លោក Elon Musk បានព្យាករណ៍ថា មនុស្សយន្តនឹងមានភាពល្អប្រសើរជាងគ្រូពេទ្យវះកាត់ឆ្នើមបំផុតក្នុងរយៈពេលប្រហែល 5 ឆ្នាំខាងមុខនេះ។ ដោយ Elon Musk បានធ្វើការអះអាងនៅលើកម្មវិធី X ដោយនិយាយថា ក្នុងពេលឆាប់ៗនេះ សមត្ថភាពមនុស្សយន្តនឹងវ៉ាដាច់គ្រូពេទ្យវះកាត់ធម្មតា និងគ្រូពេទ្យឆ្នើម។
ស្របគ្នានេះដែរ Elon Musk បានបន្ថែមថាក្រុមហ៊ុនរបស់គាត់ Neuralink នឹងប្រើមនុស្សយន្តដើម្បីបញ្ចូលchip ចូលក្នុងខួរក្បាលដោយប្រើកុំព្យូទ័រ ពីព្រោះដំណើរការបែបនេះមនុស្សយន្តអាចធ្វើបានលឿនតាមពេលវេលាកំណត់ និងត្រឹមត្រូវជាងមនុស្ស។
យ៉ាងណាមិញ មនុស្សជាច្រើនតាមអ៊ីនធឺណិតមិនសូវជឿលើការអះអាងយ៉ាងក្លាហានរបស់លោក Musk។ ខណៈអ្នករិះគន់ចោទសួរថាតើមនុស្សយន្តពិតជាអាចគ្រប់គ្រងកិច្ចការដ៏ស្មុគស្មាញបែបនេះក្នុងពេលឆាប់ៗនេះឬទេ ជាពិសេសនៅពេលដែលការវះកាត់តែងតែទាមទារការវិនិច្ឆ័យយ៉ាងប្រុងប្រយ័ត្ន។ ទោះបីជាមានការសង្ស័យក៏ដោយ លោក Musk នៅតែឈរលើការព្យាករណ៍របស់គាត់ថា ការវះកាត់មនុស្សយន្តនឹងមានការរីកចម្រើននាពេលអនាគត។