ដំណាក់កាលចាប់ផ្តើមអាជីវកម្ម គឺជាពេលវេលាដ៏សំខាន់បំផុតសម្រាប់ម៉ាកយីហោរបស់អ្នក។ កំហុសឆ្គងតិចតួចក្នុងការធ្វើទីផ្សារ អាចបំផ្លាញកេរ្តិ៍ឈ្មោះ និងធ្វើឲ្យអាជីវកម្មរបស់អ្នកដួលមុនពេលដែលវាអាចលូតលាស់ទៅមុខ។
ខាងក្រោមនេះជាយុទ្ធសាស្ត្រទីផ្សារ ៥ យ៉ាងដែលអ្នកត្រូវជៀសវាងដាច់ខាត៖
១. ព្យាយាមលក់ទៅឲ្យមនុស្សគ្រប់គ្នា
នេះគឺជាកំហុសដែលធ្វើឲ្យថវិកាទីផ្សាររបស់អ្នកងាយរងគ្រោះលឿនបំផុត។ នៅពេលអ្នកព្យាយាមលក់ទៅឲ្យមនុស្សគ្រប់គ្នា សារទីផ្សាររបស់អ្នកនឹងមិនត្រូវចំគោលដៅជាក់លាក់ណាមួយនោះទេ។
អ្វីដែលត្រូវធ្វើ: ត្រូវកំណត់ ទីផ្សារពិសេស (Niche) មួយឲ្យបានច្បាស់លាស់ ហើយផ្តោតលើអតិថិជនដែលមានបញ្ហាដែលផលិតផលរបស់អ្នកអាចដោះស្រាយបាន។
២. មិនវិភាគទីផ្សារ និងតម្លៃផលិតផល
ការធ្វើទីផ្សារដោយគ្មានការស្រាវជ្រាវ គឺដូចជាការបាញ់ព្រួញក្នុងទីងងឹត។ កុំចំណាយលុយលើការផ្សាយពាណិជ្ជកម្មមុននឹងដឹងថាតើគូប្រកួតប្រជែងរបស់អ្នកកំពុងធ្វើអ្វី ហើយថាតើអតិថិជនសុខចិត្តចំណាយលុយលើតម្លៃនៃផលិតផលដែលអ្នកកំណត់ប៉ុន្មាន?
អ្វីដែលត្រូវធ្វើ: ត្រូវវិភាគពីតម្លៃទីផ្សារ និងកំណត់ តម្លៃស្នូល (Value Proposition) របស់អ្នកឲ្យបានច្បាស់លាស់។
៣. ផ្តោតតែលើការលក់ មិនមែនគុណតម្លៃ
សម្រាប់ម៉ាកយីហោថ្មី ការជំរុញឲ្យអតិថិជនទិញភ្លាមៗ មិនទាក់ធ្វើអ្វីដើម្បីឱ្យមានគេស្គាល់ ឬមានទំនុកចិត្តលើអាជីកម្មរបស់អ្នក។ ដូចនេះដំបូងអ្នកត្រូវតែកសាងទំនុកចិត្តជាមុនសិន ទើបអតិថិជនទិញអ្នកម្តងហើយម្តងទៀត។
អ្វីដែលត្រូវធ្វើ: ប្រើប្រាស់ Content Marketing។ បង្កើតខ្លឹមសារដែលមានតម្លៃ (ផ្តល់គន្លឹះ បង្រៀន គុណភាពឬការកម្សាន្ត) ដើម្បីណែនាំ និងទាំងជាភាពទាក់ទាញដល់អតិថិជនមុននឹងលក់។
៤. ការសន្យាលើសលប់
កេរ្តិ៍ឈ្មោះរបស់ម៉ាកយីហោថ្មីគឺផុយស្រួយណាស់។ ការសន្យាអ្វីដែលផលិតផលរបស់អ្នកមិនអាចធ្វើបាន ឬការសន្យាដឹកជញ្ជូនលឿនពេក នឹងនាំឲ្យមានការខកចិត្តភ្លាមៗ និងទទួលបានការវាយតម្លៃអវិជ្ជមាន។
អ្វីដែលត្រូវធ្វើ: ត្រូវមានភាពស្មោះត្រង់និងតម្លាភាព អំពីលទ្ធផលនិងគុណភាព។ ហើយត្រូវផ្តល់សេវាកម្មដែលល្អជាងអ្វីដែលអ្នកបានសន្យា (Under-promise and Over-deliver) សកម្មភាពនេះអ្នកកំពុងតែកសាងទំនុកចិត្ត។
៥. មិនតាមដាននិងមិនឆ្លើយតប
ការធ្វេសប្រហែសលើមតិយោបល់របស់អតិថិជន ជាពិសេសមតិអវិជ្ជមាន អាចសម្លាប់ម៉ាកយីហោថ្មីបានលឿនបំផុត។ អតិថិជនចាត់ទុកការឆ្លើយតបយឺតយ៉ាវជាសញ្ញានៃការមិនយកចិត្តទុកដាក់។
អ្វីដែលត្រូវធ្វើ: ត្រូវមាននីតិវិធីច្បាស់លាស់ដើម្បី ឆ្លើយតបសារទាំងអស់ឲ្យបានលឿន និងដោយ ការយោគយល់។ ត្រូវចាត់ទុកមតិយោបល់ជាឱកាសដើម្បីបង្ហាញពីភាពទទួលខុសត្រូវរបស់ក្រុមហ៊ុន។
សរុបមក ភាពជោគជ័យក្នុងការចាប់ផ្តើមអាជីវកម្ម គឺពឹងផ្អែកលើ ការផ្តោតអារម្មណ៍ ភាពស្មោះត្រង់ និងការ ស្តាប់អតិថិជន។ ការជៀសវាងកំហុសធំៗទាំង ៥ នេះ គឺជាគន្លឹះដើម្បីធានាថាអាជីវកម្មរបស់អ្នកអាចលូតលាស់បានយ៉ាងរលូន។

