងជើងប្រទេសចិន )។ ចំពោះរោងចក្រនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន Envision Group ហើយវាប្រើប្រាស់តែថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ប៉ុណ្ណោះ តែប្រសិនបើមានថាមពលទាំងនេះមិនមាន គេអាចប្រើប្រាស់ថ្មមកជំនួសបាន ជាមួយនឹងបច្ចេកវិទ្យា AI ដ៏ឆ្លាតវៃ ដែលធ្វើអោយដំណើរការនេះមានប្រសិទ្ធភាពខ្ពស់។
រោងចក្រនេះអាចផលិតអាម៉ូញាក់ពណ៌បៃតងបាន 320,000 តោនក្នុងមួយឆ្នាំ។ អាម៉ូញាក់ពណ៌បៃតងគឺជាសារធាតុស្អាត និងមិនប៉ះពាល់ដល់បរិស្ថាន ដែលអាចប្រើបានតាមវិធីសំខាន់ៗពីរយ៉ាង។ ទីមួយ វាអាចបម្រើជាឥន្ធនៈស្អាត មានន័យថាវាអាចផ្តល់ថាមពលដល់ម៉ាស៊ីន ឬយានជំនិះ ខណៈពេលដែលបង្កើតការបំពុលតិចតួចបំផុត បើប្រៀបធៀបទៅនឹងឥន្ធនៈបុរាណ។ ទីពីរ វាអាចប្រើជាជីដើម្បីជួយឱ្យរុក្ខជាតិលូតលាស់បានល្អដោយផ្តល់សារធាតុចិញ្ចឹមសំខាន់ៗ។ យ៉ាងណាមិញ ការនាំចេញអាម៉ូញាក់ស្អាតនេះនឹងចាប់ផ្តើមនៅចុងឆ្នាំ 2025។
ទន្ទឺមនឹងនេះ គម្រោងនេះគឺជាជំហានដ៏ធំមួយឆ្ពោះទៅមុខសម្រាប់ថាមពលកកើតឡើងវិញ និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។