ហុងកុង៖ សេវាប្រៃសណីយ៍របស់ហុងកុងនឹងបញ្ឈប់ការចាត់ចែងកញ្ចប់ដែលត្រូវទៅ ឬមកពីសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ ចំណាត់ការនេះគឺជាការប្រតិកម្មចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបញ្ចប់ច្បាប់ដែលអនុញ្ញាតឱ្យការដឹកជញ្ជូនទំនិញតូចៗមានតម្លៃ 800 ដុល្លារ ឬតិចជាងនេះពីហុងកុងចូលសហរដ្ឋអាមេរិកដោយមិនគិតថ្លៃបន្ថែម។ ប៉ុន្តែឥឡូវនេះ សូម្បីតែកញ្ចប់តូចៗពីហុងកុងក៏ត្រូវបង់ថ្លៃនាំចូលខ្ពស់នៅពេលចូលសហរដ្ឋអាមេរិក។
ជាការសងសឹកលើបញ្ហានេះចាប់ពីថ្ងៃទី 27 ខែមេសា សេវាប្រៃសណីយ៍របស់ហុងកុងនឹងលែងទទួលយកទំនិញនាំចេញ នាំចូលតាមផ្លូវទឹក ឬគោកពីសហរដ្ឋអាមេរិកទៀតហើយ។ លើកលែងតែឯកសារដូចជាលិខិត ឬសំបុត្រនៅតែត្រូវបានទទួលយក។
នេះមានន័យថាប្រជាជននៅហុងកុងនឹងត្រូវប្រើប្រាស់សេវាកម្មក្រុមហ៊ុនដឹកជញ្ជូនឯកជនដូចជា DHL, FedEx, ឬ UPS ដែលមានតម្លៃថ្លៃជាងសេវាប្រៃសណីយ៍ធម្មតា។
ច្បាប់ថ្មីរបស់លោក Trump មានគោលបំណងគិតពន្ធខ្ពស់លើទំនិញពីប្រទេសចិន និងហុងកុង ដែលពីមុនទទួលបានអត្ថប្រយោជន៍ពាណិជ្ជកម្មពិសេស តែឥឡូវនេះ លោកបានលុបច្បាប់ទាំងនោះចោល។ ដែលនេះគឺជាផ្នែកមួយនៃជម្លោះពាណិជ្ជកម្មកាន់តែធំរវាងអាមេរិក និងចិន។ មេដឹកនាំហុងកុងបាននិយាយថា សហរដ្ឋអាមេរិកកំពុងប្រើប្រាស់ពាណិជ្ជកម្មដើម្បីវាយប្រហារ ហើយប្រទេសចិន និងហុងកុងក៏គ្រោងនឹងដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកចំពោះបញ្ហាទាំងនេះផងដែរ។