ការធ្វើកិច្ចសន្យានៅពេលទិញ ឬជួលអចលនទ្រព្យគឺធានាបាននូវការការពារតាមផ្លូវច្បាប់ ដោយនៅក្នុងកិច្ចសន្យាបានបញ្ជាក់នូវលក្ខខណ្ឌមួយចំនួនដូចជាការបង់ប្រាក់ រយៈពេល និងទំនួលខុសត្រូវ។ល។ កិច្ចព្រមព្រៀងនេះធានាបាននូវការអនុវត្ត ការពារផលប្រយោជន៍របស់ភាគីទាំងសងខាង ព្រមទាំងផ្តល់នូវភាពច្បាស់លាស់ក្នុងការទិញ ឬជួលអចលនទ្រព្យ។
តោះមកដឹងអំពីសារៈសំខាន់ពីការធ្វើកិច្ចសន្យានៅពេលទិញ ឬជួលអចលនទ្រព្យ ៖
ការការពារផ្នែកច្បាប់៖ ធានាថាភាគីទាំងសងខាងមានកាតព្វកិច្ចស្របច្បាប់ និងបាននូវការការពារពីការក្លែងបន្លំ ឬបំពានលក្ខខណ្ឌ។
មានលក្ខខណ្ឌច្បាស់លាស់៖ នៅក្នុងកិច្ចសន្យាបានបញ្ជាក់ពីតម្លៃនៃអចលនទ្រព្យ ការទូទាត់ប្រាក់ រយៈពេលនៃការជួល ឬលក់ និងលក្ខខណ្ឌសំខាន់ៗផ្សេងទៀត។
ការបញ្ជាក់អំពីសិទ្ធិ និងទំនួលខុសត្រូវ៖ បានកំណត់អំពីភារកិច្ចរបស់ភាគីទាំងសងខាង ដូចជាកាតព្វកិច្ចរក្សាថែទាំ ការស្នាក់នៅ ការគ្រប់គ្រង និងការទូទាត់ប្រាក់ ចំពោះអចលនទ្រព្យនោះ។
ការពារការកើតមាននូវបញ្ហាវិវាទ៖ កិច្ចសន្យាអាចជួយជៀសវាងពីការមានជម្លោះ ពីព្រោះនៅក្នុងលក្ខខណ្ឌបានបញ្ជាក់យ៉ាងច្បាស់អំពីសិទ្ធិ ភារកច្ច និងទំនួលខុសត្រូវរបស់ភាគីទាំងសងខាង។ ជាមួយនឹងលក្ខខណ្ឌជាក់លាក់នេះ កិច្ចសន្យាក៏អាចជួយកាត់បន្ថយពីការយល់ច្រលំ និងផ្តល់នូវភាពងាយស្រួលក្នុងការដោះស្រាយបើសិនជាវិវាទកើតមានឡើង។
ធានាបាននូវយុត្តិធម៌៖ តាមរយៈការបង្កើតកិច្ចសន្យាព្រមព្រៀងនេះបានច្បាស់លាស់ ក្នុងការបង្កើតកាតព្វកិច្ចទៅវិញទៅមក ការពារសិទ្ធិ និងការពារពីការយល់ច្រឡំ។ កិច្ចសន្យាដែលមានលក្ខខណ្ខកំណត់ត្រឹមត្រូវ ធានាបាននូវទំនួលខុសត្រូវ និងការជឿទុកចិត្តគ្នារវាងភាគីទាំងសងខាងក្នុងការរក្សាបាននូវសមធម៌ និងយុត្តិធម៌។