មនុស្សជាច្រើនបានបោះបង់ក្តីស្រមៃរបស់ខ្លួនចោល ដោយសារតែពួកគេគិតថាអាយុច្រើនពេក ឬពេលយឺតពេលហើយ។ ប៉ុន្តែការពិតគឺថា នៅក្នុងការប្រណាំងនៃជីវិត មិនមានកំណត់ម៉ោងឈប់ (Deadline) នោះទេ ដរាបណាអ្នកនៅមានដង្ហើម អ្នកនៅតែមានឱកាស។ ខាងក្រោមនេះគឺជាហេតុផល ៣ យ៉ាងដែលបញ្ជាក់ថា គ្មានពាក្យថាយឺតពេលទេសម្រាប់អ្នកដែលចង់ចាប់ផ្តើម៖
១. ជីវិតមនុស្សម្នាក់ៗមាន «Timezone» ខុសគ្នា
កុំប្រៀបធៀបពេលវេលាជីវិតរបស់អ្នក ជាមួយពេលវេលាជីវិតរបស់អ្នកដទៃ។ អ្នកខ្លះរៀនចប់នៅអាយុ ២២ ឆ្នាំ ប៉ុន្តែទាល់តែ ៥ ឆ្នាំក្រោយទើបរកការងារបាន។ ដូចជាលោក Colonel Sanders ដែលជាស្ថាបនិក KFC បានចាប់ផ្តើមអាជីវកម្មរបស់គាត់នៅអាយុ ៦៥ ឆ្នាំ និងអ្នកជោគជ័យផ្សេងៗទៀត។ ដូច្នេះហើយអ្នកមិនមែនដើរយឺតជាងគេទេ អ្នកគ្រាន់តែដើរនៅក្នុងពេលវេលារបស់អ្នកប៉ុណ្ណោះ។
២. ការចាប់ផ្តើមសារថ្មី មិនមែនចាប់ពី «សូន្យ» ទេ
នៅពេលអ្នកចាប់ផ្តើមធ្វើអ្វីមួយនៅវ័យរាងជ្រេ សូមកុំគិតថាអ្នកកំពុងចាប់ផ្តើមពីបាតដៃទទេ។ អ្នកកំពុងចាប់ផ្តើមជាមួយនឹង «បទពិសោធ»។ ការបរាជ័យ និងមេរៀនដែលអ្នកបានឆ្លងកាត់កន្លងមក គឺជាដើមទុនដ៏វិសេសវិសាលដែលជួយឱ្យអ្នកដើរបានលឿនជាង និងឆ្លាតជាងកាលពីអ្នកនៅក្មេង។
៣. ពេលវេលាដែលល្អបំផុតគឺ «ឥឡូវនេះ»
មានសុភាសិតមួយពោលថា៖ «ពេលវេលាល្អបំផុតដើម្បីដាំដើមឈើគឺ ២០ ឆ្នាំមុន ហើយពេលវេលាល្អបំផុតបន្ទាប់គឺ ឥឡូវនេះ»។ ការអង្គុយស្តាយក្រោយថាគួរតែធ្វើវាពី ១០ ឆ្នាំមុន មិនបានជួយអ្វីទេ តែវាធ្វើឱ្យអ្នកខាតពេលបន្ថែមទៀត។ ដូចនេះ ចូរចាប់ផ្ដើមធ្វើសកម្មភាពនៅថ្ងៃនេះ ដើម្បីកុំឱ្យខ្លួនឯងនៅតែនិយាយពាក្យថា «ស្ដាយក្រោយ» នៅឆ្នាំក្រោយទៀត។
សរុបមក សូមកុំអនុញ្ញាតឱ្យតួលេខនៃអាយុ ឬអតីតកាល មកកំណត់អនាគតរបស់អ្នក។ វាមិនដែលយឺតពេលទេក្នុងការប្តូរការងារ រៀនជំនាញថ្មី ឬកែប្រែខ្លួនឯងឱ្យល្អជាងមុន។ ចងចាំថា «ថ្ងៃនេះ គឺជាថ្ងៃដែលអ្នកក្មេងបំផុតសម្រាប់ជីវិតដែលនៅសល់របស់អ្នក» ដូច្នេះចូរប្រើប្រាស់វាឱ្យមានតម្លៃ។