គោលការណ៍ចែក​រំលែក​បទពិសោធន៍ជាមួយគំនិត

សម្រាប់ គំនិត យើង​ជឿជាក់លើ​ការចែករំលែក​ពី​អ្វីដែលថ្មីៗ​ និង​អ្វី​ដែល​អាច​ផ្តល់ដល់អាជីវកម្ម ​ពីសំណាក់​មនុស្ស​គ្រប់រូប​ដែលមានបទពិសោធន៍ជាក់ស្តែង។ ប្រសិនបើស្ថាប័ន​គ្រប់រូប​អាចធ្វើការឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ប្រសិនបើថ្នាក់ដឹកនាំ​មានការសម្រេច​ចិត្តល្អ ប្រសិនបើ​មនុស្ស​អាចធ្វើការ​មានប្រសិទ្ធផលខ្ពស់ យើងខ្ញុំជឿជាក់ថា​ទាំង​បុគ្គលិក ម្ចាស់អាជីវកម្ម អតិថិជន គ្រួសាររបស់យើង​ និង​មនុស្ស​គ្រប់រូបដែលទទួលឥទ្ធិពលតិចឬច្រើនពីអាជីវកម្មនេះ នឹងទទួលបាន​ផលប្រសើរជា​មិនខាន។ ហេតុនេះហើយ យើងខ្ញុំព្យាយាម​ឱ្យអស់ពីកម្លាំងកាយចិត្តដើម្បី​​ឱ្យ​មិត្តអ្នកអាន​របស់ គំនិត​វិវឌ្ឍ​កាន់តែឆ្លាតជាងមុន មានភាព​ច្នៃ​ប្រឌិតជាង​​មុន និង​ស្រឡាញ់ការងារ និង​អ្វីដែលខ្លួនធ្វើកាន់តែប្រសើរជាងមុន។ ហើយ​ដើម្បីទទួលបាន​លទ្ធផលខាងលើ​នេះ យើងខ្ញុំស្វាគមន៍​ដោយក្តីរីករាយ​ពីសំណាក់អ្នកជំនាញគ្រប់រូប​ចែករំលែកនូវបទពិសោធន៍ល្អ ការអនុវត្តន៍ល្អៗ ចំណេះដឹងថ្មីៗពីបច្ចេកវិទ្យា និងឧបករណ៍បច្ចេកវិទ្យាទាំងឡាយណាដែលមានប្រយោជន៍ដល់ពិភពធុរកិច្ច ដើម្បីចូលរួម​លើកស្ទួយ និង​ជម្រុញ​ឱ្យការធ្វើធុរកិច្ច​ និងអាជីវកម្ម​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធផលខ្ពស់ មាន​ការប្រកួតប្រជែង និង​មាន​លក្ខណៈជាប្រព័ន្ធដើរទាន់​សម័យ​កាលបច្ចេកវិទ្យាបច្ចុប្បន្ន។ យើងខ្ញុំ​ នឹងធ្វើការ​សម្រិត​សម្រាំង​ និងកែសម្រួលការចែករំលែកទាំងនោះដើម្បី​ជាប្រយោជន៍ និងជា​ផល​សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ព្រមទាំង​អ្នកជំនាញ​ផ្សេងៗនៅក្នុងវិស័យធុរកិច្ចនេះ។

បច្ចុប្បន្ននេះ គំនិត ផ្តោតទៅលើ​ប្រធានធុរកច្ចសំខាន់ៗដូចជា យុទ្ធសាស្ត្រធុរកិច្ច យុទ្ធសាស្ត្រទីផ្សារ ការគ្រប់គ្រងមនុស្ស យុទ្ធសាស្ត្រ​លក់ នវានុវត្ត ភាពច្នៃប្រឌិត ការសម្រេចចិត្ត ហិរញ្ញវត្ថុ និងការធ្វើការងារជាក្រុម។ យើងខ្ញុំមានទាំងអត្ថបទប្រភេទខ្លី និងវែង ការប្រើប្រាស់រូបភាព​ និងក្នុងឆ្នាំនេះ​នឹងមានការបង្កើត​ជាវីដេអូ។ សរុបជារួម គឺយើងព្យាយាម​ប្រើប្រាស់គ្រប់មធ្យោបាយដើម្បីឱ្យការចែករំលែក​គំនិត និង​ការអនុវត្តទាំងអស់​មានប្រសិទ្ធភាព​ខ្ពស់។

ខាងក្រោមនេះគឺជា​អ្វីដែល គំនិត ចង់បានពីអ្នកដែលចង់ចូលរួមចែករំលែក៖

១. ជំនាញពិត​ប្រាកដៈ អ្នកទាំងអស់គ្នា​មិនចាំបាច់ទាល់តែជាអ្នកល្បីនោះទេ តែ​អ្នកទាំងអស់គ្នាដែលចង់ចូលរួមចែករំលែកគ្រាន់តែដឹង​រឿងរ៉ាវច្រើនពីអ្វីដែលខ្លួនចង់ចែករំលែក ឬ​ទទួលបានការណែនាំផ្ទាល់ពីអ្នកដែលមានជំនាញអំពីអ្វីដែលអ្នកចង់ចែករំលែក។

២.អំណះអំណាងៈ គ្រាន់តែដឹងពី​រឿងរ៉ាវនៃជំនាញទាំងនោះច្រើនគឺមិនទាន់គ្រប់គ្រាន់នោះទេ ប្រសិនបើអ្នក​មានអំណះអំណាង​ទៅកាន់អ្នកអានបាននោះកាន់តែប្រសើរ ដោយមាន​ជាទិន្នន័យយោង ឬព័ត៌មានយោង ឬឧទាហរណ៍ជាក់ស្តែង។

៣. ជាអត្ថបទដើមៈ អត្ថបទដែលចែករំលែក​គឺត្រូវតែជាអត្ថបទដែលសរសេរដោយអ្នកផ្ទាល់ និងមិនមានការ​ចម្លង ឬបង្ហោះ ឬបោះពុម្ភនៅកន្លែងណាផ្សេង។ គំនិតនៅអត្ថបទ​នោះ គួរជាគំនិតដើមមួយមិនចម្លងគេ ឬប្រសិន​បើមានការដកស្រង់ត្រូវមានបញ្ចាក់ប្រភពច្បាស់លាស់។

៤. ដែលផ្តល់ជាប្រយោជន៍ៈ ភាគច្រើនអ្នកដែល​ចូលមកអាននៅគំនិត សុទ្ធតែជាអ្នកនៅក្នុងវិស័យធុរកិច្ច​ដែលចង់បង្កើនចំណេះ និងពង្រឹងសមត្ថភាពឱ្យទាន់សម័យកាល និងដើម្បីឱ្យមានការប្រកួតប្រជែងខ្ពស់។ ប្រសិន​បើអ្នកអាច​ចែករំលែកចំណេះដឹង ឬគន្លឹះណាមួយដែលអាច​ឱ្យពួកគាត់យកទៅអនុវត្តបាននោះ វាពិតជា​ប្រសើរ និងមានសារៈប្រយោជន៍បំផុត។

៥. អត្ថបទដែលងាយស្រួលអាន ខ្លី និងខ្លឹមៈ  ប្រិយមិត្ត គំនិត ភាគច្រើន​ជាអ្នករវល់ច្រើន និងមានភាពបទពិសោធន៍ខ្លះៗនៅក្នុងវិស័យ​របស់ខ្លួន។ ដូចនេះហើយ រាល់អត្ថបទដែលអ្នកចែករំលែកគួរតែមានភាពទាក់ទាញខ្លាំង​និងមាន​ប្រយោជន៍ដល់ពួកគាត់ និងនិយាយចំចំណុច។

ការបោះពុម្ភផ្សាយ៖

រាល់ការចង់ចែករំលែក​ទាំងអស់អាច​ធ្វើការទំនាក់ទំនងផ្ទាល់មកកាន់ គំនិត តាមរយៈអ៊ីម៉ែល យើងនឹងធ្វើការពិនិត្យ និងកែសម្រួលមុននឹងចុះផ្សាយ។ ពួកយើងផ្តោតទៅលើគុណភាព​នៃអត្ថបទ ឬ​ការចែករំលែកផ្សេងៗមុននឹងធ្វើការចេញផ្សាយ។ ដូចនេះ ការចែករំលែកមួយចំនួននឹងអាចសំណូមពរ​ឱ្យមានការកែតម្រូវខ្លះៗ សម្រាប់ការចេញផ្សាយនៅគំនិត។

ការងារចែករំលែកនេះគឺប្រៀបបីដូចជាការងារសង្គមមួយដើម្បីរួមចំណែក​អភិវឌ្ឍ និងកសាងភាព​ប្រកួតប្រជែងនៅក្នុងពិភពធុរកិច្ច និងធនធានមនុស្សរបស់កម្ពុជា។ ដូចនេះ សម្រាប់អ្នកដែលបានចែករំលែកទាំងអស់ គំនិត នឹងព្យាយាមធ្វើការផ្សព្វផ្សាយ និងធ្វើទីផ្សារលើជំនាញឱ្យអ្នកដែលមានបេះដូងចែករំលែក ដើម្បីឱ្យមនុស្សទូទៅ​ស្គាល់ និងជួយកសាងម៉ាកសញ្ញា​ផ្ទាល់វិជ្ជមានមួយសម្រាប់អ្នកចែករំលែកដូចជាអ្នក។

ហាក់ គីមថុង
ស្ថាបនិក គំនិត
Email: editorial@kumnit.com
Website: https://www.kumnit.com