កាលពីសប្តាហ៍មុន ប្រទេសចិននិយាយថា ខ្លួនមានទំនុកចិត្តក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមអនុរដ្ឋមន្ត្រីការបរទេសលោកស្រី Hua Chunying លើកឡើងមុនពេលមានកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលត្រូវធ្វើឡើងក្នុងប្រទេសស្វីស។ ថែមពីនេះ លោកស្រី Hua បាននិយាយថា ចិនមិនចង់ឈ្លោះប្រកែកគ្នាអំពីពាណិជ្ជកម្មជាមួយប្រទេសផ្សេងនោះទេ ប៉ុន្តែដោយសារបញ្ហាកំពុងកើតឡើងហើយ ចិនត្រូវដោះស្រាយវាតាមស្ថានភាព។
មិនតែប៉ុណ្ណោះ លោកស្រីបានរិះគន់ពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញរបស់ចិនដោយនិយាយថាពួកគេកំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចទាំងពីរ។ រីឯអ្នកជំនាញជាច្រើនជឿថា ពន្ធគយកំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ព្រោះវាធ្វើឱ្យទំនិញកាន់តែថ្លៃ និងធ្វើឱ្យអាជីវកម្មរវាងប្រទេសធ្លាក់ចុះ។
យ៉ាងណាមិញ លោកស្រី Hua ក៏បានបន្ថែមថា វិធីសាស្រ្តពាណិជ្ជកម្មអយុត្តិធម៍របស់សហរដ្ឋអាមេរិកមិនអាចស្ថិតស្ថេរជារៀងរហូតទេ ហើយសង្ឃឹមថារដ្ឋាភិបាលអាមេរិកនឹងត្រឡប់ទៅរកគោលនយោបាយពាណិជ្ជកម្មធម្មតាវិញ។ ការលើកឡើងរបស់លោកស្រីបានធ្វើឡើងក្នុងអំឡុងពេលធ្វើដំណើរទៅកាន់តំបន់ជនបទដែលប្រទេសចិនកំពុងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនសេដ្ឋកិច្ចក្នុងស្រុក។