Home ទូទៅ យុទ្ធសាស្ត្រទំនាក់ទំនងដែលជួយឱ្យអ្នក “ឡើងតំណែងលឿន” ជាជាងការខំតែធ្វើការ!

យុទ្ធសាស្ត្រទំនាក់ទំនងដែលជួយឱ្យអ្នក “ឡើងតំណែងលឿន” ជាជាងការខំតែធ្វើការ!

តើអ្នកធ្លាប់មានអារម្មណ៍ថា ទោះបីជាអ្នកខំប្រឹងធ្វើការខ្លាំងយ៉ាងណាក៏ដោយ ក៏ឱកាសតម្លើងតំណែងហាក់ដូចជារំលងអ្នកទៅរកអ្នកដទៃដែរឬទេ? បញ្ហាមិនមែនមកពីសមត្ថភាពការងាររបស់អ្នកមិនល្អនោះទេ ប៉ុន្តែវាអាចមកពី “របៀបដែលអ្នកបង្ហាញគំនិត” ទៅកាន់ថ្នាក់ដឹកនាំ។ បើយោងតាមខ្លឹមសារអត្ថបទបង្ហោះ របស់លោក ហាក់ គីមថុង បានចែករំលែកនូវយុទ្ធសាស្ត្រទំនាក់ទំនងសំខាន់ៗចំនួន ៤ ដើម្បីឱ្យអ្នកមើលទៅដូចជាមេដឹកនាំយុទ្ធសាស្ត្រម្នាក់៖

១. ការប្រើប្រាស់រូបមន្ត “3 O’s” ក្នុងរយៈពេល ៥ វិនាទីដំបូង: ថ្នាក់ដឹកនាំជាន់ខ្ពស់សម្រេចចិត្តថាតើគំនិតរបស់អ្នកគួរឱ្យស្តាប់ឬអត់ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្លាមៗ អ្នកត្រូវប្រើរូបមន្ត 3 O’s៖ Outcome (លទ្ធផលជាលេខ ឬទឹកប្រាក់), Objective (គោលដៅអាជីវកម្មដែលនឹងប្រសើរឡើង), និង Obstacle (បញ្ហាដែលនឹងត្រូវបានដោះស្រាយ)។ ជំនួសឱ្យការនិយាយថា “ខ្ញុំចង់ប្តូរប្រព័ន្ធការងារ” អ្នកគួរនិយាយថា “យើងអាចកាត់បន្ថយពេលវេលាផលិតកម្ម ២៥% ដែលស្មើនឹង ១,២ លានដុល្លារក្នុងមួយឆ្នាំ ដោយការកែលម្អប្រព័ន្ធ AI”។

២. កុំហូហែរព័ត៌មានទាំងអស់ក្នុងពេលតែមួយ: កំហុសធំបំផុតគឺការនិយាយរាយរាប់ព័ត៌មានបច្ចេកទេសច្រើនពេក ដែលធ្វើឱ្យខួរក្បាលអ្នកស្តាប់ ជាពិសេសថ្នាក់ដឹកនាំរបស់អ្នកហត់នឿយ។ អ្នកគួរប្រើរចនាសម្ព័ន្ធដែលបែងចែកជាពីរផ្នែកគឺ៖ ភាពពាក់ព័ន្ធ និង សារសំខាន់ដោយផ្តោតលើភាពខ្លីៗ ចំៗ ។ ការធ្វើបែបនេះជួយឱ្យអ្នកស្តាប់រក្សាការយកចិត្តទុកដាក់បានយូរ។

៣. បង្កើតភាពចង់ដឹងមុននឹងពន្យល់ព័ត៌មានលម្អិត: មុននឹងបង្ហាញស្លាយ (Slide) បន្ទាប់ អ្នកគួរចោទជាសំណួរដែលថ្នាក់ដឹកនាំចង់ដឹងបំផុត ដូចជា “តើវាចំណាយអស់ប៉ុន្មាន?” ឬ “តើពេលណាទើបឃើញផល?”។ ការនិយាយបែបនេះនឹងជួយឱ្យអ្នកស្តាប់មានអារម្មណ៍ចង់តាមដាន និងរង់ចាំស្តាប់ចម្លើយរបស់អ្នក ។

៤. បញ្ចប់កិច្ចប្រជុំដោយ “ថាមពល “: កុំបញ្ចប់កិច្ចប្រជុំដោយគ្រាន់តែសួរថា “តើមានសំណួរអ្វីទេ?” ព្រោះវាធ្វើឱ្យអ្នកបាត់បង់ការគ្រប់គ្រង។ អ្នកត្រូវតែក្តោបក្តាប់ជំហានបន្ទាប់ដោយខ្លួនឯង ដូចជា “ខ្ញុំនឹងអនុវត្តកិច្ចការនេះ ហើយរាយការណ៍ជូនវិញនៅថ្ងៃព្រហស្បតិ៍”។ ការធ្វើបែបនេះបង្ហាញថា អ្នកគឺជាអ្នកដឹកនាំលទ្ធផល មិនមែនគ្រាន់តែជាអ្នកចាំទទួលបញ្ជានោះទេ។

ការផ្លាស់ប្តូររបៀបនិយាយត្រឹមតែបន្តិចបន្តួចនេះ នឹងធ្វើឱ្យតម្លៃការងាររបស់អ្នកត្រូវបានមើលឃើញយ៉ាងច្បាស់ និងជួយឱ្យអ្នកឈានទៅរកភាពជោគជ័យក្នុងអាជីពបានយ៉ាងឆាប់រហ័ស។