spot_img
spot_img
Homeហិរញ្ញវត្ថុចំណេះដឹងហិរញ្ញវត្ថុ ដែលមិនមាននរណាប្រាប់អ្នកពីមុន

ចំណេះដឹងហិរញ្ញវត្ថុ ដែលមិនមាននរណាប្រាប់អ្នកពីមុន

-

មនុស្សភាគច្រើនគិតថាដើម្បីក្លាយជាអ្នកមាន គេត្រូវការប្រាក់ខែខ្ពស់ ឬមានចំណេះដឹងផ្នែកហិរញ្ញវត្ថុស្មុគស្មាញ។ ប៉ុន្តែ Nischa អតីតអ្នកធនាគារវិនិយោគ បានបង្ហាញថា តាមពិតទៅអ្នកគ្រាន់តែត្រូវការ “ផែនទីបង្ហាញផ្លូវ” ដ៏សាមញ្ញមួយ និងការតាំងចិត្តដើម្បីអនុវត្តតាមវាប៉ុណ្ណោះ។ នេះជាយុទ្ធសាស្ត្រមាស ៥ ចំណុចដែលអ្នកត្រូវដឹង។

១. យល់ច្បាស់ពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន 

អ្នកមិនអាចទៅដល់គោលដៅបានទេ បើគ្មានផែនទីហិរញ្ញវត្ថុច្បាស់លាស់។ ដូច្នេះ អ្នកត្រូវដឹងពីរឿងសំខាន់ ២ យ៉ាង៖ ១. ទ្រព្យសម្បត្តិពិតប្រាកដ៖ យកទ្រព្យទាំងអស់ដែលមាន ដកបំណុលចេញ។ ២. លំហូរសាច់ប្រាក់៖ ពិនិត្យមើលថា តើចំណូលរបស់អ្នកច្រើនជាងចំណាយដែរឬទេ? បើចប់មួយឆ្នាំ អ្នកគ្មានប្រាក់សល់ មានន័យថាការគ្រប់គ្រាន់ហិរញ្ញវត្ថុរបស់អ្នកមានបញ្ហា។

២. ការគ្រប់គ្រងបំណុល

ការគ្រប់គ្រងបំណុលត្រូវចេះបែងចែកឱ្យដាច់រវាង៖

  • បំណុលល្អ៖ បំណុលដែលបង្កើតចំណូលបន្ថែម។

  • បំណុលអាក្រក់៖ បំណុលដែលដកលុយចេញពីហោប៉ៅ។

វិធីសាស្ត្រសងបំណុលមាន ២ បែប៖ ១. វិធី Avalanche (ចំណេញលុយ)៖ សងបំណុលណាដែលមាន ការប្រាក់ខ្ពស់បំផុត មុនគេ។ ២. វិធី Snowball (កម្លាំងចិត្ត)៖ សងបំណុលណាដែលមាន ចំនួនតិចបំផុត មុនគេ ដើម្បីឱ្យមានអារម្មណ៍ថាអ្នកជិតសងបំណុលអស់ហើយ។

៣. កំណត់គោលដៅហិរញ្ញវត្ថុតាមពេលវេលា

លុយគួរត្រូវបានចាត់ចែងទៅតាមគោលដៅពេលវេលាខុសៗគ្នា។ សម្រាប់ “រយៈពេលខ្លី” (ក្រោម ៥ ឆ្នាំ) អ្នកគួរទុកលុយក្នុងគណនីសន្សំដែលមានសុវត្ថិភាពសម្រាប់ករណីបន្ទាន់។ សម្រាប់ “រយៈពេលមធ្យម” (៥-១៥ ឆ្នាំ) អ្នកគួរចាប់ផ្តើមវិនិយោគខ្លះដើម្បីការពារកុំឱ្យលុយចុះថ្លៃដោយសារអតិផរណា។ ដោយឡែកសម្រាប់ “រយៈពេលវែង” (លើសពី ១៥ ឆ្នាំ) ដូចជាការចូលនិវត្តន៍ អ្នកចាំបាច់ត្រូវវិនិយោគក្នុងភាគហ៊ុន ឬអចលនទ្រព្យ ដើម្បីឱ្យលុយរបស់អ្នកកើនឡើងជាលំដាប់តាមរយៈការប្រាក់ត្រួតគ្នា។

៤. ច្បាប់នៃការចាយវាយ ៥០/៣០/២០

ដើម្បីមានតុល្យភាពក្នុងជីវិត អ្នកគួរអនុវត្តរូបមន្តបែងចែកចំណូលជាបីផ្នែក។ ៥០% នៃចំណូលត្រូវទុកសម្រាប់តម្រូវការចាំបាច់ដូចជា ថ្លៃផ្ទះ និងអាហារ។ ៣០% ទុកសម្រាប់ការសប្បាយផ្ទាល់ខ្លួន ដូចជាការដើរលេង ឬញ៉ាំអាហារខាងក្រៅ។ ចំណែកឯ ២០% ចុងក្រោយគឺជាចំណែកសំខាន់បំផុតសម្រាប់ “ខ្លួនអ្នកនៅថ្ងៃអនាគត” ដែលរួមមានការសន្សំ ការវិនិយោគ និងការសងបំណុល ដើម្បីធានាថាអ្នកមានសេរីភាពហិរញ្ញវត្ថុនៅថ្ងៃមុខ។

៥. ការទិញឡាន និងផ្ទះ

  • ឡាន: ប្រើច្បាប់ ២០/៤/១០ (បង់មុន ២០%, ខ្ចីមិនលើសពី ៤ ឆ្នាំ, ចំណាយប្រចាំខែមិនលើសពី ១០% នៃចំណូល)។ វិធីល្អបំផុតគឺទិញឡានមួយទឹកដោយលុយសុទ្ធ។
  • ផ្ទះ: ការទិញផ្ទះមិនមែនតែងតែល្អជាងជួលទេ។ ត្រូវគិតពី “ថ្លៃបាត់បង់” ដូចជាពន្ធ ថ្លៃជួសជុល និងការប្រាក់ធនាគារ។ ប្រសិនបើលុយដែលយកទៅទិញផ្ទះ អាចយកទៅវិនិយោគបានចំណេញជាង នោះការជួលអាចជាជម្រើសល្អជាង។

ចូរចាប់ផ្តើមថ្ងៃនេះដោយការធ្វើតារាងចំណូលចំណាយ និងកំណត់គោលដៅជីវិតឱ្យច្បាស់លាស់ នោះអ្នកនឹងអាចកសាងសេរីភាពហិរញ្ញវត្ថុបានដូចអ្នកមានបាន នាពេលខាងមុខ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ