នៅក្នុងប្រទេសចិន អ្នកដែលអានព័ត៌មានតាមទូរទស្សន៍ឥឡូវនេះគឺ AI ដែលគេបានបង្កើតរូបរាងជាមនុស្សដែលគេចង់បាន ហើយគេចាត់ទុករឿងនេះគឺជារឿងធម្មតាបាត់ទៅហើយនៅប្រទេសចិន ដោយមានស្ថានីយ៍មួយចំនួនប្រើប្រាស់វាក្នុងអំឡុងពេលថ្ងៃឈប់សម្រាកសំខាន់ៗ។
AI avatars ទាំងនេះធ្វើសកម្មភាពដូចមនុស្សពិត ហើយអាចធ្វើការ 24/7 ដោយមិនសម្រាក ហើយពួកគេចំណាយតិច និងធ្វើការបានល្អជាងមនុស្សដោយមិនមានភាពរអាក់រអួលឡើយ។
ទន្ទឹងនឹងនេះ អ្នកអានព័ត៌មានពិតប្រាកដជាច្រើននាក់មានការព្រួយបារម្ភអំពីការបាត់បង់ការងាររបស់ពួកគេ។ ខណៈពេលដែល AI អាចអានព័ត៌មានបានល្អ គ្រាន់តែវាមិនអាចបង្ហាញពីអារម្មណ៍ពិត និងមិនអាចបង្ហាញពីស្ទីលផ្ទាល់ខ្លួន ឬបង្កើតទំនាក់ទំនងពិតប្រាកដជាមួយទស្សនិកជនតាមរបៀបដែលអ្នកអានព័ត៌មានពិតប្រាកដអាចធ្វើបាននោះទេ។
ដូចនេះ អ្នកអានព័ត៌មានពិត និងនិស្សិតដែលកំពុងរៀនផ្នែកផ្សព្វផ្សាយឥឡូវនេះកំពុងរៀនជំនាញថ្មីៗ ដូចជាការធ្វើបទសម្ភាសន៍ផ្ទាល់ និងការនិយាយដោយគ្មានស្គ្រីប ដូច្នេះពួកគេអាចធ្វើរឿងដែល AI មិនអាចធ្វើបាន ដើម្បីរក្សាការងាររបស់ពួកគេ។
រីឯអ្នកជំនាញជឿថា ខណៈពេលដែល AI កំពុងផ្តល់ប្រយោជន៍ដល់មនុស្សយ៉ាងច្រើន ប៉ុន្តែវាមិនអាចជំនួសកន្លែងអ្នកផ្សាយព័ត៌មានរបស់មនុស្សបានទាំងស្រុងនោះទេ។ នោះក៏ព្រោះតែមនុស្សមានភាពច្នៃប្រឌិត ផ្តល់អារម្មណ៍ពិត និងវត្តមានពិតប្រាកដដែល AI ខ្វះខាត។