ដំណើរដើមទងនៃក្រុមហ៊ុន Alibaba គឺជាប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយដែលបានចាប់ផ្ដើមឡើងក្នុងឆ្នាំ ១៩៩៩ ដោយលោក Jack Ma នៅក្នុងបន្ទប់ផ្ទះល្វែងតូចមួយ រហូតរីកចម្រើនក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស និងជាមហាអំណាចពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំបំផុតមួយលើពិភពលោក។ ភាពជោគជ័យនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រក្នុងឆ្នាំ ២០១៤ ជាមួយនឹងការបោះផ្សាយមូលបត្រលក់ជាសាធារណៈ (IPO) ដ៏ធំបំផុតមិនធ្លាប់មាន ដោយប្រមូលទុនបានដល់ទៅ ២៥ ពាន់លានដុល្លារ។
អ្វីដែលជាឆ្អឹងខ្នងនៃប្រភពចំណូលដ៏មហាសាលរបស់ក្រុមហ៊ុននេះ គឺចំណូលជាង ៥០% ដែលបានមកពីការលក់ទំនិញអនឡាញក្នុងស្រុកតាមរយៈ Taobao និង T-Mall។ ចំណុចដ៍សំខាន់នៃយុទ្ធសាស្ត្ររកប្រាក់របស់ពួកគេ គឺមិនមែនគ្រាន់តែលក់ទំនិញនោះទេ ប៉ុន្តែគឺរកលុយបានយ៉ាងច្រើនពីការគិតថ្លៃផ្សាយពាណិជ្ជកម្ម និងកម្រៃជើងសារពីអ្នកលក់។ ថែមពីនេះ ចំណុចដែលធ្វើឱ្យអាលីបាបាកាន់តែមានឥទ្ធិពល គឺការកសាងប្រព័ន្ធអេកូឡូស៊ីដ៏ធំសម្បើម ដែលប្រៀបដូចជាការរួមបញ្ចូលគ្នារវាង Amazon, PayPal, Google និង Netflix បញ្ចូលគ្នាតែមួយ។ អាជីវកម្មរបស់ពួកគេបានគ្របដណ្ដប់ស្ទើរគ្រប់វិស័យ ចាប់តាំងពីសេវាកម្មដឹកជញ្ជូន វិស័យភាពយន្ត រហូតដល់សេវាកម្ម Cloud ដែលធំជាងគេបំផុតនៅក្នុងប្រទេសចិន។
យ៉ាងណាមិញ ក្នុងដំណើរឆ្ពោះទៅមុខ ក្រុមហ៊ុនក៏ធ្លាប់បានជួបប្រទះនូវឧបសគ្គធំៗជាច្រើន ជាពិសេសការត្រូវរដ្ឋាភិបាលចិនពិន័យជាទឹកប្រាក់ ២.៨ ពាន់លានដុល្លារ ពាក់ព័ន្ធនឹងច្បាប់ប្រកួតប្រជែង រួមទាំងការប្រជែងយ៉ាងស្វិតស្វាញពីក្រុមហ៊ុនថ្មីៗ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ អាលីបាបាបានព្យាយាមបំបែកក្រុមហ៊ុនជា ៦ ផ្នែក ប៉ុន្តែក្រោយមកក៏បានសម្រេចចិត្តបង្រួមមកវិញ និងធ្វើការផ្លាស់ប្តូរថ្នាក់ដឹកនាំ ដើម្បីពង្រឹងកម្លាំងឡើងវិញ។