spot_img
spot_img
Homeទូទៅមេរៀនជីវិតដែលអ្នកវ័យ ២០ ឆ្នាំគ្រប់រូបត្រូវតែដឹងបើមិនចង់ស្ដាយក្រោយ

មេរៀនជីវិតដែលអ្នកវ័យ ២០ ឆ្នាំគ្រប់រូបត្រូវតែដឹងបើមិនចង់ស្ដាយក្រោយ

-

Robert Greene អ្នកនិពន្ធសៀវភៅល្បីល្បាញ Mastery បានចែករំលែកទស្សនៈដ៏សំខាន់មួយថា វ័យ ២០ ឆ្នាំមិនមែនគ្រាន់តែជាពេលវេលាសម្រាប់សប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាពេលវេលាសម្រាប់ “ការហ្វឹកហាត់” ។ អ្វីដែលអ្នកធ្វើនៅវ័យនេះ នឹងកំណត់ថា តើវ័យ ៣០ ឆ្នាំរបស់អ្នកនឹងរឹងមាំ ឬបរាជ័យ។ ខាងក្រោមនេះជាមេរៀនសំខាន់ៗសម្រាប់វ័យ ២០ ឆ្នាំគួរដឹង៖

១. វ័យ ២០ ឆ្នាំ គឺសម្រាប់ការរៀនសូត្រ មិនមែនរកលុយទេ៖ គោលដៅសំខាន់បំផុតនៅវ័យ ២០ ឆ្នាំ គឺការរៀនជំនាញ។ អ្នកមិនគួរគ្រាន់តែស្វែងរកការងារដែលបានប្រាក់ខែខ្ពស់ ហើយធ្វើការដូចម៉ាស៊ីននោះទេ។ តែអ្នកគួរចំណាយពេលនេះដើម្បីរៀនជំនាញឱ្យបាន ២ ឬ ៣ យ៉ាងឱ្យស្ទាត់ជំនាញ។ ព្រោះបើអ្នកគ្រាន់តែសប្បាយចោលនៅវ័យ ២០ ឆ្នាំ នោះនៅពេលចូលដល់វ័យ ៣០ ឆ្នាំ អ្នកនឹងគ្មានមូលដ្ឋានគ្រឹះរឹងមាំដើម្បីកសាងជីវិតឡើយ។

២. អំណាចនៃការផ្សំជំនាញ៖ Robert បានលើកឧទាហរណ៍ពីលោក Paul Graham ដោយលោក Paul បានរៀនសរសេរកូដនៅមហាវិទ្យាល័យ ប៉ុន្តែដោយសារចិត្តស្រឡាញ់ គាត់ក៏បានទៅរៀន Design បន្ថែមនៅអ៊ីតាលី។ ពេលត្រឡប់មកវិញ គាត់បានយកជំនាញទាំងពីរដែលមើលទៅហាក់ដូចជាមិនពាក់ព័ន្ធគ្នា មកបញ្ចូលគ្នាដើម្បីបង្កើតវេបសាយលក់ទំនិញអនឡាញដំបូងគេ រហូតក្លាយជាមហាសេដ្ឋី។ នេះចង់បង្ហាញថា ការមានជំនាញតែមួយមុខ គឺជារឿងធម្មតាដែលអ្នកណាក៏មានបាន។ ប៉ុន្តែបើអ្នកមានជំនាញពីរផ្សេងគ្នា នោះអ្នកនឹងមានឱកាសច្រើនក្នុងការរីកចម្រើន។

៣. វ័យ ៣០ ឆ្នាំ គឺជាពេលដែលអ្វីៗផ្គុំចូលគ្នា៖ អ្នកមិនចាំបាច់ដឹងច្បាស់ ១០០% ថាអ្នកចង់ធ្វើអ្វីនៅអាយុ ២៣ ឆ្នាំទេ។ អ្នកអាចសាកល្បងនេះ សាកល្បងនោះបាន។ ប៉ុន្តែនៅពេលចូលដល់វ័យ ៣០ ឆ្នាំ អ្នកគួរតែយកបទពិសោធន៍ និងជំនាញទាំងអស់ដែលបានរៀននៅវ័យ ២០ ឆ្នាំ មកបង្កើតជាអាជីព ឬអាជីវកម្មជាក់លាក់មួយ។

៤. បរាជ័យគឺជាមេរៀន៖ មើលគំរូរបស់ Steve Jobs។ គាត់ត្រូវបានគេបណ្តេញចេញពីក្រុមហ៊ុន Apple ដែលគាត់បង្កើតផ្ទាល់ដៃ។ បន្ទាប់មកគាត់ទៅបង្កើតក្រុមហ៊ុន NeXT ប៉ុន្តែក៏បរាជ័យទៀត។ ទោះជាយ៉ាងណា បទពិសោធន៍បរាជ័យទាំងនោះហើយដែលបង្រៀនគាត់ឱ្យចេះគ្រប់គ្រងមនុស្ស និងយល់ពីការរចនាកាន់តែច្បាស់។ នៅពេលគាត់ត្រឡប់មក Apple វិញនៅវ័យ ៤០ ឆ្នាំ គាត់បានក្លាយជាអ្នកដឹកនាំដែលខ្លាំងជាងមុន។ នេះចង់បង្ហាញថាផ្លូវនៃជោគជ័យមិនមែនជាបន្ទាត់ត្រង់ទេ វាមានឡើងមានចុះ។

សរុបមក Robert Greene ចង់ប្រាប់ថា៖ “កុំខ្ជះខ្ជាយវ័យ ២០ ឆ្នាំរបស់អ្នក”។ ប្រើប្រាស់វាដើម្បីស្វែងរកខ្លួនឯង រៀនជំនាញឱ្យបានច្រើន និងហ៊ានបរាជ័យ។ នៅពេលដែលអ្នកចូលដល់វ័យ ៣០ ឆ្នាំ អ្នកនឹងមានអាវុធគ្រប់គ្រាន់នៅក្នុងដៃដើម្បីកសាងអនាគតដែលអ្នកចង់បាន។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ