ប្រធានាធិបតីចិន លោក Xi Jinping បានជំរុញឱ្យប្រទេសចិនយកឈ្នះលើបញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI សំខាន់ៗ ដូចជាបន្ទះឈីបកម្រិតខ្ពស់ ដើម្បីឱ្យចិនអាចក្លាយជាអ្នកដឹកនាំពិភពលោកក្នុងវិស័យ AI ។ ទោះបីជាមានសង្គ្រាមពាណិជ្ជកម្មកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក ដែលបានដាក់ពន្ធរហូតដល់ 145% ដោយលោក Xi បានសង្កត់ធ្ងន់ថា ប្រទេសចិនគួរតែពឹងផ្អែកលើខ្លួនឯងសម្រាប់ការអភិវឌ្ឍន៍ AI ដោយផ្តោតលើការស្រាវជ្រាវ និងដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកវិទ្យាសំខាន់ៗ។
ចាប់តាំងពី ChatGPT កាន់តែរីកចម្រើន បានធ្វើឱ្យទាំងប្រទេសចិន និងសហរដ្ឋអាមេរិកខិតខំអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួននៅក្នុង AI ប៉ុន្តែប្រទេសចិននៅតែមានគម្លាតខ្លះនៅក្នុងឧស្សាហកម្ម AI របស់ខ្លួន។
ថែមពីនេះ សហរដ្ឋអាមេរិកបានរឹតបន្តឹងការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន ដោយលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខជាតិ ដែលចិនអាចប្រើប្រាស់បន្ទះឈីបទាំងនេះដើម្បីពង្រឹងផ្នែកយោធា ឬផ្នែកសំខាន់ៗផ្សេងទៀតដូចជា AI ដែលអាចធ្វើឱ្យអាមេរិករងហានិភ័យផ្នែកសន្តិសុខជាតិ។ ថែមពីនេះ វិធានការទាំងនេះក៏រក្សាការត្រួតត្រាផ្នែកបច្ចេកវិទ្យារបស់អាមេរិកទៅលើបច្ចេកវិទ្យារបស់ចិនផងដែរ។