Home ទូទៅ ទោះជីវិតសុខសាន្តហើយ ក៏ត្រូវចាំឃ្លាទាំងនេះទុក

ទោះជីវិតសុខសាន្តហើយ ក៏ត្រូវចាំឃ្លាទាំងនេះទុក

ការគ្រោះថ្នាក់បំផុតនៅពេលអ្វីៗដំណើរការល្អ យើងងាយនឹងភ្លេចខ្លួន ឈប់ខំប្រឹង និងឈប់ប្រុងប្រយ័ត្ន។ ដូចនេះដើម្បីរក្សាសេចក្តីសុខឱ្យបានយូរអង្វែង និងត្រៀមខ្លួនជានិច្ច សូមចងចាំ ៤ ឃ្លានេះទុកក្នុងចិត្ត ទោះបីជាពេលនេះអ្នកកំពុងជោគជ័យ ឬសប្បាយចិត្តខ្លាំងប៉ុណ្ណាក៏ដោយ៖

១. «រឿងនេះក៏នឹងកន្លងផុតទៅដែរ»
ឃ្លានេះមិនមែនប្រើតែពេលទុក្ខទេ តែត្រូវប្រើពេលសុខដូចគ្នា។ ព្រោះថាភាពជោគជ័យ លុយកាក់ ឬការសប្បាយដែលអ្នកកំពុងមាននៅថ្ងៃនេះ គឺមិនស្ថិតស្ថេររហូតទេ។ ដូចនេះ ចូរចងចាំឃ្លានេះ ដើម្បីកុំឱ្យអ្នក «អំនួត» ឬ ជាប់ជំពាក់នឹងសេចក្តីសុខខ្លាំងពេក។ រីករាយនឹងបច្ចុប្បន្ន ប៉ុន្តែកុំបាក់ទឹកចិត្តនៅពេលដែលវាប្រែប្រួលនៅថ្ងៃស្អែក។

២. «ចូរដាក់ខ្លួនឱ្យទាបនៅពេលឡើងខ្ពស់ ព្រោះអ្នកអាចនឹងជួបពួកគេម្ដងទៀតនៅពេលធ្លាក់ចុះ»
ជីវិតប្រៀបដូចជាកង់រទេះដែលវិលជុំ។ ថ្ងៃនេះអ្នកនៅលើ ថ្ងៃស្អែកអ្នកអាចនឹងនៅក្រោមក៏ថាបាន។ ដូចនេះកុំដុតស្ពានចាស់ចោល កុំមើលងាយអ្នកក្រ ឬអ្នកទន់ខ្សោយជាងខ្លួន នៅពេលដែលអ្នកមានអំណាច។ អ្នកគួររក្សាទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នា ព្រោះមនុស្សដែលអ្នកជួយនៅថ្ងៃនេះ អាចជាមនុស្សដែលជួយសង្គ្រោះអ្នកនៅថ្ងៃមុខ។

៣. «ដំបូលផ្ទះដែលរឹងមាំ គេជួសជុលនៅពេលមេឃស្រឡះ»
កុំរង់ចាំទាល់តែព្យុះមកដល់ ទើបភ័យរកកន្លែងជ្រក។ នេះមានន័យថាពេលវេលាដែលអ្នកមានលុយ និងមានសុខភាពល្អ គឺជាពេលវេលាដ៏ល្អបំផុតដើម្បីបង្កើត «សំណាញ់សុវត្ថិភាព»។ ដូចនេះកុំទម្លាប់ចាយលុយអស់ៗ ដោយគិតថាខ្លួនកំពុងរកបាន។ អ្នកគួរឆ្លៀតពេលដែលជីវិតកំពុងរលូន គួរតែសន្សំប្រាក់ ទិញធានារ៉ាប់រង និងពង្រឹងសមត្ថភាពបន្ថែម។ល។

៤. «អ្នកមិនមែនជាអ្វីដែលអ្នកមាននោះទេ»
ថ្ងៃណាមួយបើឡាន ផ្ទះ ឬតំណែងរបស់អ្នកបាត់បង់ទៅ តើអ្នកនៅសល់អ្វី? អត្ថន័យគឺថា កុំយកតម្លៃខ្លួនឯងទៅចងជាប់នឹងសម្ភារៈក្រៅខ្លួន។ បើអ្នកមានតម្លៃត្រឹមតែអ្វីដែលអ្នកមាន នោះពេលរបស់អស់ អ្នកក៏អស់តម្លៃ។ ដូចនេះ កសាង «ចរិតលក្ខណៈ» និង «ចំណេះដឹង» ឱ្តរឹងមាំ។ ទោះបីជាអ្នកបាត់បង់ទ្រព្យសម្បត្តិទាំងអស់ ក៏គ្មាននរណាអាចយកចំណេះដឹង និងសេចក្តីល្អចេញពីខ្លួនអ្នកបានដែរ ហើយអ្នកអាចសាងសង់អ្វីៗឡើងវិញបានគ្រប់ពេល។

សរុបមក ការចងចាំឃ្លាទាំងនេះ មិនមែនដើម្បីឱ្យអ្នកកើតទុក្ខទេ តែដើម្បីឱ្យអ្នកក្លាយជា «មនុស្សដែលមានសតិ» ក្រើនរំលឹកខ្លួនឯងជានិច្ច។ សុខសាន្ត តែមិនប្រមាទ ជោគជ័យ តែនៅតែដាក់ខ្លួន។​​ល។​ នេះគឺជាគន្លឹះនៃការរស់នៅដែលរឹងមាំ និងមានតុល្យភាពបំផុត។