spot_img
spot_img
HomeទូទៅEQ នឹង IQ

EQ នឹង IQ

-

EQ រឺ IQ

IQ (Intelligence Quotient) ដែល​ប្រែថា​ជា កំរិត​បញ្ញា គឺ​ជា​រង្វាស់​បញ្ញាម្យ៉ាង ។ IQ ជា​តេស្ត​ស្តង់ដា​ ដែល​មាន​ពិន្ទុ​មេដ្យាន 100 និង គំលាត​ស្តង់ដា 15 ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស្ទង់​មើល​ប្រាជ្ញា​មនុស្ស ។ វា​ជា​រង្វាស់​សមត្ថភាព​ក្នុង​ការ​យល់​ដឹង​ ការ​ប្រើប្រាស់​ចំណេះ​ អនុវត្ត​ដើម្បី​សម្របសម្រួល និង​គ្រប់គ្រង​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន រឺ​សមត្ថភាពក្នុង​ការ​​គិត​​ជា​អរូបី តក្កៈ និង​ការ​វិនិច្ឆ័យ​ជាដើម ។

ឯ​ EQ (Emotional Quotient) ដែល​ប្រែ​ថា​ កំរិតអារម្មណ៍​ គឺ​ជា​រង្វាស់​បញ្ញានៃ​អារម្មណ៍ រឺ​សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់​ទាំង​អារម្មណ៍ និង​ចំណេះដឹង​ នៅ​ក្នុង​ជីវិត ។ វា​គឺ​ជា​វិធី​មួយ​ក្នុង​ការ​ស្ទង់​មើល​ភាព​ជោគជ័យ​របស់​មនុស្ស​ក្នុង​ជីវិត ។ ឃ្លា​នេះ​ត្រូវ​បាន​គេ​បង្កើត​ឡើង និង​ប្រើប្រាស់​ដំបូង​បង្អស់ក្នុង​ទសវត្ស​ឆ្នាំ 1980 ហើយ​វាបញ្ជាក់​ថា​ EQ មាន​តម្លៃ​ដូច​ IQ ដែរ ។ គេ​តែង​តែនិយាយ​ថា EQ នាំ​ឲ្យ​យើង​ជោគជ័យ​ក្នុង​ជីវិត ឯ​ IQ នាំ​ឲ្យ​យើង​ជោគជ័យ​ក្នុង​សាលារៀន​ ។

ទោះ​បី​ជា IQ អាច​បញ្ជាក់​ពីពាក្យ​នានា​ដូចជា ការ​រក​ហេតុផល​តក្កៈ ចំណេះ​ពាក្យ​ពេចន៍ និងសមត្ថភាព​គណិតវិទ្យា​យ៉ាង​ណា​ក៏​ដោយ អ្នក​ខ្លះ​នៅ​តែយល់​ថា​វា​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ក្នុង​ការ​ស្ទង់​សមត្ថភាព​ច្នៃប្រឌិត រឺ​សមត្ថភាព​អារម្មណ៍ ។ ជា​ការ​ពិត អ្នក​ជា​ច្រើន​ដែល​មាន​ IQ ខ្ពស់​គឺ​ហាក់​ដូច​ជា​មិន​សូវ​ប៉ិនប្រសប់​ក្នុង​ការ​ថែទាំ​ទំនាក់ទំនងឡើយ ។

អ្នក​គួរ​តែ​អាច​យល់​អំពី​ភាព​ខុស​គ្នា​រវាង​ EQ នឹង IQ បាន​កាន់​តែ​ច្បាស់​ជាមួយ​ឧទាហរណ៍​ខាង​ក្រោម​នេះ ៖

សេដ្ឋា​មាន​ IQ ខ្ពស់ ។ គេ​អាចមាន​ហេតុ​ផល​ត្រឹមត្រូវ ចេះ​វិនិច្ឆ័យ​ប្រកប​ដោយ​តក្កៈ និង​អាច​ផ្តោត​ខ្លាំង​ទៅ​លើ​ការងារ​ចំពោះ​មុខ ។ គេ​រៀន​ឆាប់​ចេះ​ចាំ​រហ័ស​នូវ​អ្វី​ដែល​ថ្មី ។ ប៉ុន្តែ​គេមិន​អើពើ​ពី​អារម្មណ៍​ខ្លួន​ឯង​ រឺ​អ្នក​ដទៃ​ឡើយ ។ បើ​ការងារ​មិន​សម្រេច​ដូច​ដែល​គេ​ចង់​បាន​នោះ​ទេ គេ​នឹង​ចាប់​ខឹង​សម្បារ ហើយ​ស្រែក​ឡួឡារ​រក​រឿង​អ្នក​ដទៃ ។ គេ​មិន​អាច​ភ្ជាប់​ខ្លួន​គេ​ទៅ​អ្នក​ដទៃ រឺ​ធ្វើ​ជា​មិត្តភក្តិ​ជាមួយ​នរណា​ដែល​មិន​ឆ្លាត​ខ្លាំង​ដូច​គេ​បាន​ឡើយ ។​ លើស​ពី​នោះ​គេ​មិន​យល់​ចិត្ត​អ្នក​ដទៃ​សោះ​ឡើយ ។ នេះ​កំរិត​សមត្ថភាព​របស់​គេ​នៅ​ក្នុង​ក្រុម ទោះ​បី​ជា​គេ​មាន​ IQ ខ្ពស់​ក៏​ដោយ ។

នេះ​ជា​ឧទាហរណ៏​មូយ​ដែល​បង្ហាញ​អំពី​អ្នក​ដែល​មាន​ IQ ខ្ពស់ តែមាន ​EQ ទាប ។ វា​ជា​ឧទាហរណ៏​មួយ​ដែល​ស្តាប់​ទៅ​ដូច​ជា​ការ​ពិត តែ​វា​សម្បូរ​លើស​ពី​យើងគិត​ដល់ ។ អ្នក​អាច​ដឹង​បាន​ដោយ​ធ្វើ​ការ​សង្កេត​អំពី​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក ។

ដូច​បាន​បង្ហាញ​ក្នុង​ឧទាហណ៍​ខាង​លើ បញ្ញា​នៃ​អារម្មណ៍ ផ្គុំ​ឡើង​ពី​ធាតុ​ជា​ច្រើន​ដែល​ត្រូវការ​សម្រាប់​គ្រប់គ្រង​អារម្មណ៍​ និង​អាកប្បកិរិយា​ខ្លួន​ឯង​​ និងទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ជា​ពិសេសគឺ ការ​ស្គាល់​ខ្លួន​ឯង (Self-awareness) ការ​ដាក់​បទបញ្ជា​ខ្លួន​ឯង (Self-regulation) ការ​យល់​ចិត្ត​អ្នក​ដទៃ (Empathy) ការ​ជំរុញ​ទឹក​ចិត្ត (Motivation) និង​ភាព​ប៉ិនប្រសប់​ក្នុងចំនង​​ទំនាក់ទំនង (Adeptness in relationships) ជា​ហេតុ​ធ្វើ​ឲ្យ​ បញ្ញា​នៃ​អារម្មណ៍​មាន​សារសំខាន់​ណាស់​សម្រាប់​ភាព​ជា​អ្នក​ដឹកនាំ​ប្រកប​ដោយ​ប្រសិទ្ធិភាព ជា​ពិសេស​សម្រាប់​តំណែង​កាន់​តែ​ខ្ពស់។

តែ​សូម​អ្នក​កុំ​អស់​សង្ឃឹម​ ពី​ព្រោះ​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ ខុស​ពី​ IQ ដែល​មិន​ប្រែប្រួល  EQ អាច​អភិវឌ្ឍ​បាន​តាម​រយៈ​ការបំប៉ន និង​ការ​វឹកហាត់ ។

ដូចនេះ បើ​អ្នក​ជា​អ្នក​ដឹកនាំ​ម្នាក់​ រឺ​ក៏​អ្នក​ចង់ក្លាយ​ជា​អ្នក​ដឹកនាំ​មួយ​រូប​ដ៏​ពូកែ អ្នក​គួរ​តែ​ចាប់​ផ្ដើម​សង្កេត​មើល​ និង​អភិវឌ្ឍ EQ របស់​អ្នក​ឲ្យ​បាន​ឆាប់​កាល​ណា​កាន់​តែ​ល្អ ។

 

ឯកសារ​យោង៖

http://www.frugalmarketing.com/dtb/eq-iq.shtml

http://www.wisegeek.com/what-is-the-difference-between-eq-and-iq.htm

http://psychology.about.com/od/personalitydevelopment/a/emotionalintell.htm

https://www.peakpathways.com/Assessments/

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ